កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំបានលេងកីឡាវាយកូនបាល់តិន្និស នៅក្នុងក្រុមខ្លាំង ប្រចាំសាលា។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ក្នុងវ័យជំទង់របស់ខ្ញុំ ដើម្បីហ្វឹកហាត់ឲ្យមានជំនាញកាន់តែប្រសើរឡើង នៅទីលានដែលមានវាលលេងតិន្និសបួនកន្លែង ដែលក្រាលដោយបេតុង ដែលស្ថិតនៅចម្ងាយផ្លូវបត់ពីរកន្លែង ពីផ្ទះខ្ញុំ។
ពេលខ្ញុំបានទៅលេងទីក្រុងនោះ កាលពីលើកមុន កិច្ចការទីមួយដែលខ្ញុំបានធ្វើ គឺខ្ញុំបើកឡានទៅកាន់ទីលានវាយតិន្នីស ដោយសង្ឃឹមថា នឹងបានមើលអ្នកដទៃលេង និងរំឭកអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន។ ប៉ុន្តែ ខ្ញុំមិនឃើញទីលានចាស់ៗ ដែលខ្ញុំនៅចាំ។ នៅកន្លែងនោះ មានតែវាលទំនេរចោល ដែលមានតែរុក្ខជាតិតូចៗដុះ ហើយយោលយោកយ៉ាងស្ងាត់ស្ងៀម តាមកម្លាំងខ្យល់បក់។
រឿងដែលខ្ញុំបានជួបពេលរសៀលថ្ងៃនោះ បានដិតជាប់ក្នុងគំនិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពខើចខ្លីនៃជីវិតមនុស្ស។ កន្លែងមួយក្នុងចំណោមកន្លែង ដែលខ្ញុំបានចំណាយកម្លាំងយុវវ័យដ៏ល្អបំផុតរបស់ខ្ញុំ នោះលែងមានទៀតហើយ! ក្រោយមក ពេលដែលខ្ញុំពិចារណា អំពីបទពិសោធន៍ទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីពិត ដែលស្ដេចដាវីឌបានពិពណ៌នា កាលទ្រង់មានវ័យចាស់ថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត តែសេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។
នៅពេលដែលយើងមានវ័យកាន់តែចាស់ ហើយពិភពលោកដែលនៅជុំវិញយើងក៏អាចមានការផ្លាស់ប្តូរ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនចេះប្រែប្រួលឡើយ។ យើងនៅតែអាចទុកចិត្តទ្រង់ជានិច្ច ព្រោះទ្រង់តែងតែថែរក្សាអស់អ្នកណា ដែលបែរមករកទ្រង់។—James Banks