ព្រឹក

ព្រះនៃជីវិតទាំងឡាយ
ដោយjolson
January 24, 2018
ពីរបីឆ្នាំមុន នៅរដូវរងា តំបន់ដែលខ្ញុំរស់នៅ បានជួបប្រទះអាកាសធាតុដែលត្រជាក់ដល់ឆ្អឹង ដែលមានរយៈពេលយូរខុសពីធម្មតា តែក៏បានបញ្ចប់ ជាការបើកផ្លូវឲ្យអាកាសធាតុដែលកក់ក្តៅជាង ពេលរដូវផ្ការីកចូលមកដល់។ ទែរម៉ូម៉ែត្រនៅក្រៅផ្ទះ បានប្រាប់អំពីសីតុណ្ហាភាពដែលធ្លាក់ក្រោមកំរិតសូន្យអង្សា(-២០អង្សាC) អស់រយៈពេល២សប្តាហ៍ជាប់គ្នា។ នៅពេលព្រឹកថ្ងៃមួយ ដែលត្រជាក់ខ្លាំង សម្លេងសត្វចាបយំ បានបង្ហាញថា ភាពស្ងប់ស្ងាត់នៅពេលយប់បានចប់ហើយ។ មានសត្វចាបរាប់សិបក្បាល ឬរាប់រយក្បាល បានបន្លឺសម្លេងច្រៀង ចេញពីដួងចិត្ត។ ខ្ញុំអាចដឹងថា សត្វដ៏តូចល្អិតទាំងអស់នេះ ប្រហែលជាកំពុងច្រៀងអង្វរដល់ព្រះអាទិករ ឲ្យផ្តល់នូវកម្តៅ ដើម្បីបំបាត់ភាពត្រជាក់។ អ្នកឯកទេសផ្នែកសត្វចាប បានប្រាប់យើងថា សម្លេងច្រៀងរបស់សត្វចាបជាច្រើនសណ្ឋឹក ដែលគេស្តាប់ឮក្នុងអំឡុងពេលព្រឹក នៅចុងរដូវរងា ភាគច្រើនជាសត្វចាបឈ្មោល ដែលព្យាយាមទាក់ទាញចាបញី ហើយប្រកាសយកទីតាំងរបស់ខ្លួន។ សម្លេងយំរបស់ពួកវាបានរំឭកខ្ញុំថា ព្រះទ្រង់បានផ្សំសម្លេងរបស់ស្នាព្រះហស្តទ្រង់ ដើម្បីទ្រទ្រង់ និងធ្វើឲ្យជីវិតទាំងឡាយបានចម្រើនឡើង ព្រោះទ្រង់ជាព្រះនៃជីវិតទំាងឡាយ។ ក្នុងបទគម្ពីរទំនុកដំកើង ដែលបានស្ងើចសរសើរព្រះ ដែលបានបង្កើតភពផែនដីដ៏ស្រស់ស្អាត អ្នកនិពន្ធបានចាប់ផ្តើមដោយពាក្យថា “ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា”(ទំនុកដំកើង ១០៤:១)។ ហើយគាត់ក៏បានសរសេរទៀតថា “អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ(ខ.១២)។ រាប់ចាប់ពីសត្វចាប់ដែលស្រែកច្រៀង និងធ្វើសំបុក រហូតដល់សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកសមុទ្រ ដែលមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ”(ខ.២៥) យើងមានហេតុដែលត្រូវសរសើរដំកើងព្រះអាទិករ សម្រាប់ការដែលទ្រង់បានធ្វើជាច្រើនសណ្ឋិក ដើម្បីឲ្យជីវិតទាំងអស់បានចម្រើនឡើង។-JEFF OLSON
បទគម្ពីរប្រចាំថ្ងៃ
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែង ទ្រង់ប្រដាប់អង្គដោយយសសក្តិ និងតេជានុភាព។-ទំនុកដំកើង ១០៤:១
ល្ងាច

រឿងធំដុំ
ដោយPatricia Raybon
January 24, 2018
នៅក្នុងគ្រួសារមួយ មានសមាជិកម្នាក់ចង់ឲ្យសមាជិកដទៃទៀត ជួយបង់ថ្លៃផ្ទះរបស់គាត់ នៅខែធ្នូ។ សម្រាប់ក្រុមគ្រួសារគាត់ ការស្នើសុំនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់មួយ ជាពិសេស នៅពេលដែលពួកគេត្រូវត្រៀមលុយសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក នៅចុងឆ្នាំ។ ប៉ុន្តែ ពួកគេបានកកាយប្រាក់សន្សំរបស់ពួកគេចេញមក ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះឲ្យគាត់ ដោយការអរព្រះគុណ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ ហើយគាត់ក៏បានទទួលព្រះពរ ពីការអរព្រះគុណរបស់សាច់ញាតិគាត់។ គាត់ក៏បានប្រគល់កាតសម្រាប់ថ្លែងអំណរគុណ ដល់ពួកគេ ដោយសរសេរនៅក្នុងនោះថា “សូមអរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀត ដែលបានធ្វើនូវការដ៏ល្អ ដោយយកលុយមកជួយខ្ញុំ ដោយគិតថា វាមិនមែនជារឿងធំដុំ”។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការជួយអ្នកដទៃ គឺជារឿងធំដុំ។ គឺដូចដែលហោរាអេសាយ បានលើកយកបញ្ហានេះ មកថ្លែង ទៅកាន់ប្រជាជនអ៊ីស្រាអែល។ កាលនោះ ពួកគេកំពុងតែអធិស្ឋានតម តែមិនព្រមឈប់ឈ្លោះប្រកែកគ្នា។ បានជាហោរាអេសាយមានប្រសាសន៍ថា “តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬ?”(អេសាយ ៥៨:៦-៧)។ លោកអេសាយក៏បានមានប្រសាសន៍ផងដែរថា ការលះបង់បែបនេះ នឹងនាំឲ្យពួកគេទទួលពន្លឺពីព្រះជាម្ចាស់ ហើយពន្លឺនោះនឹងបានភ្លឺឡើង ហើយថែមទាំងបានទទួលការប្រោសឲ្យជាផងដែរ(ខ.៨)។ សម្រាប់អ្នកដែលចែករំលែកដល់អ្នកដទៃ ដោយចិត្តសប្បុរស ព្រះជាម្ចាស់បានសន្យាថា “ពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្តីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្តីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង”(ខ.៨)។ សរុបមក ការចែករំលែកដល់សាច់ញាតិរបស់ពួកគេ នាំឲ្យពួកគេបានទទួលព្រះពរកាន់តែច្រើន។ ចុះចំណែកព្រះជាម្ចាស់វិញ តើទ្រង់បានចែករំលែកអ្វីខ្លះដល់យើង? គឺទ្រង់បានប្រទានអ្វីៗទាំងអស់ដល់យើង ដោយសេចក្តីស្រឡាញ់។—PATRICIA RAYBON
បទគម្ពីរប្រចាំថ្ងៃ
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ។ អេសាយ ៥៨:៦