
ត្រឡប់ខ្លួនចុះឡើងៗ
ដោយPohfang Chia
May 23, 2018
តើមានអ្វី ដែលធ្វើឲ្យអ្នកគេងមិនលក់ នៅពេលយប់? ថ្មីៗនេះ ខ្ញុំមានការពិបាកគេង។ ខ្ញុំបានត្រឡប់ខ្លួនចុះឡើងៗ នៅលើគ្រែរបស់ខ្ញុំ ដោយព្យាយាមគិតរកដំណោះស្រាយ សម្រាប់បញ្ហាមួយ។ ទីបំផុត ខ្ញុំក៏បានចាប់ផ្តើមខ្លាចគេងមិនគ្រប់គ្រាន់ ដែលនឹងធ្វើឲ្យពិបាកប្រឈមមុខនឹងឧបស័គ្គនៅថ្ងៃបន្ទាប់។ តើអ្នកធ្លាប់មានបញ្ហាដូចនេះទេ? ទំនាក់ទំនងដែលប្រេះស្រាំ ពេលអនាគតដែលមិនច្បាស់លាស់ ហើយអ្វីក៏ដោយ គឺសុទ្ធតែអាចធ្វើឲ្យយើងមានការព្រួយបារម្ភ នៅពេលណាមួយ។ ស្តេចដាវីឌមានទុក្ខព្រួយយ៉ាងខ្លាំង ពេលដែលទ្រង់និពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក៤។ មានមនុស្សដែលកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះទ្រង់(ខ.២)។ ហើយអ្នកខ្លះក៏បានចោទសួរ អំពីសមត្ថភាពរបស់ទ្រង់ នៅក្នុងការដឹកនាំប្រទេស(ខ.៦)។ នៅពេលនោះ ស្តេចដាវីឌអាចមានព្រះទ័យក្រោធ ដោយសារគេបានប្រព្រឹត្តចំពោះទ្រង់ ដោយអយុត្តិធម៌ ។ ជាការពិតណាស់ ទ្រង់អាចផ្ទំមិនលក់ ដោយសាររឿងនេះ។ ប៉ុន្តែ ទ្រង់បានមានបន្ទូលដ៏គួរឲ្យកត់សំគាល់ថា “ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់”(ខ.៨)។ លោកឆាល ស្ពើជិន(Charles Spurgeon) បានបកស្រាយ ខ.៨ យ៉ាងមានន័យ យ៉ាងដូចនេះថា “ពេលស្តេចដាវីឌផ្តេកព្រះកាយចុះ … ទ្រង់ថ្វាយព្រះកាយទ្រង់ ដល់ព្រះហស្តព្រះ។ គឺទ្រង់បានថ្វាយដាច់ដល់ព្រះ ហើយទ្រង់ក៏បានផ្ទំលក់ ដោយគ្មានការខ្វល់ខ្វាយអ្វីឡើយ ព្រោះទ្រង់បានទុកចិត្តលើព្រះអម្ចាស់”។ តើមានអ្វីដែលបណ្តាលចិត្តឲ្យទ្រង់ទុកចិត្តព្រះអម្ចាស់? តាំងពីដំបូងមក ស្តេចដាវីឌជឿជាក់ថា ព្រះទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ទ្រង់(ខ.៣)។ ហើយទ្រង់ជ្រាបច្បាស់ថា ដោយសារព្រះទ្រង់បានសម្រេចព្រះទ័យស្រឡាញ់ទ្រង់ នោះ ព្រះទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់។ សូមព្រះទ្រង់ជួយយើង ឲ្យសម្រាកនៅក្នុងអំណាចចេស្តា និងព្រះវត្តមានទ្រង់ ពេលដែលការព្រួយបារម្ភកំពុងតែរំខានយើង។ នៅក្នុងព្រះហស្ត ដ៏មានចេស្តា និងមានក្តីស្រឡាញ់ យើងអាច “សម្រាកកាយ ហើយគេងលក់”។—POH FANG CHIA
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់។-ទំនុកដំកើង ៤:៨