
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ
ដោយKirsten Holmberg
October 21, 2018
កាលខ្ញុំកំពុងរស់នៅជាម្តាយដ៏វ័យក្មេងម្នាក់ ខ្ញុំបានប្តេជ្ញាចិត្តថា នឹងធ្វើកំណត់ហេតុ អំពីរយៈពេល១ឆ្នាំដំបូង នៃជីវិតរបស់កូនស្រីខ្ញុំ។ ជារៀងរាល់ខែ ខ្ញុំបានថតរូបនាងទុក ដើម្បីបង្ហាញអំពីការផ្លាស់ប្តូរ និងការលូតលាស់របស់នាង។ ក្នុងចំណោមរូបថតដែលខ្ញុំចូលចិត្តជាងគេ មានរូបថតមួយ ដែលខ្ញុំបានថត ពេលនាងកំពុងអង្គុយយ៉ាងរីករាយ នៅក្នុងផ្លែល្ពៅដ៏ធំមួយផ្លែ ដែលខ្ញុំបានទិញពីកសិករប្រចំាតំបន់ ហើយបានចោះឲ្យប្រហោងក្នុង។ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ពេលឃើញនាងអង្គុយនៅក្នុងផ្លែល្ពៅនោះ។ ផ្លែល្ពៅបានក្រៀមស្វឹតទៅ នៅសប្តាហ៍បន្ទាប់ ប៉ុន្តែ កូនស្រីខ្ញុំបានបន្តលូតលាស់ ហើយចម្រើនឡើង។ សាវ័កប៉ុលបានពិពណ៌នា អំពីការស្គាល់សេចក្តីពិត ដោយដឹងថា ព្រះយេស៊ូវជានរណា។ ការនេះបានធ្វើឲ្យខ្ញុំគិតដល់រូបថតនោះ។ គាត់បានប្រដូចការស្គាល់ព្រះយេស៊ូវ នៅក្នុងចិត្តយើង ទៅនឹងទ្រព្យសម្បត្តិដែលបានទុកនៅក្នុងក្អម។ ការនឹកចំា អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ធ្វើឲ្យយើងមានចិត្តក្លាហាន និងកម្លាំង សម្រាប់អត់ទ្រាំ ក្នុងទុក្ខលំបាក ទោះជាយើងត្រូវគេសង្កក់សង្កិនគ្រប់ជំពូកក៏ដោយ(២កូរិនថូស ៤:៨)។ ពេលគេវាយយើងដេកស្តូក តែមិនស្លាប់ យើងអាចបង្ហាញឲ្យអ្នកដទៃឃើញ ព្រះយេស៊ូវមានព្រះជន្មរស់នៅក្នុងយើង ដោយសារអំណាចចេស្តារបស់ព្រះជាម្ចាស់ នៅក្នុងជីវិតយើង(ខ.៩)។ យើងអាចមានអារម្មណ៍នឿយព្រួយ ដោយសារទុក្ខលំបាករបស់យើង ដូចជាផ្លែល្ពៅដែលក្រៀមស្វិត។ ប៉ុន្តែ ក្តីអំណររបស់យើងអាចចម្រើនឡើង ដោយសារព្រះយេស៊ូវ ទោះមានការប្រឈមមុខទាំងនោះក៏ដោយ។ ការស្គាល់ទ្រង់ ដោយដឹងថា អំណាចទ្រង់កំពុងធ្វើការក្នុងជីវិតយើង គឺជាទ្រព្យសម្បត្តិ ដែលបានរក្សាទុក ក្នុងរូបកាយរបស់យើង ដែលផុយស្រួយដូចដីឥដ្ឋ។ យើងអាចចម្រើនឡើង ក្នុងទុក្ខលំបាក ដោយសារអំណាចចេស្តាទ្រង់ កំពុងធ្វើការនៅក្នុងយើង។—KIRSTEN HOLMBERG
បទគម្ពីរប្រចាំថ្ងៃ
យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ។ ២កូរិនថូស ៤:៧