ទ្រង់ស្គាល់ឈ្មោះរបស់យើងម្នាក់ៗ
ក្នុងអំឡុងពេលទស្សនៈកិច្ច នៅឯវិមានរំឭកហេតុការណ៍ ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងញូវយ៉ក ខ្ញុំក៏បានឃើញអាងទឹកភ្លោះមួយគូ ហើយក៏បានប្រញាប់ទាញកាំមេរ៉ាថតរូបអាងទឹកមួយ ក្នុងចំណោមអាងទឹកទាំងពីរ។ នៅជុំវិញអាងទឹកពីរនេះ មានឈ្មោះមនុស្សជិត៣០០០នាក់ ដែលបានស្លាប់ នៅក្នុងការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានគេឆ្លាក់នៅលើបន្ទះសំរឹទ្ធ។ ក្រោយមក ពេលខ្ញុំសម្លឹងមើលរូបថតនោះឲ្យបានជិត ភ្នែករបស់ខ្ញុំមានការទាក់ទាញ ឲ្យងាកមកមើលរូបដៃរបស់ស្ត្រីម្នាក់ ដែលដាក់នៅលើឈ្មោះមួយ ដែលគេបានឆ្លាក់នោះ។ មនុស្សជាច្រើនបានមកកន្លែងនេះ ដើម្បីដាក់ដៃប៉ះឈ្មោះណាមួយ ដើម្បីធ្វើការរំឭកអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅទីនោះ។ មានពេលមួយ ហោរាអេសាយបានរំឭកដល់រាស្ដ្ររបស់ព្រះ អំពីសេចក្ដីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់ ដែលទ្រង់មានចំពោះពួកគេ ទោះបីជាពួកគេចេះតែងាកបែរចេញពីទ្រង់ ជាច្រើនដងហើយក៏ដោយ។ ព្រះអម្ចាស់មានបន្ទូលថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ” (អេសាយ ៤៣:១)។ នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក ២៣ ស្ដេចដាវីឌបានថ្លែងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ … ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ” (ខ.៤,៦) ។…
Read article