ចានក្លាំនៃសេចក្តីស្រឡាញ់

ថ្ងៃ​មួយ នៅ​ក្នុង​ថ្នាក់​រូប​វិទ្យា​អស់​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្រូ​បង្រៀន បាន​ប្រាប់​យើង​កុំ​ឲ្យ​ងាក​បែរ​ក្រោយ ហើយ​សួរ​យើង​ថា “តើ​ជញ្ជាំង​ខាង​ក្រោយ​របស់​ថ្នាក់​រៀន​យើង មាន​ពណ៌​អ្វី?” បើ​យើង​មិន​ដែល​បាន​ចាប់​អារម្មណ៍​នឹង​ពណ៌​របស់​ជញ្ជាំង​នោះ​ទេ នោះ​យើង​មិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ឡើយ។

ជួន​កាល យើង​មិន​បាន​ចាប់​អារម្មណ៍ ឬ​មើល​រំលង “​អ្វី​មួយ” ដែល​មាន​ក្នុង​ជីវិត​យើង ដោយ​សារ​យើង​មិន​អាច​ចាប់​អារម្មណ៍​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ ​ជួន​កាល យើង​មិន​បាន​ដឹង​ទេ​ថា របស់​នោះ​បាន នៅ​ទីនោះ តាំង​ពី​​ពេល​ណា​​មក​ទេ​​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​អាន​សារ​ឡើង​វិញ នូវ​បទ​គម្ពីរ​ដែល​និយាយ​អំពី​ព្រះយេស៊ូវ​លាង​ជើង​ឲ្យ​ពួក​សាវ័ក ហើយ​ក្នុង​រឿង​នេះ មាន​ចំណុច​មួយ​ចំនួន ដែល​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​កាល​ពី​មុន។ ខ្ញុំ​មាន​ការ​យល់​ដឹង​ច្រើន អំពី​រឿង​នេះ ព្រោះ​គេ​ច្រើន​តែ​យក​រឿង​នេះ​មក​អាន ក្នុង​អំឡុង​ពេល​សប្តាហ៍​នៃ​ការ​រំឭក​អំពី​ការ​រង​ទុក្ខ​របស់​ទ្រង់។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​សង្រ្គោះ និង​ព្រះ​ដ៏​ជា​ព្រះ​មហាក្សត្រ​នៃ​យើង ទ្រង់​បាន​បន្ទន់​ព្រះ​កាយ​ចុះ ដើម្បី​លាង​ជើង​ឲ្យ​ពួក​សាវ័ក​របស់​ទ្រង់។ នៅ​ទឹកដី​អ៊ីស្រាអែល​សម័យ​នោះ សូម្បី​តែ​អ្នក​បម្រើ​ ក៏​គេ​មិន​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ដែរ ព្រោះ​គេ​យល់​ថា​ វាជា​កិច្ច​ការ​ថោក​ទាប​ពេក។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ពី​មុន​មក​នោះ គឺ​ព្រះ​យេស៊ូវ ដែល​ជា​មនុស្ស​ផង និង​ជា​ព្រះ​ផង ទ្រង់​បាន​លាង​ជើង​ឲ្យ​យូដាស។ ទោះ​ទ្រង់​ជ្រាប​ថា យូដាស​នឹង​ក្បត់​ទ្រង់​ក៏​ដោយ ក៏​ទ្រង់នៅ​តែ​បន្ទាប​ព្រះកាយ​ លាង​ជើង​ឲ្យ​យូដាស គឺ​ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ យ៉ូហាន ១៣:១១។

សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​បង្ហូរ​ចូល​ទៅ​ក្នុង​ទឹក គឺ​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​មនុស្ស​គ្រប់​គ្នា សូម្បី​តែ​អ្នក​ដែល​ក្បត់​ទ្រង់​ក៏​ដោយ។ ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត អំពី​ព្រឹត្តិ​ការណ៍​នៃ​សប្តាហ៍​នេះ ដែល​កំពុង​ឈាន​ទៅរក​ពិធី​រំឭក​អំពី​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ សូម​យើង​ប្រើ​អំណោយ​ទាន​នៃ​ការ​បន្ទាប​ខ្លួន  ដើម្បី​ឲ្យ​យើង​អាច​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ទៅ​ដល់​មិត្ត​ភក្តិ ក៏​ដូច​ជា​ទៅ​ដល់​ខ្មាំង​សត្រូវ។—AMY BOUCHER PYE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles