ក្សត្រីក្លេអូផ៉ាត្រា(Cleopatra) លោកកាលីលេ(Galileo) លោកសេកស្ពៀរ(Shakespeare) លោកអែលវីស(Elvis) និងលោកពេលេ(Pelé) សុទ្ធតែជាបុគ្គលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង។ ពួកគេនៅតែជាតួអង្គដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត ដោយសារគេដឹងថា ពួកគេជានរណា ហើយពួកគេបានធ្វើអ្វីខ្លះ។ តែមានឈ្មោះមួយទៀត ដែលល្បីល្បាញ និងសំខាន់លើសឈ្មោះណាទាំងអស់!
មុនពេលព្រះរាជបុត្រានៃព្រះ ប្រសូត្រក្នុងលោកិយនេះ ទេវតាបានប្រាប់នាងម៉ារា និងលោកយ៉ូសែប ឲ្យដាក់ព្រះនាមឲ្យទ្រង់ថា យេស៊ូវ ព្រោះ “ទ្រង់នឹងជួយសង្រ្គោះរាស្រ្តទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១) ហើយ “គេនឹងហៅទ្រង់ថា “ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត”(លូកា ១:៣២)។ ព្រះយេស៊ូវមិនបានយាងមក ដើម្បីធ្វើជាជនល្បីល្បាញឡើយ តែដើម្បីធ្វើជាអ្នកបម្រើ ដែលបានបន្ទាបព្រះកាយទ្រង់ ហើយសុគត នៅលើឈើឆ្កាង ដើម្បីឲ្យអ្នកណាដែលទទួលជឿទ្រង់ អាចទទួលការអត់ទោស ហើយរួចពីអំណាចនៃអំពើបាប។
សាវ័កប៉ុលបានសរសេរក្នុងសំបុត្រផ្ញើទៅពួកជំនុំថា “ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា”(ភីលីព ២:៩-១១)។
យើងត្រូវតោងឲ្យជាប់ព្រះនាម ព្រះយេស៊ូវ ទាំងនៅពេលដែលមានអំណរបំផុត ក៏ដូចជានៅពេលដែលមានតម្រូវការឬខ្វះខាតខ្លាំងបំផុត។ ទ្រង់នឹងមិនចាកចេញពីយើងឡើយ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏មិនដែលប្រែប្រួលឡើយ។-DAVID MACCASLAND