ការឲ្យអំណោយនៃការអធិស្ឋានឲ្យ

មាន​ពេល​មួយ​ឡរ៉ា(Laura) បាន​និយាយ​ថា “កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ដំណឹង​ល្អ​ជា​អំណោយ​ដ៏​អស្ចារ្យ។ តែពេល​ដែល​បង​ប្រុស​ខ្ញុំ​ឈឺ អ្នក​ទាំង​អស់​គ្នា​បាន​អធិស្ឋាន​ឲ្យ​គាត់។ ការ​អធិស្ឋាន​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​បាន​ធ្វើឲ្យ​ខ្ញុំ មាន​ការ​កម្សាន្ត​ចិត្ត​ណាស់”។ កាល​នោះ ឡរ៉ា​បាន​អរ​គុណ​ខ្ញុំ ទាំង​ទឹក​ភ្នែក​រលីង​រលោង គឺ​អរ​គុណ សម្រាប់​ការ​អធិ​ស្ឋាន​របស់​ពួក​ជំនុំ​របស់​យើង ឲ្យ​បង​ប្រុស​នាង ដែល​កំពុង​តែ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ជម្ងឺ​មហា​រីក។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ការ​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា បាន​ជួយ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង ក្នុង​ពេលដ៏​ពិបាក​នេះ ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល”។

ការ​អធិ​ស្ឋាន​ឲ្យ​អ្នក​ដទៃ ស្ថិត​ក្នុង​ចំណោម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។ ជាក់​ស្តែង  ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​រឿង​នេះ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ចែង​ថា ព្រះ​យេស៊ូវ​បានអធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ញឹក​ញាប់ ហើយ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​បន្ត​ចូល​ទៅ​រក​ព្រះ​វរបិតា​ជួសយើង។ គឺ​ដូច​ដែល​បទ​គម្ពីរ  រ៉ូម ៨:៣៤ បាន​ចែង​ថា “ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ”។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង នៅ​លើ​ឈើ​ឆ្កាង​រួចហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ដោយ​អធិស្ឋាន​ឲ្យ​យើង ក្នុង​ពេល​ឥឡូវ​នេះ។

យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ ដោយ​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ជា​ជំនួយ​ដល់​ពួក​គេ នៅ​ក្នុង​ការ​រស់​នៅ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើង​អធិស្ឋាន ឲ្យ​ពួក​គេ ហើយ​ទ្រង់​នឹង​ជួយ​យើង​មិន​ខាន! សូម​ឲ្យ​ព្រះ​អម្ចាស់​នៃ​សេចក្តី​ស្រឡាញ់ ចម្រើន​កម្លាំង​យើង ដើម្បី​យើង​ឲ្យ​អំណោយ​នៃ​ការ​អធិ​ស្ឋាន ដល់​អ្នក​ដទៃ នៅ​ថ្ងៃ​នេះ។—JAMES BANKS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles