ព្រឹក

ទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌
ដោយCindy Hesskasper
May 13, 2018
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំនិងបងប្អូនស្រីៗទាំងពីរនាក់របស់ខ្ញុំ ចូលចិត្តអង្គុយទន្ទឹមគ្នា នៅលើហិបធំមួយ របស់ម្តាយខ្ញុំ ដែលធ្វើពីឈើសេដា។ ម្តាយខ្ញុំបានទុកអាវរងាធ្វើពីរោមចៀម នៅក្នុងហិបនោះ ជាមួយនឹងគ្រឿងក្រណាត់ ដែលជីដូនខ្ញុំបានប៉ាក់ ឬចាក់នឹងអំបោះ។ គាត់បានឲ្យតម្លៃវត្ថុអ្វីដែលមាននៅក្នុងហិបនោះ ហើយបានពឹងផ្អែកទៅលើក្លិនឈួលរបស់ឈើសេដា ដើម្បីការពារមិនឲ្យសត្វល្អិតកាត់ខោអាវដែលនៅខាងក្នុងហិប។ របស់ទ្រព្យភាគច្រើន នៅលើផែនដីនេះ ងាយនឹងទទួលរងការបំផ្លាញ ដោយសារសត្វល្អិត ឬច្រេះចាប់ ឬអាចត្រូវគេលួច។ បទគម្ពីរម៉ាថាយ ជំពូក៦ បានលើកទឹកចិត្តយើង ឲ្យផ្តោតចិត្តជាពិសេស មិនមែនទៅលើរបស់អ្វី ដែលមិនស្ថិតស្ថេរនោះឡើយ តែឲ្យផ្តោតទៅលើអ្វីដែលមានតម្លៃដ៏អស់កល្បជានិច្ច ។ ពេលម្តាយខ្ញុំលាចាកលោក នៅអាយុ៥៧ឆ្នាំ គាត់មិនបានបង្គរទុកទ្រព្យសម្បត្តិនៅផែនដីច្រើនឡើយ ប៉ុន្តែ ខ្ញុំចូលចិត្តគិតអំពីទ្រព្យសម្បត្តិ ដែលគាត់បានសន្សំនៅនគរស្ថានសួគ៌(ខ.១៩-២០)។ ខ្ញុំនឹកចាំថា គាត់បានស្រឡាញ់ព្រះខ្លាំងប៉ុណ្ណា ហើយបានបម្រើទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម ដោយមើលការខុសត្រូវក្រុមគ្រួសាររបស់គាត់ ដោយចិត្តស្មោះត្រង់ និងបង្រៀនក្មេងៗ នៅសាលារៀនថ្ងៃអាទិត្យ ហើយរាប់អានស្រ្តីម្នាក់ ដែលប្តីរបស់នាងបានបោះបង់ចោល ព្រមទាំងកម្សាន្តចិត្តម្តាយដែលមានវ័យក្មេង ដែលបានបាត់បង់កូនតូចរបស់ខ្លួន។ ហើយគាត់បានអធិស្ឋាន … សូម្បីតែនៅពេលដែលភ្នែកគាត់មើលលែងឃើញ ហើយត្រូវអង្គុយនៅលើរទេះរុញក៏ដោយ ក៏គាត់នៅតែបន្តស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ។ ទ្រព្យសម្បត្តិដ៏ពិតរបស់យើង មិនត្រូវបានវាស់ នៅក្នុងអ្វីដែលយើងបានបង្គរទុកនោះឡើយ តែនៅក្នុងការអ្វី ឬនៅក្នុងអ្នក ដែលយើងបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត។ តើយើងបានសន្សំ “ទ្រព្យសម្បត្តិ” អ្វីខ្លះ នៅនគរស្ថានសួគ៌ ដោយបម្រើ និងដើរតាមព្រះយេស៊ូវ? —CINDY HESS KASPER
បទគម្ពីរប្រចាំថ្ងៃ
ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។ ម៉ាថាយ ៦:២១
ល្ងាច

ខុសពីការស្មាន
ដោយTim Gustafson
May 13, 2018
មានពេលមួយ ភរិយាខ្ញុំបានទូរស័ព្ទប្រាប់ខ្ញុំថា មានសត្វស្វាមួយក្បាល នៅក្នុងទីធ្លាផ្ទះយើង! នាងក៏បានបន្តបើកទូរស័ព្ទ ដើម្បីឲ្យខ្ញុំអាចស្តាប់ឮសម្លេងវា។ ជាការពិតណាស់ ស្តាប់មើលទៅ ដូចជាសម្លេងសត្វស្វាមួយក្បាលមែន។ តែវាចម្លែក ព្រោះសត្វស្វាព្រៃ មាននៅតំបន់ ដែលនៅឆ្ងាយពីយើង ប្រហែល៣២០០គឺឡូម៉ែត្រ។ ក្រោយមក ឪពុកក្មេកខ្ញុំក៏បានបំបាត់ចម្ងល់របស់យើង។ គាត់បានពន្យល់ថា តាមពិត វាគឺជាសត្វទីទុយពូជធំ ដែលចូលចិត្តយំ។ ដូចនេះ ការពិត មិនដូចជាអ្វីដែលយើងស្មានឡើយ។ ពេលដែលកងទ័ពរបស់ស្តេចសានហេរីប បានលោមព័ទស្តេចហេសេគានៃនគរយូដា ឲ្យជាប់នៅក្នុងកំផែងក្រុង ពួកសាសន៍អាសស៊ើរគិតថា ខ្លួនមានជ័យជម្នះហើយ។ ប៉ុន្តែ ការពិត មិនដូចជាអ្វីដែលពួកគេស្មានឡើយ។ ទោះបីជាមេទ័ពរបស់សាសន៍អាសស៊ើបានប្រើពាក្យសម្តីយ៉ាងប៉ិនប្រសប់ ហើយតាំងខ្លួនជាអ្នកនាំព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអម្ចាស់ទ្រង់នៅតែឃុំគ្រងរាស្រ្តទ្រង់ ដោយព្រះហស្តទ្រង់។ គឺដូចដែលមេទ័ពនោះបានសួរថា “តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយគាត់ថែមទាំងបានប្រាប់ពួកគេថា គាត់ចង់ឲ្យពួកគេបានរស់នៅ ឥតស្លាប់ឡើយ(ខ.៣២)។ ស្តាប់សម្តីរបស់គាត់ទៅ ដូចជាព្រះរាជសារបស់ព្រះ។ ប៉ុន្តែ ហោរាអេសាយក៏បានប្រាប់ព្រះបន្ទូលដ៏ពិតរបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែលថា ព្រះអម្ចាស់បានមានបន្ទូលថា ស្តេចសានហេរីបនឹងមិនបានចូលក្នុងទីក្រុង ឬបាញ់ព្រួញសូម្បីតែមួយគ្រាប់នៅទីនេះឡើយ ព្រោះព្រះអម្ចាស់ នឹងការពារ ហើយសង្រ្គោះទីក្រុងនេះ(១៩:៣២-៣៤ អេសាយ ៣៧:៣៥)។ នៅពេលយប់នោះ “ទេវតានៃព្រះអម្ចាស់” ក៏បានបំផ្លាញកងទ័ពរបស់សាសន៍អាសស៊ី(ខ.៣៥)។ ពីពេលមួយទៅពេលមួយ យើងនឹងជួបមនុស្សដែលចេះនិយាយយ៉ាងប៉ិនប្រសប់ ក្នុង “ការប្រឹក្សាយោបល់” តែទន្ទឹមនឹងនោះ គេមិនបានទទួលស្គាល់អំណាចចេស្តារបស់ព្រះទេ។ ព្រះទ្រង់មិនបានមានបន្ទូលតាមរយៈមនុស្សប្រភេទនោះទេ។ ទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរបរិសុទ្ធ។ ទ្រង់ដឹកនាំយើង តាមរយៈព្រះវិញ្ញាណទ្រង់។ ព្រះហស្តទ្រង់ក៏បានឃុំគ្រង អ្នកដែលដើរតាមទ្រង់ ហើយទ្រង់នឹងមិនបោះបង់យើងចោលឡើយ។—TIM GUSTAFSON
បទគម្ពីរប្រចាំថ្ងៃ
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន។-១យ៉ូហាន ៤:១