មិនព្រងើយកន្តើយ
បន្ទប់ទំាងមូលបានរំលេចទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតជាច្រើន ខណៈពេលដែលស្រ្តីស្លៀកសំពត់សារីកំពុងញាប់ដៃញាប់ជើង នៅក្នុងសកម្មភាពចុងក្រោយនៃកម្មវិធីរ៉ៃអង្គាសប្រាក់។ ពីដើម ស្រ្តីមួយក្រុមនេះមានដើមកំណើតនៅប្រទេសឥណ្ឌា ហើយក៏បានមករស់នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ ពួកគេនៅតែមានការខ្វល់ខ្វាយពីប្រទេសកំណើតរបស់ខ្លួន។ ពេលពួកគេដឹងអំពីស្ថានភាពរបស់សាលារៀនមួយកន្លែង ដែលគេបើកសម្រាប់ក្មេងកើតជម្ងឺខ្សោយបញ្ញា នៅប្រទេសឥណ្ឌា ពួកគេមិនគ្រាន់តែបានដឹងអំពីតម្រូវការរបស់សាលារៀននោះប៉ុណ្ណោះទេ តែពួកគេថែមទាំងបានទុកដាក់ដំណឹងនេះនៅក្នុងចិត្ត ហើយក៏បានធ្វើការឆ្លើយតប។ លោកនេហេមាមានមុខនាទីដ៏ស្រណុកស្រួលជាអ្នកថ្វាយពែងដល់ស្តេច និងបានទទួលការទុកចិត្តពីបុរសដែលមានអំណាចបំផុតនៅសម័យនោះ តែការទាំងអស់នេះមិនបានធ្វើឲ្យគាត់ភ្លេចខ្វល់ពីជនរួមជាតិរបស់គាត់ឡើយ។ គាត់បានទៅជួបអ្នកដែលមកពីទីក្រុងយេរូសាឡិម ដើម្បីសាកសួរអំពីស្ថានភាពនៃប្រជាជនដែលកំពុងរស់នៅទីនោះ(នេហេមា ១:២)។ គាត់ក៏បានដឹងថា “ពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(ខ.៣)។ លោកនេហេមាមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ គាត់ក៏បានទួញសោក អធិស្ឋានតម ទូលសូមឲ្យព្រះទ្រង់ជួយដល់ប្រជាជនគាត់ ដែលកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់នេះ(ខ.៤)។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកនេហេមាវិលត្រឡប់ ទៅក្រុងយេរូសាឡិមវិញ ដើម្បីដឹកនាំការសាងសង់កំផែងក្រុងឡើងវិញ(២:១-៨)។ លោកនេហេមាក៏បានសម្រេចនូវកិច្ចការដ៏ធំនេះ សម្រាប់ប្រជាជនគាត់ ព្រោះគាត់បានទូលសូមដល់ព្រះដ៏ធំប្រសើរ ឲ្យធ្វើការដ៏ធំ ហើយក៏បានពឹងផ្អែកលើទ្រង់ផង។ សូមព្រះទ្រង់បើកភ្នែកយើង ឲ្យមើលឃើញសេចក្តីត្រូវការរបស់អ្នកដែលនៅជុំវិញយើង ហើយសូមទ្រង់ជួយយើង ឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដោយចិត្តអាណិត និងមានភាពប៉ិនប្រសប់ ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ។-Poh Fang Chia
Read article