ម្កុដរបស់ស្តេច
មានពេលមួយ យើងបានអង្គុយនៅតុមួយ ដោយម្នាក់ៗបានយកឈើចាក់ធ្មេញ ដែលស្រួចៗដូចបន្លាដោតពីលើចានដែលធ្វើពីស្នោ ដែលនៅមុខយើង។ ក្នុងពេលដែលយើងញាំអាហារពេលល្ងាចថ្ងៃនោះ នៅសប្តាហ៍ដែលឈានទៅរកបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ យើងក៏បានបង្កើតបានភួងបន្លាមួយ ដែលឈើចាក់ធ្មេញនីមួយៗជាតំណាងឲ្យការអ្វីដែលយើងបានប្រព្រឹត្ត តែព្រះគ្រីស្ទបានបង់ថ្លៃលោះយើងរួចហើយ។ ការអនុវត្តន៍ដូចនេះ បាននាំឲ្យយើងនឹកចាំថា យើងបានធ្វើអំពើបាបជាច្រើន បានជាយើងត្រូវការព្រះសង្រ្គោះមួយអង្គ ហើយយើងក៏នឹកចាំអំពីរបៀបដែលព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីបាប ដោយការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង។ ភួងបន្លាដែលគេបានក្រងឲ្យព្រះយេស៊ូវពាក់ ជាផ្នែកមួយនៃល្បែងដ៏ព្រៃផ្សៃ ដែលពួកទាហានរ៉ូម៉ាំងបានលេង មុនពេលគេយកទ្រង់ទៅឆ្កាង។ ពួកគេក៏បានឲ្យទ្រង់ពាក់រ៉ូបដូចស្តេច ហើយថ្វាយដំបងមួយ ធ្វើជាដំបងរាជរបស់ស្តេច តែក្រោយមក ពួកគេក៏បានយកដំបងនោះវាយទ្រង់។ ពួកគេបានចម្អកឲ្យទ្រង់ ដោយហៅទ្រង់ថា “ស្តេចនៃសាសន៍យូដា”(ម៉ាថាយ ២៧:២៩) ដោយមិនបានដឹងទេថា ទង្វើរបស់ពួកគេ នឹងត្រូវគេចងចាំអស់រាប់ពាន់ឆ្នាំក្រោយមកទៀត។ ទ្រង់មិនមែនជាក្សត្រធម្មតាឡើយ។ ទ្រង់ជាស្តេចលើអស់ទាំងស្តេច ដែលការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ បានប្រទានឲ្យយើងនូវជីវិតអស់កល្ប។ នៅពេលព្រឹកថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកជំនុំរបស់ខ្ញុំបានអបអរសាទរ ដល់អំណោយនៃការអត់ទោសបាប និងជីវិតថ្មី ដោយប្រើឈើចាក់ធ្មេញ និងផ្កា ធ្វើជានិមិត្តរូប។ យើងពិតជាមានអំណរណាស់ ដោយដឹងថាព្រះបានលប់បាបយើងចោល ហើយប្រទានឲ្យយើងមានសេរីភាព និងជីវិតរស់នៅជារៀងរហូតជាមួយទ្រង់! —AMY BOUCHER PYE
Read article