តើអ្នកជំនាញបាននិយាយអ្វីខ្លះ?

លោក​ចេហ្វ ចាកូប៊ី(Jeff Jacoby)  ដែល​ជា​អ្នក​និពន្ធ​សារ​ពត៌​មាន ឲ្យ​កាសែត​បូស្តុន ក្លូប បាន​សរសេរ​ថា “សមត្ថភាព​ដ៏​អាថ៌​កំបាំង​របស់​អ្នក​ជំនាញ នៅ​ក្នុង​ការ​យល់​ខុស  អំពី​រឿង​ផ្សេង​ៗ អាច​ជា​កំហុស​ឆ្គង​ដ៏​អាក្រក់”។ បើ​យើង​ក្រឡេក​មើល​ទៅ​ប្រវត្តិ​សាស្រ្ត​ដែល​ទើប​កើត​មាន​ឡើង យើង​នឹង​បាន​ដឹង​ថា គាត់​ពិត​ជា​និយាយ​ត្រូវ។ ឧទារហណ៍ អ្នក​ឆ្នៃ​ប្រឌិត​ដ៏​ល្បី​ល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់​បាន​ប្រកាស​ថា ខ្សែ​ភាព​យន្ត​ដែល​មាន​សម្លេង និង​មិន​អាច​ជំនួស​ខ្សែ​ភាព​យន្ត​ដែល​គ្មាន​សម្លេង​បាន​ឡើយ តែ​ទីបំផុត​គេ​ក៏​ដឹង​ថា គាត់​បាន​គិត​ខុស​ហើយ។ ហើយ​នៅ​ឆ្នាំ ១៩២៨ លោក​ហេនរី ហ្វ៊ត(Henry Ford) បាន​ប្រកាស​ថា “មនុស្ស​កំពុង​តែ​មាន​បញ្ញា​កាន់​តែ​ខ្លាំង​លើស​លប់ បាន​ជា​ពួក​គេ​មិន​អាច​មាន​សង្រ្គាម​លោក​លើក​ទីពីរ​ឡើយ” តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សង្រ្គាម​លោក​លើក​ទីពីរ​ក៏​បាន​ផ្ទុះ​ឡើង។ មាន​ការ​ព្យាករណ៍​ជា​ច្រើន របស់ “អ្នក​ជំនាញ” បាន​ប្រែ​ក្លាយ​ជា​ការ​ទាយ​ខុស​ ។ ដូច​នេះ សមត្ថ​ភាព​របស់​អ្នក​ប្រាជ្ញ​ក៏​មាន​កំរិត​ផង​ដែរ។

មាន​តែ​អង្គ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ទុក​ចិត្ត​បាន​ទាំង​ស្រុង ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ធ្ងន់​ៗ​ខ្លះ សម្រាប់មនុស្ស​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ។ នៅ​សម័យ​ដែល​ព្រះ​យេស៊ូវ​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ពួក​អ្នក​ដឹក​នាំ​សាសនា បាន​អៈ​អាង​ថា ខ្លួន​មាន​សេចក្តី​ពិត។ អ្នក​ប្រាជ្ញ និង​ទេវវិទូ​ទាំង​អស់​នោះ គិត​ថា ខ្លួន​ដឹង​ថា ព្រះ​មែស៊ី​ដែល​នឹង​យាង​តាម​ព្រះ​បន្ទូល​សន្យា នឹង​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ ពេល​ទ្រង់​យាង​មក​ដល់។ ពួក​គេ​មិន​ទទួល​ស្គាល់ថា ព្រះយេស៊ូវ​ជា​ព្រះ​មែស៊ី​ទេ។ ព្រះ​យេស៊ូវ​ក៏​បាន​ដាស់​តឿន​ពួក​គេ​ថា “អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​មក​ឯ​ខ្ញុំ ឲ្យ​បាន​ជីវិត​ទេ”(យ៉ូហាន ៥:៣៩-៤០)។

ខណៈ​ពេល​ដែល​ឆ្នាំ​ថ្មី​មួយ​ទៀត កំពុង​តែ​រំកិល​មក​ដល់ យើង​នឹង​បាន​ឮ​គេ​ព្យាករណ៍ អំពី​រឿង​ជា​ច្រើន​ដែល​នឹង​កើតឡើង ដែល​ស្តាប់​ទៅ ហាក់​ដូច​ជា​វិជ្ជ​មាន​ខ្លាំង​ណាស់។ មនុស្ស​ជា​ច្រើន​នឹង​ប្រកាស​អំពី​ការ​ព្យាករណ៍​ទាំង​នោះ ដោយ​មាន​ទំនុក​ចិត្ត​ជា​ខ្លាំង។ តែ​ចូរ​យើង​កុំ​ជ្រួល​ច្របល់​ឡើយ។ យើង​នឹង​នៅ​តែ​ទុក​ចិត្ត​លើ​ព្រះ​មួយ​អង្គ ដែល​ជា​បេះ​ដូង​នៃ​ព្រះ​គម្ពីរ។ ទ្រង់​គ្រប់​គ្រង​ជីវិត ​ និង​អនាគត​យើង មិន​ឲ្យ​របូត​ឡើយ។-TIM GUSTAFSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles