
ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល
ដោយPhilip Yancey
August 15, 2018
ការជជែកគ្នា ស្ទើរតែទាំងអស់ នៅក្នុងព្រះគម្ពីរ យ៉ូប គឺបាននិយាយអំពីមូលហេតុ ដែលការឈឺចាប់ កើតមាន នៅក្នុងពិភពលោកនេះ។ ប៉ុន្តែ ការជជែកវែកញែកទាំងនោះ ហាក់ដូចជាមិនជួយដល់យ៉ូបប៉ុន្មានទេ។ បញ្ហារបស់គាត់ គឺជាបញ្ហានៃការទំនាក់ទំនង តែមិនមែនជាបញ្ហានៃការសង្ស័យទេ។ តើគាត់អាចទុកចិត្តព្រះជាម្ចាស់បានឬទេ? អ្វីដែលលោកយ៉ូបចង់បានបំផុតនោះ គឺគាត់ចង់ឲ្យព្រះជាម្ចាស់បង្ហាញព្រះវត្តមានទ្រង់ ព្រោះមានតែទ្រង់មួយអង្គគត់ ទើបអាចពន្យល់ អំពីមូលហេតុដែលគាត់មានជីវិតពិបាកយ៉ាងនេះ។ និយាយរួម គាត់ចង់ជួបជាមួយព្រះជាម្ចាស់ ដោយផ្ទាល់ មុខទល់នឹងមុខ។ នៅទីបំផុត យ៉ូបបានជួបព្រះជាម្ចាស់។ ព្រះទ្រង់ក៏បានយាងមកជួបលោកយ៉ូបដោយផ្ទាល់ (យ៉ូប ៣៨:១)។ ទ្រង់បានជ្រើសរើសពេលយាងមកជួបគាត់ ចំពេលដែលគេមិននឹកស្មាន គឺនៅពេលដែលលោកអេលីហ៊ូវ ដែលជាសំឡាញ់របស់គាត់ បានប្រាប់ពីមូលហេតុ ដែលលោកយ៉ូបគ្មានសិទ្ធិសុំឲ្យទ្រង់យាងមកជួបគាត់។ ទាំងលោកយ៉ូប និងពួកសំឡាញ់របស់គាត់ សុទ្ធតែមិនបានត្រៀមខ្លួន សម្រាប់ការអ្វីដែលព្រះទ្រង់នឹងមានបន្ទូលឡើយ។ លោកយ៉ូបបានប្រមូលសំណួរជាច្រើន សម្រាប់សួរទ្រង់។ តែផ្ទុយទៅវិញ គឺព្រះជាម្ចាស់ទេដែលជាអ្នកសួរសំណួរ នៅពេលនោះ។ ព្រះអង្គបានចាប់ផ្ដើម ដោយមានបន្ទូលថា “ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ។ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ” (យ៉ូប ៣៨:៣)។ ពេលនោះ ព្រះទ្រង់មិនបានយកព្រះទ័យទុកដាក់ នឹងការជជែកគ្នា នៅក្នុង ៣៥ជំពូកមុន ដែលនិយាយអំពីបញ្ហានៃការឈឺចាប់នោះឡើយ តែទ្រង់បានប្រទាននូវបទកំណាព្យ ដ៏មានព្រះចេស្ដា ស្ដីពីការអស្ចារ្យនៅក្នុងពិភពលោកនេះវិញ។ ព្រះបន្ទូលរបស់ព្រះ នៅថ្ងៃនោះ បង្ហាញឲ្យឃើញភាពខុសគ្នាស្រឡះ រវាងព្រះជាម្ចាស់លើគ្រប់អ្វីៗទាំងអស់ និងលោកយ៉ូប ដែលជាមនុស្សដ៏តូចតាច។ ព្រះវត្តមានរបស់ទ្រង់ បានឆ្លើយតបជាពិសេស ទៅនឹងសំណួរធំបំផុតរបស់យ៉ូប ដែលបានសួរថា តើមាននរណាខ្វល់ពីគាត់ឬទេ? ក្រោយមក លោកយ៉ូបគ្រាន់តែអាចឆ្លើយថា “គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្តីដែលអស្ចារ្យហួសល្បត់ ដែលទូលបង្គំមិនបានស្គាល់ឡើយ” (យ៉ូប ៤២:៣)។—Philip Yancey
បទគម្ពីរប្រចាំថ្ងៃ
តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ? យ៉ូប ៤០:២