សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង

ពេល​ដែល​លោក​អេដវីន ស្តាតុន(Edwin Stanton) បាន​ជួប​លោក​អាប្រាហាំ លីនខិន(Abraham Lincoln) ដែលជា​ប្រធានា​ធិបតី​អាមេរិក ជា​លើក​ទី​មួយ គាត់​បាន​ប្រមាថ​លោក​លីន​ខិន ដោយ​ផ្ទាល់​ខ្លួន និង​ជា​លក្ខណៈ​អាជីព ហើយ​ថែម​ទាំង​ហៅ​គាត់​ថា “សត្វ​ដៃ​វែង”ទៀត​ផង។ ប៉ុន្តែ លោក​លីនខិន​បាន​ឲ្យ​តម្លៃ ចំពោះ​សមត្ថ​ភាព​របស់​លោកស្តាតុន ហើយ​ក៏​បាន​សម្រច​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់ ព្រម​ទាំង​តែង​តាំង​គាត់ ឲ្យ​មាន​មុខ​តំណែង​ដ៏​សំខាន់ ក្នុង​គណៈ​រដ្ឋ​មន្រ្តី ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ ក្រោយ​មក លោក​ស្តាតុន​ក៏​កើត​មាន​សេចក្តី​ស្រឡាញ់ ចំពោះ​លោក​លីនខិន ដោយ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ លោក​ស្តាតុន គឺ​ជា​អ្នក​ដែល​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​លោក​លីនខិន ពេញ​មួយ​យប់ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​រូប​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​សាល​មហោ​ស្រព ហ្វ៊ដ ហើយ​ក៏​បាន​និយាយ​ខ្សិក​ខ្សួល ទាំង​ទឹក​ភ្នែក អំពី​មរណៈ​ភាព​របស់​គាត់​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​សម័យ​កាល នឹង​នឹក​ចាំ​ពី​គាត់”។

ការ​ផ្សះ​ផ្សា​គឺ​ជា​រឿង​ដ៏​ល្អ។​ សាវ័ក​ពេត្រុស​បាន​ចង្អុល​បង្ហាញ​ដល់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អំពី​រឿង​នេះ ដោយ​សរសេរសំបុត្រ​ប្រាប់​ពួក​គេ​ថា “តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេល​ដែល​ខ្ញុំ​បាន​អាន​សំបុត្រ​របស់​លោក​ពេត្រុស ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ពេល​លោក​ពេត្រុស​កំពុង​សរសេរ​សំបុត្រ​នេះ  គាត់​ប្រហែល​ជា​កំពុង​តែ​គិត អំពី​កាល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវ (លូកា ២២:៥៤-៦២) និង​អំពី​ការ​អត់​ទោស​បាប ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ដល់​គាត់ ក៏​ដូច​ជា​យើង​រាល់​គ្នា នៅ​លើ​ឈើ​ឆ្កាង។

សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ តាម​រយៈ​ការ​សុគត​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង បានរំដោះ​យើង ឲ្យ​រួច​ពី​បំណុល​នៃ​អំពើ​បាប​របស់​យើង ហើយ​បាន​បើក​ផ្លូវ ឲ្យ​យើង​ផ្សះផ្សា​ជា​មួយ​ព្រះ​ជា​ម្ចាស់​(កូល៉ុស ១:១៩-២០)។ ការ​អត់​ទោស​បាប​របស់​ទ្រង់ បាន​ជួយ​ឲ្យ​យើង​អាច​អត់​ទោស​ឲ្យ​អ្នក​ដទៃ ខណៈ​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា យើង​មិន​អាច​អត់​ទោស​ឲ្យ​គេ ដោយ​អាង​កម្លាំង​ខ្លួន​ឯង​បាន ហើយ​ក៏​សូម​ឲ្យ​ទ្រង់​ជួយ​យើង ឲ្យ​អាច​អត់​ទោស​ឲ្យ​គេ។ កាល​ណា​យើង​ស្រឡាញ់​អ្នក​ដទៃ ដោយសារ​ព្រះ​អង្គ​សង្រ្គោះ​បាន​ស្រឡាញ់​ពួក​គេ ហើយ​យើង​អត់ទោស​ឲ្យ​គេ ដោយសារ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង នោះ​ទ្រង់​នឹង​ប្រទាន​យើង​នូវ​កម្លាំង ដើម្បី​ឲ្យ​អាច​ដោះ​ចំណង​អតីត​កាល ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ ជា​មួយ​ទ្រង់ ចូល​ទៅ​ក្នុង​កន្លែង​នៃ​ព្រះ​គុណ ដែល​ជា​កន្លែង​ថ្មី​ដ៏​ស្រស់​ស្អាត។—JAMES BANKS

More articles