
អំណោយដែលល្អបំផុត
ដោយAmy Boucher Pye
July 15, 2018
ពេលដែលខ្ញុំកំពុងរៀបចំឥវ៉ាន់ ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ នៅទីក្រុងឡុង ម្តាយរបស់ខ្ញុំក៏បានដើរមករកខ្ញុំ ដោយនាំយកអំណោយមួយមកជាមួយផង គឺចិញ្ជៀនមួយវង្ស ក្នុងចំណោយចិញ្ជៀនទាំងប៉ុន្មានរបស់គាត់ ដែលខ្ញុំបានស្ងើចសរសើរជាយូរមកហើយ។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ បានជាខ្ញុំសួរគាត់ថា “ម៉ាក់ឲ្យកូនធ្វើអី?” គាត់ក៏បានឆ្លើយថា “ម៉ាក់ចង់ឲ្យកូនសប្បាយចិត្ត នៅពេលឥឡូវនេះ។ ម៉ាក់មិនចង់រង់ចាំ ដល់ពេលម៉ាក់ស្លាប់ទេ។ ម្យ៉ាងទៀត ចិញ្ជៀននេះលែងល្មមម្រាមដៃម៉ាក់ហើយ”។ ខ្ញុំក៏បានទទួលអំណោយដែលមិនបានរំពឹងទុកនោះ ដោយទឹកមុខញញឹម ជាកេរមរតក ដែលគាត់បានប្រគល់ឲ្យមុនពេលកំណត់ ដែលបាននាំឲ្យខ្ញុំនូវក្តីអំណរ។ ម្តាយខ្ញុំបានឲ្យអំណោយជាសម្ភារៈមកខ្ញុំ ប៉ុន្តែ ព្រះយេស៊ូវបានសន្យាថា ព្រះវរបិតាទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អ្នកដែលទូលសូម(លូកា ១១:១៣)។ បើសិនជាឪពុកម្តាយដែលជាប់មានបាប អាចផ្តល់ឲ្យនូវរបស់ដែលចាំបាច់(ដូចជាត្រី ឬបាយ) ដល់កូនខ្លួនទៅហើយ នោះចំណងបើព្រះវរបិតា នៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់កូនទ្រង់ ជាងអម្បាលម៉ានទៅទៀត។ តាមរយៈអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ(យ៉ូហាន ១៦១:៣) យើងអាចពិសោធន៍នឹងសេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ ក្តីអំណរ និងសន្តិភាព សូម្បីតែនៅពេលដែលយើងមានទុក្ខ ហើយយើងអាចចែករំលែកអំណោយទាំងនេះ ជាមួយអ្នកដទៃ។ នៅក្នុងការចម្រើនវ័យធំឡើង យើងប្រហែលជាមានឪពុកម្តាយ ដែលមិនអាចស្រឡាញ់ និងថែរទាំយើងបានល្អ។ ពុំនោះទេ យើងប្រហែលជាមានឪពុកម្តាយ ដែលបានធ្វើជាគំរូដ៏ចែងចាំង នៃសេចក្តីស្រឡាញ់ ។ បើមិនដូច្នោះទេ យើង ស្ថិតនៅចន្លោះបទពិសោធន៍ទាំងពីរប្រភេទខាងលើ។ ទោះឪពុកម្តាយនៅផែនដីមានលក្ខណៈយ៉ាងដូចម្តេចក៏ដោយ ក៏យើងនៅតែអាចប្រកាន់ខ្ជាប់តាមព្រះបន្ទូល ដែលបានសន្យាថាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់យើងគ្មានទីបញ្ចប់។ ទ្រង់បានប្រទានកូនៗរបស់ទ្រង់ នូវអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ។ —AMY BOUCHER PYE
បទគម្ពីរប្រចាំថ្ងៃ
ចូររក នោះតែងនឹងឃើញ។ លូកា ១១:៩