
ឪពុកនៅពេទ្យធ្មេញ
ដោយadamholz
November 5, 2018
មានពេលមួយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ ដែលមានអាយុ១០ឆ្នាំ បានទៅជួបពេទ្យធ្មេញ។ ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងបានទទួលមេរៀន អំពីដួងចិត្តរបស់ឪពុក នៅកន្លែងនោះទេ តែថ្ងៃនោះ ខ្ញុំក៏រៀនបាននូវមេរៀនដ៏ល្អមួយ។ ខ្ញុំបាននាំគាត់ ទៅជួបពេទ្យធ្មេញ ព្រោះធ្មេញថ្មីរបស់គាត់ បានដុះពីក្រោមធ្មេញទឹកដោះ ដែលមិនទាន់ជ្រុះនៅឡើយ។ យើងត្រូវដកធ្មេញទឹកដោះនោះចេញ គឺគ្មានជម្រើសផ្សេងទេ។ កូនប្រុសខ្ញុំក៏បាននិយាយទាំងទឹកភ្នែកថា “ប៉ា តើយើងមានជម្រើសផ្សេងទេ? តើយើងអាចរង់ចាំមើលធ្មេញនោះ នឹងទៅជាយ៉ាងណា? ប៉ា កូនមិនចង់ដកធ្មេញហ្នឹងទេ!” ខ្ញុំអាណិតគាត់ណាស់ តែខ្ញុំត្រូវប្រាប់គាត់ថា យើងត្រូវតែដកវាចោល គឺគ្មានជម្រើសផ្សេងទេ។ ខ្ញុំក៏បានកាន់ដៃគាត់ ខណៈពេលដែលគាត់កំពុងរើខ្លួនចុះឡើងៗ និងរមូលខ្លួន នៅពេលដែលពេទ្យធ្មេញកំពុងដកធ្មេញក្បាលរឹងនោះចេញ។ ទឹកភ្នែកខ្ញុំក៏បានស្រក់ចុះផងដែរ។ ខ្ញុំមិនអាចដកការឈឺចាប់ចេញពីគាត់បានទេ អ្វីដែលខ្ញុំអាចផ្តល់ឲ្យគាត់ គឺវត្តមានរបស់ខ្ញុំនៅក្បែរគាត់ ក្នុងពេលនោះ។ ខ្ញុំក៏បាននឹកចាំ អំពីយប់ដែលព្រះយេស៊ូវអធិស្ឋាន នៅសួនច្បារកេតសេម៉ានី ដើម្បីសូមឲ្យព្រះវរបិតាទ្រង់ ប្រទានដំណោះស្រាយផ្សេង។ តើព្រះវរបិតាមានព្រះទ័យឈឺចាប់យ៉ាងណា ពេលដែលព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ស្ថិតក្នុងការឈឺចាប់ខ្លាំងយ៉ាងនេះ? តែគ្មានដំណោះស្រាយអ្វីផ្សេងទៀត ដើម្បីជួយសង្រ្គោះរាស្រ្តរបស់ទ្រង់ឡើយ។ ក្នុងជីវិតរបស់យើង ជួនកាល យើងជួបរឿងដ៏ឈឺចាប់ ដែលមិនអាចជៀសរួច ដូចកូនប្រុសខ្ញុំដែរ។ ប៉ុន្តែ ដោយសារព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង តាមរយៈព្រះវិញ្ញាណទ្រង់ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌តែងតែគង់នៅជាមួយយើងជានិច្ច សូម្បីតែនៅក្នុងពេលដែលងងឹតបំផុតក៏ដោយ(ម៉ាថាយ ២៨:២០)។—ADAM HOLZ
បទគម្ពីរប្រចាំថ្ងៃ
ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ។ ម៉ាថាយ ២៦:៣៩