
វ័យទំពារ
ដោយJames Banks
June 1, 2018
កាលពីពេលថ្មីៗនេះ ភរិយាខ្ញុំបានឲ្យកូនឆ្កែមួយក្បាល មកខ្ញុំ។ វាជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌរ។ យើងបានដាក់ឈ្មោះឲ្យវាថា ម៉ាក(Mark)។ ថ្ងៃមួយ ពេលដែលវាកំពុងតែចំណាយពេល នៅក្នុងបន្ទប់សិក្សារបស់ខ្ញុំ ខ្ញុំកំពុងតែផ្តោតអារម្មណ៍ទៅលើកិច្ចការនៅលើតុរបស់ខ្ញុំ ហើយក៏បានឮសម្លេងគេហែកក្រដាស់ ពីក្រោយខ្នងខ្ញុំ។ ខ្ញុំក៏បានងាកទៅក្រោយ ឃើញកូនឆ្កែមួយក្បាលនោះ កំពុងមានទឹកមុខដឹងថាខ្លួនខុស នៅពីមុខសៀវភៅដែលកំពុងបើក ហើយមានសន្លឹកសៀវភៅមួយសន្លឹកកំពុងតែយោលជាប់នឹងមាត់វា។ ពេទ្យសត្វបានប្រាប់យើងថា ម៉ាកកំពុងតែឆ្លងកាត់ “វ័យទំពារ”។ ពេលដែលកូនឆ្កែជ្រុះធ្មេញទឹកដោះរបស់វា ធ្មេញអចិន្ត្រៃរបស់វាក៏បានដុះឡើង ធ្វើឲ្យវាឈឺជើងធ្មេញ ។ វាក៏បានព្យាយាមបំបាត់ការឈឺចាប់ ដោយទំពាររបស់របរស្ទើរគ្រប់មុខ។ ដូចនេះ យើងត្រូវតែឃ្លាំមើលម៉ាក ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យវាទំពារអ្វី ដែលអាចគ្រោះថ្នាក់ដល់ខ្លួនវាបាន ហើយយើងក៏បាននាំវា ឲ្យទៅទំពាររបស់ដែលនាំឲ្យវាមានសុខភាពល្អវិញ។ ម៉ាកចេះតែចង់ទំពារនេះទំពារនោះជានិច្ច បានខ្ញុំត្រូវឧស្សាហ៍មើលវា។ ការនេះ បាននាំឲ្យខ្ញុំនឹកគិតថា តើសព្វថ្ងៃនេះ យើង “ទំពារ” អ្វីខ្លះ នៅក្នុងចិត្ត និងគំនិតរបស់យើង។ តើយើងមានការប្រុងប្រយ័ត្ន នៅក្នុងផ្តល់អាហារ ឲ្យវិញ្ញាណដ៏អស់កល្បដែរឬទេ ពេលដែលយើងអាន ឬបើកមើលអ៊ីនធើណែត ឬក៏មើលទូរទស្សន៍? ព្រះគម្ពីរបានលើកទឹកចិត្តយើង “ឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន”(១ពេត្រុស ២:២-៣)។ យើងចាំបាច់ត្រូវចម្អែតចិត្ត និងគំនិតយើងជារៀងរាល់ថ្ងៃ ដោយព្រះបន្ទូលព្រះ និងសេចក្តីពិត បើសិនជាយើងចង់ចម្រើនឡើង ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ។ នៅពេលនោះ យើងអាចលូតលាស់ ដល់ពេញវ័យខាងវិញ្ញាណ នៅក្នុងទ្រង់។—JAMES BANKS
បទគម្ពីរប្រចាំថ្ងៃ
មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។- ម៉ាថាយ ៥:៦