ព្រឹត្តិការណ៍សំខាន់
ខណៈពេលដែលខ្ញុំកំពុងទស្សនា ការបាញ់កាំជ្រួចធំៗ ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យមួយ ក្នុងទីក្រុងខ្ញុំ ខ្ញុំក៏បានជួបការរំខាន។ នៅខាងស្តាំ និងខាងឆ្វេងនៃកន្លែងប្រារព្ធពិធីបុណ្យ មានការបាញ់កាំជ្រួចតូចៗទៅលើមេឃ យូរៗម្តង។ កាំជ្រួចតូចៗទាំងនោះ ក៏ល្អមើលផងដែរ តែបើខ្ញុំមើលពួកវាច្រើនពេក ខ្ញុំអាចភ្លេចមើលផ្ទាំងទស្សនីយភាព ដែលគួរឲ្យចង់ទស្សនាជាង កំពុងបញ្ចេញសម្រស់នៅខាងលើស្រាប់។ ជួនកាល រឿងដែលល្អធ្វើឲ្យយើងងាកចេញពីរឿងដែលល្អជាង។ ការនេះបានកើតឡើង ក្នុងដំណើរជីវិតរបស់នាងម៉ាថា ដូចដែលបានកត់ទុកក្នុងបទគម្ពីរលូកា ១០:៣៨-៤២។ ពេលព្រះយេស៊ូវ និងពួកសាវ័កបានធ្វើដំណើរមកដល់ភូមិបេថានី នាងម៉ាថាក៏បានទទួលស្វាគមន៍ពួកគេឲ្យចូលផ្ទះនាងយ៉ាងកក់ក្តៅ។ ដើម្បីធ្វើជាម្ចាស់ផ្ទះល្អ ត្រូវមាននរណាម្នាក់រៀបចំម្ហូបអាហារ សម្រាប់ភ្ញៀវបរិភោគ។ ពេលនាងម៉ាថាត្អូញត្អែថា នាងម៉ារា ដែលជាប្អូនស្រី មិនជួយកិច្ចការនាង ព្រះយេស៊ូវក៏បានមានបន្ទូលថា ការដែលនាងម៉ារាសម្រេចចិត្តអង្គុយនៅទៀបព្រះបាទទ្រង់ ដើម្បីស្តាប់ព្រះបន្ទូល ជាទង្វើរដ៏ត្រឹមត្រូវ។ តែត្រង់ចំណុចនេះ ព្រះអម្ចាស់មិនបានមានបន្ទូលថា នាងម៉ារាមានជំនឿខ្លាំងជាងនាងម៉ាថាឡើយ។ នៅពេលខ្លះ នាងម៉ាថាហាក់ដូចជាបង្ហាញចេញនូវជំនឿចំពោះព្រះយេស៊ូវ បានច្រើនជាងនាងម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយទ្រង់ក៏មិនបានស្តីបន្ទោសនាងម៉ាថា ដែលកំពុងខ្នះខ្នែងនៅក្នុងការបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់គេគ្រប់គ្នា ក្នុងផ្ទះនោះឡើយ។ ផ្ទុយទៅវិញ ព្រះអម្ចាស់សព្វព្រះទ័យឲ្យនាងម៉ាថាដឹងថា ពេលយើងកំពុងជាប់រវល់ក្នុងការងារបម្រើព្រះ ការស្តាប់ព្រះបន្ទូលទ្រង់ គឺជាផ្នែកដែលសំខាន់ជាងគេ។-Anne Cetas
Read article