
ព្រះហស្តរបស់ព្រះ ដែលយើងមើលមិនឃើញ
ដោយPohfang Chia
December 7, 2018
មិត្តភក្តិរបស់ខ្ញុំម្នាក់ ត្រូវបានប្តីប្រពន្ធដែលជាបេសកជនមកពីសហរដ្ឋអាមេរិក យកទៅចិញ្ចឹម ហើយគាត់ក៏បានចម្រើនវ័យធំឡើង នៅប្រទេសហ្កាណា។ បន្ទាប់ពីក្រុមគ្រួសារគាត់បានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គាត់ក៏បានចាប់ផ្តើមចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែ គាត់ក៏បានបោះបង់ការសិក្សា។ ក្រោយមក គាត់ក៏បានចូលធ្វើទាហាន ដែលបាននាំឲ្យគាត់មានលទ្ធភាពបង់ថ្លៃមហាវិទ្យាល័យ ហើយធ្វើដំណើរទូទាំងពិភពលោក។ ព្រះទ្រង់បានធ្វើការក្នុងជីវិតគាត់ ក្នុងពេលដ៏ពិបាក ដោយរៀបចំខ្លួនគាត់ សម្រាប់តួនាទីដ៏ពិសេសមួយ។ សព្វថ្ងៃនេះ គាត់បាននិពន្ធ និងកែសម្រួលសៀវភៅគ្រីស្ទបរិស័ទ ដែលកំពុងតែបម្រើប្រិយមិត្តអ្នកអានអន្តរជាតិ។ ភរិយារបស់គាត់ ក៏មានទីបន្ទាល់ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ គាត់បានប្រឡងធ្លាក់ថ្នាក់គីមីវិទ្យា ក្នុងអំឡុងឆ្នាំទីមួយ នៅមហាវិទ្យាល័យ ដោយសារគាត់ត្រូវលេបថ្នាំដែលធ្វើទុក្ខខ្លាំង ដើម្បីព្យាបាលជម្ងឺស្កន់។ បន្ទាប់ពីគាត់បានធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន គាត់ក៏បានផ្លាស់ប្តូរ ពីការសិក្សាវិទ្យាសាស្ត្រ ទៅជាការសិក្សាភាសាគរបស់អាមេរិក ដែលងាយស្រួលរៀនជាងគីមីវិទ្យា។ ពេលដែលគាត់រំឭកអំពីរឿងនេះ គាត់ក៏បានមានប្រសាសន៍ថា “ព្រះជាម្ចាស់បានផ្លាស់ប្តូរទិសដៅនៃជីវិតរបស់ខ្ញុំ ដើម្បីបំពេញបំណងព្រះទ័យដែលប្រសើរជាងមុខ”។ សព្វថ្ងៃនេះ គាត់បាននាំមនុស្សគថ្លង់ជាច្រើន ឲ្យទទួលព្រះបន្ទូលដែលនាំឲ្យជីវិតផ្លាស់ប្រែ តាមរយៈភាសាគ។ តើនៅពេលខ្លះ អ្នកធ្លាប់ឆ្ងល់ថា ព្រះកំពុងតែដឹកនាំអ្នកទៅកន្លែងណាទេ? បទគម្ពីរទំនុកដំកើង ១៣៩:១៦ បានទទួលស្គាល់ព្រះហស្តដ៏មានចេស្តា ដែលធ្វើការក្នុងជីវិតយើង យ៉ាងដូចនេះថា “ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានតម្រូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ”។ យើងមិនដឹងថា ព្រះទ្រង់នឹងប្រើកាលៈទេសៈនៃជីវិតយើង យ៉ាងដូចម្តេចខ្លះទេ ប៉ុន្តែ យើងអាចសម្រាក ដោយដឹងថា ព្រះទ្រង់ជ្រាបអំពីយើង គ្មានកន្លែងចន្លោះ ហើយក៏កំពុងតែដឹកនាំយើង គ្រប់ជំហាន។ យើងមិនអាចមើលឃើញព្រះហស្តរបស់ទ្រង់ ដែលមានអំណាចគ្រប់គ្រង តែទ្រង់មិនដែលអវត្តមាន ពេលយើងមានបញ្ហាឡើយ។—POH FANG CHIA
បទគម្ពីរប្រចាំថ្ងៃ
ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានតម្រូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ។ ទំនុកដំកើង ១៣៩:១៦