អំណោយដ៏ផុយស្រួយ
ពេលខ្ញុំវេចខ្ចប់អំណោយដែលមានភាពផុយស្រួយ ខ្ញុំត្រូវប្រាកដថា នៅសម្បកកញ្ចប់នោះ មានសញ្ញាសំគាល់ដើម្បីឲ្យគេដឹងថា ខាងក្នុងកញ្ចប់មានរបស់ផុយស្រួយ។ ខ្ញុំក៏បានសរសេរអក្សរធំៗពីលើថា “របស់ផុយស្រួយ” ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់ធ្វើឲ្យខូចអំណោយដ៏មានតម្លៃ នៅខាងក្នុងកញ្ចប់ឡើយ។ យ៉ាងណាមិញ អំណោយដ៏ល្អផុតដែលព្រះបានប្រទានដល់យើង គឺជាទារកតូច ដែលទ្រង់ក៏ជាអំណោយដ៏ផុយស្រួយផងដែរ។ ជួនកាលយើងស្រមៃឃើញថា ថ្ងៃបុណ្យណូអែល ជាថ្ងៃដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ដូចនៅលើរូបគំនូរ ប៉ុន្តែ ស្រ្តីដែលធ្លាប់ឆ្លងទន្លេ ប្រាកដជាអាចប្រាប់យើងថា អ្វីៗមិនសុទ្ធតែស្រស់ស្អាត ដូចការគិតរបស់យើងឡើយ។ នាងម៉ារាប្រាកដជាអស់កម្លាំង។ កាលនោះ នាងទើបតែបានឆ្លងទន្លេកូនដំបូង នៅកន្លែងដែលខ្វះអនាម័យបំផុតផង។ នាង “រុំទ្រង់នឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ”(លូកា ២:៧)។ ទារកដែលទើបតែកើតត្រូវការការមើលថែរជាប់ជានិច្ច។ គេយំច្រើន ត្រូវបៅដោះ គេង ហើយពឹងផ្អែកទៅលើអ្នកមើលថែរជានិច្ច។ គេមិនអាចធ្វើការសម្រេចចិត្តអ្វីមួយឡើយ។ នៅសម័យនាងម៉ារា អត្រានៃការស្លាប់របស់ទារកមានកំរិតខ្ពស់ ហើយម្តាយជាច្រើនបានស្លាប់ ពេលឆ្លងទន្លេ។ ហេតុអ្វីបានជាព្រះទ្រង់សម្រេចព្រះទ័យ ចាត់ព្រះរាជបុត្រាទ្រង់ មកក្នុងលោកិយ ដោយឲ្យទ្រង់ប្រសូត្រតាមរបៀបដ៏ផុយស្រួយដូចនេះ? ពីព្រោះទ្រង់ត្រូវតែមានលក្ខណៈដូចជាយើងរាល់គ្នា ដើម្បីជួយសង្រ្គោះយើង។ អំណោយដ៏អស្ចារ្យបំផុតរបស់ព្រះ គឺបានប្រទានមកក្នុងរូបកាយទារកតូច ដ៏ផុយស្រួយ តែព្រះទ្រង់ហ៊ានប្រឈមនឹងគ្រោះថ្នាក់នេះ ដោយសារទ្រង់ស្រឡាញ់យើង។ ចូរយើងមានការដឹងគុណទ្រង់ សម្រាប់អំណោយដ៏អស្ចារ្យនេះ!-Keila Ochoa
Read article