ពេលដែលសាឡាងហៀបនឹងចេញដំណើរទៅមុខ កូនស្រីដ៏តូចល្អិតរបស់ខ្ញុំ បាននិយាយថា នាងមានអារម្មណ៍មិនស្រួលខ្លួន។ នាងបានចាប់ផ្តើមពុលរលកហើយ។ មិនយូរប៉ុន្មាន ខ្ញុំក៏មានអារម្មណ៍ថា ចង់ក្អួតផងដែរ។ ខ្ញុំក៏បានរំឭកខ្លួនឯង “ឲ្យមើលទៅឯនាយជើងមេឃ”។ អ្នកធ្វើការនៅលើកប៉ាល់ បាននិយាយថា ការធ្វើដូចនេះ អាចជួយឲ្យយើងមានអារម្មណ៍ធូរស្បើយឡើងវិញ។
ព្រះដែលបានបង្កើតជើងមេឃ(យ៉ូប ២៦:១០) ជ្រាបថា ជួនកាល ក្នុងជីវិតយើង យើងអាចមានការភ័យខ្លាច និងនឿយហត់។ យើងអាចមានអារម្មណ៍ធូរស្បើយឡើងវិញ ដោយផ្តោតទៅលើអ្វីមួយ ដែលនៅឆ្ងាយ តែស្ថិតស្ថេរ ដែលជាកន្លែងចុងក្រោយ ដែលយើងនឹងទៅដល់ នៅចុងបញ្ចប់នៃជីវិតយើង នៅលើផែនដី។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានយល់អំពីបញ្ហានេះ។ គាត់ដឹងថា អ្នកអានសំបុត្ររបស់គាត់កំពុងតែមានការបាក់ទឹកចិត្ត។ ការបៀតបៀនបានធ្វើឲ្យពួកគេជាច្រើននាក់ ភាសខ្លួនចេញពីទីលំនៅ។ ដូចនេះ គាត់ក៏បានរំឭកពួកគេថា មនុស្សនៃសេចក្តីជំនឿដទៃទៀត ក៏បានអត់ទ្រាំនឹងទុកលំបាកក្រៃលែង ហើយក៏បាត់បង់ទីលំនៅផងដែរ។ ពួកគេបានអត់ទ្រាំនឹងការលំបាកគ្រប់យ៉ាង ព្រោះពួកគេកំពុងតែទន្ទឹងរង់ចាំ ការអ្វីដែលល្អប្រសើរជាងនោះ។
ក្នុងនាមជាជនភាសខ្លួន អ្នកអានសំបុត្ររបស់គាត់ អាចសម្លឹងមើលទៅទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ គឺទីក្រុងនៃនគរស្ថានសួគ៌ ដែលព្រះទ្រង់បានត្រៀមទុកសម្រាប់ពួកគេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូចនេះ ជាចុងក្រោយ អ្នកនិពន្ធក៏បានលើកទឹកចិត្តអ្នកអានកណ្ឌសំបុត្រហេព្រើរ ឲ្យផ្តោតចិត្តទៅលើព្រះបន្ទូលសន្យារបស់ព្រះ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក”(១៣:១៤)។
បញ្ហាដែលយើងមានក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរជារហូតទេ។ យើងជា អ្នកដំណើរ និងអ្នកសំណាក់នៅលើផែនដី(១១:១៣)។ ការសម្លឹងឆ្ពោះទៅរកអ្វីដែលព្រះទ្រង់បានសន្យាប្រទាន ដែលស្ថិតនៅឆ្ងាយនៅឡើយ ជួយឲ្យយើង មានភាពនឹងនរ នៅក្នុងជីវិត។—KEILA OCHOA