
ព្រះទ្រង់កំពុងធ្វើការទ្រង់
ដោយAmy Boucher Pye
May 14, 2018
មានពេលមួយ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនថា “តើអ្នកបានឃើញព្រះទ្រង់ធ្វើការយ៉ាងដូចម្តេចខ្លះ នៅពេលថ្មីៗនេះ?” មានម្នាក់ឆ្លើយថា គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់អានខគម្ពីរ រៀងរាល់ពេលព្រឹក។ គាត់ឃើញទ្រង់កំពុងធ្វើការទ្រង់ ខណៈពេលដែលទ្រង់ជួយគាត់ឲ្យប្រឈមមុខនឹងថ្ងៃថ្មី ។ គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់ដឹងថា ទ្រង់បានគង់នៅជាមួយគាត់ គ្រប់ជំហាន និយាយរួម គាត់ដឹងពីរបៀបដែលទ្រង់បានជួយគាត់ ឲ្យប្រឈមមុននឹងឧបស័គ្គ ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានឲ្យគាត់មានក្តីអំណរ។ ខ្ញុំពេញចិត្តនឹងចម្លើយមួយនេះ ព្រោះវាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ព្រះទ្រង់គង់នៅក្បែរ និងធ្វើការនៅក្នុងអ្នកដែលស្រឡាញ់ទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវត្តមាននៃព្រះវិញ្ញាណដែលគង់នៅក្នុងអ្នកនោះ។ ការដែលព្រះទ្រង់ធ្វើការនៅក្នុងអ្នកដើរតាមទ្រង់ គឺជាសេចក្តីអាថ៌កំបំាងដ៏អស្ចារ្យ ដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើរបានបកស្រាយ ខណៈពេលដែលគាត់បានបញ្ចប់សំបុត្ររបស់គាត់ ដោយសូមឲ្យ “ទ្រង់ធ្វើការក្នុងពួកគេ ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្រនេះ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីអត្ថន័យដ៏សំខាន់នៃសំបុត្រនេះថា ព្រះទ្រង់នឹងបំពាក់សមត្ថភាពរាស្រ្តទ្រង់ ដើម្បីឲ្យដើរតាមទ្រង់ ហើយថា ព្រះទ្រង់នឹងធ្វើការក្នុង និងតាមរយៈពួកគេ ដើម្បីជាសិរីល្អដល់ទ្រង់។ ការដែលព្រះទ្រង់ធ្វើការក្នុងយើង គឺជាអំណោយ ដែលអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដូចជា នៅពេលយើងអត់ទោសឲ្យនរណាម្នាក់ ដែលបានធ្វើខុសមកលើយើង ឬនៅពេលដែលយើងបង្ហាញភាពអត់ធ្មត់ ដល់អ្នកដែលធ្វើឲ្យយើងមានការពិបាកជាដើម។ ព្រះនៃយើង “ជាព្រះនៃសេចក្តីសុខសាន្ត”(ខ.២០) ទ្រង់បានបំពេញយើងដោយសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នៅក្នុង និងតាមរយៈយើង។ តើអ្នកបានឃើញព្រះទ្រង់ធ្វើការរបស់ទ្រង់ យ៉ាងណាខ្លះ នៅពេលថ្មីៗនេះ? —AMY BOUCHER PYE
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ។-ហេព្រើរ ១៣:២១