October 27, 2017

You are here:
អ្នកបានអស់ឱកាសហើយ

ថ្ងៃ​មួយ ខ្ញុំ​បាន​ស្តាប់​ឮ​ការ​ជជែក​គ្នា ដ៏​គួរ​ឲ្យ​សោក​ស្តាយ។ មាន​មនុស្ស​ពីរ​នាក់​ដែល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ កំពុង​ជជែក​តទល់​គ្នា​អំពី​រឿង​មួយ ដែល​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា។ ម្នាក់​ដែល​មាន​វ័យ​ចាស់​ជាង​ ​ហាក់​ដូច​ជា​អួត​ក្អេង​ក្អាង ខណៈ​ដែល​គាត់​ប្រើ​បទ​គម្ពីរ​ជា​អាវុធ ដើម្បី​កាប់​កញ្ច្រាំ​អ្វី​ដែល​គាត់​យល់​ថា  ជា​ចំណុច​ខុស  នៅ​ក្នុង​ជីវិត​របស់​បុរស​ម្នាក់​ទៀត  ដែល​មាន​វ័យ​ក្មេង​ជាង។ បុរស​ដែល​ក្មេង​ជាង​ហាក់​ដូច​ជា​នឿយ​ណាយ​ ចំពោះ​ការ​បង្រៀន​បែប​នេះ ហើយ​ក៏​នឿយ​ណាយ​ចំពោះ​បុរស​វ័យ​ចាស់​ជាង ព្រម​ទាំង​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។ ​នៅ​ពេល​ដែល​ការ​ជជែក​គ្នា​ឈាន​ដល់​ទី​បញ្ចប់ បុរស​មាន​វ័យ​ចាស់​ជាង​បាន​បញ្ចេញ​មតិ​​ អំពី​ឫក​ពា​របស់​បុរស​វ័យ​ក្មេង​ជាង ​ដែល​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ណែ​នាំ​របស់​គាត់។ គាត់​ចាប់​ផ្ដើម​និយាយ​ថា “ពី​ដើម ឯង​ធ្លាប់​តែ​ចូល​ចិត្ត​ទទួល​ការ​ណែ​នាំ​ណាស់។ តែ​ពេល​នេះ​ ខ្ញុំ​មិន​ដឹង​ថា​ឯង​ចង់​យ៉ាង​ម៉េច​ទៅ​វិញ​ទេ។” បុរស​ក្មេង​ជាង​បាន​តប​វិញ​ថា “អ្នក​មិន​បាន​ស្វែង​រក​ឱកាស​បង្ហាញ​សេចក្តី​ស្រឡាញ់ ចំពោះ​ខ្ញុំ​ទេ។ ចាប់​តាំង​ពី​ពេល​ដែល​អ្នក​បាន​ស្គាល់​ខ្ញុំ​មក អ្នក​គិត​តែ​ពី​ប្រាប់​ខ្ញុំ​ពី​កំហុស​របស់​ខ្ញុំ។ អ្នក​សួរ​ថា ​តើ​ខ្ញុំ​ចង់​យ៉ាង​ម៉េច? គឺ​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ​នៅ​ក្នុង​អ្នក  និង​តាម​រយៈ​អ្នក។” ខ្ញុំ​ក៏​បាន​គិត​ថា បើ​ពាក្យ​នេះ​ត្រូវ​បាន​គេ​និយាយ​មក​កាន់​ខ្ញុំ​វិញ នោះ​ខ្ញុំ​ច្បាស់​ជា​បាក់​មុខ រក​និយាយ​អ្វី​មិន​ចេញ​ទេ។ ខណៈ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​ប្រាប់​ខ្ញុំ​ថា មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​មិន​បាន​ប្រើ​ឱកាស ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​គេ​ទេ។ ហើយ​ខ្ញុំ​បាន​ដឹង​ថា កាល​ពី​មុន មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​បាន​មើល​ឃើញ​ព្រះ​យេស៊ូវ​គង់​នៅ​ក្នុង​ខ្ញុំ។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា យើង​ត្រូវ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដោយ​សារ​សេចក្តី​ស្រឡាញ់​ជំរុញ​ចិត្ត​យើង(១កូរិនថូស ១៣:១-៤)។ នៅ​ពេល​ក្រោយ សូម​យើង​កុំ​ភ្លេច​ឆក់​ឱកាស បង្ហាញ​សេចក្តី​​ស្រឡាញ់​ដល់​អ្នក​ដទៃ​ឡើយ។-RANDY…

Read article