ព្រឹក

ពេលដែលត្រូវកែលម្អ
ដោយSatya
July 27, 2021
ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង។ អេភេសូរ ៤:២៣ មានពេលមួយ ខ្ញុំបានសម្រេចចិត្តធ្វើការកែលម្អផ្នែកខាងក្នុងផ្ទះ ឲ្យថ្មីឡើង។ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្តើមរៀបចំបន្ទប់មួយ ដើម្បីលាបថ្នាំជញ្ជាំង រដ្ឋបានប្រកាសថា នឹងផ្អាកការលក់ដូរទំនិញសម្រាប់កែលម្អផ្ទះ ដោយសារការរាតត្បាតនៃវីរុសកូវីត១៩។ គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំក៏បានប្រញាប់ទៅហាងលក់ទំនិញ ហើយក៏បានទិញសម្ភារៈដែលចាំបាច់។ បើគ្មានសម្ភារៈត្រឹមត្រូវទេ នោះខ្ញុំមិនអាចកែលម្អផ្ទះរបស់ខ្ញុំបានឡើយ។ សាវ័កប៉ុលក៏បានគិតអំពីការកែលម្អមួយបែប ពេលដែលគាត់សរសេរបទគម្ពីរអេភេសូរ ជំពូក៤។ ប៉ុន្តែ ការផ្លាស់ប្តូរដែលគាត់កំពុងតែនិយាយនោះ មិនមែនជាការផ្លាស់ប្តូរសើៗនោះទេ។ ការទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ធ្វើឲ្យយើងកើតជាថ្មី តែនៅមានព្រះរាជកិច្ចមួយចំនួន ដែលព្រះវិញ្ញាណចាំបាច់ត្រូវធ្វើ ក្នុងជីវិតយើង។ ព្រះអង្គត្រូវប្រើពេលវេលា និងធ្វើការទ្រង់ ដើម្បីឲ្យយើងសម្រេចនូវ “ភាពសុចរិត និងភាពបរិសុទ្ធពិតប្រាកដ”(អេភេសូរ ៤:២៤)។ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធធ្វើការផ្លាស់ប្តូរដ៏ចាំបាច់ ក្នុងជីវិតយើង ដែលអាចជួយឲ្យគេមើលឃើញព្រះយេស៊ូវ ក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។ ព្រះអង្គជួយយើងឲ្យជំនួសការកុហក ដោយការនិយាយ “សេចក្តីពិត”(ខ.២៥)។ ព្រះអង្គដឹកនាំយើង ឲ្យជៀសវាងអំពើបាប ដែលកើតឡើងពីកំហឹង(ខ.២៦)។ ហើយព្រះអង្គដឹកនាំយើង ឲ្យប្រើពាក្យ “ល្អៗសម្រាប់នឹងស្អាងចិត្ត”(ខ.២៩)។ ការប្រព្រឹត្តដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនេះ ជាផ្នែកមួយនៃការផ្លាស់ប្រែនៅខាងក្នុង ដែលបង្ហាញចេញមក ក្នុងភាពសប្បុរស ការអាណិត និងការអត់ឱនទោស(ខ.៣២)។ ព្រះវិញ្ញាណធ្វើការ ក្នុងយើង ដើម្បីជួយយើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ និងឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.២៤ ៥:១)។—Dave Branon តើមានផ្នែកណាខ្លះនៃចិត្តអ្នក ដែលត្រូវការព្រះវិញ្ញាណបរិសុទ្ធកែលម្អ ក្នុងជីវិតអ្នក តាមរយៈការដឹកនាំ និងកម្លាំងព្រះអង្គ? តើអ្នកនឹងចាប់ផ្តើម ដោយរបៀបណា? ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការធ្វើឲ្យទូលបង្គំកើតជាថ្មី ក្នុងព្រះគ្រីស្ទ។ សូមព្រះអង្គជួយទូលបង្គំក្នុងការប្រព្រឹត្ត តាមរយៈការដឹកនាំរបស់ព្រះអង្គ ដើម្បីបង្ហាញឲ្យគេឃើញការផ្លាស់ប្តូរ ដែលព្រះអង្គបានបង្កើតឲ្យមានក្នុងទូលបង្គំ។ Learn more about the Trinity at DiscoverySeries.org/HP101.
ប្រភេទ
ល្ងាច

រឿងធំជាង ក្នុងព្រះគម្ពីរប៊ីប
ដោយSatya
July 27, 2021
គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត។ ២ធីម៉ូថេ ៣:១៦ ពេលដែលលោកខូលីន(Colin) បើកប្រអប់ដាក់បំណែកកញ្ចក់ពណ៌ ដែលគាត់បានទិញ គាត់មិនបានឃើញបំណែកកញ្ចក់នោះទេ ផ្ទុយទៅវិញគាត់បានឃើញផ្ទាំងកញ្ចក់បង្អួចទាំងផ្ទាំងៗ។ គាត់ក៏បានស្រាវជ្រាវរកប្រភពដើមនៃកញ្ចក់បង្អួចនោះ ហើយក៏បានដឹងថា គេបានដោះកញ្ចក់បង្អួចទាំងនោះចេញពីព្រះវិហារ ដើម្បីការពារពួកវា ឲ្យរួចផុតពីការទំលាក់គ្រាប់បែក ក្នុងសម័យសង្រ្គាមលោកលើកទី២។ លោកខូលីន មានការស្ងើចសរសើរ ចំពោះទឹកដៃរបស់សិល្បករ និងរបៀបដែលគេតម្រៀបបំណែកកញ្ចក់ពណ៌ទំាងនោះ ចេញជារូបភាពដ៏ស្រស់ស្អាត។ និយាយដោយស្មោះត្រង់ទៅ មានពេលខ្លះ ខ្ញុំបានបើកមើលបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរប៊ីប ដែលមានដូចជា ជំពូក ដែលរៀបរាប់ពង្សាវតារមួយចំនួន ហើយភ្លាមៗនោះ ខ្ញុំមិនឃើញថា ការពិពណ៌នានោះមានភាពស៊ីសង្វាក់នឹងរូបភាពធំជាង នៃព្រះគម្ពីរទាំងមូលនោះឡើយ។ ឧទាហរណ៍ បទគម្ពីរលោកុប្បត្តិជំពូក១១ ជាជំពូក ដែលរៀបរាប់ឈ្មោះ គ្រួសារដែលយើងមិនសូវឮនិយាយ ដែលមានដូចជា សិម សេឡា ណាឃរ និងថេរ៉ាជាដើម(ខ.១០-៣២)។ ខ្ញុំច្រើនតែចង់គិតថា ផ្នែកទាំងនេះមិនសូវសំខាន់ ហើយមើលរំលង រួចចូលទៅផ្នែកដែលនិយាយអំពីអ្វី ដែលខ្ញុំចូលចិត្តអាន និងមានភាពស៊ីសង្វាក់ជាង ជាមួយនឹងការយល់ដឹងរបស់ខ្ញុំ អំពីការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប។ ដោយសារ “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង”(២ធីម៉ូថេ ៣:១៦) នោះព្រះវិញ្ញាណព្រះអង្គអាចជួយយើង ឲ្យមានការយល់ដឹងកាន់តែល្អជាងមុន អំពីរបៀបដែលផ្នែកតូចៗនីមួយៗអាចតម្រៀបចូលគ្នាបានល្អ ក្លាយជារូបភាពធំទាំងមូល ដោយបើកភ្នែកយើងឲ្យឃើញរបៀបដែលលោកសេឡា ជាប់ខ្សែស្រឡាញ់លោកអ័ប្រាហំា(លោកុប្បត្តិ ១១:១២-២៦) ដែលជាបុព្វបុរសរបស់ស្តេចដាវីឌ ហើយដែលសំខាន់ជាងនេះទៀតនោះ គាត់ជាបុព្វបុរសរបស់ព្រះយេស៊ូវ(ម៉ាថាយ ១២:៦,១៦)។ ព្រះអង្គសព្វព្រះទ័យនឹងធ្វើឲ្យយើងមានការភ្ញាក់ផ្អើល នឹងតម្លៃនៃរូបភាពធំទំាងមូល ដែលក្នុងនោះមានផ្នែកតូចៗ ដែលបើកបង្ហាញរឿងនៃបេសកកម្មរបស់ព្រះ ពេញព្រះគម្ពីរប៊ីប។—Kirsten Holmberg តើពេលណា អ្នកបានអានបទគម្ពីរ ដោយចាត់ទុកជាផ្នែកតូចមួយនៃរឿងដែលធំជាង? តើព្រះទ្រង់បានធ្វើការបង្ហាញដូចម្តេចខ្លះ ឲ្យអ្នកឃើញរូបភាពដ៏ស្រស់ស្អាត ដែលផ្គុំចូលគ្នាបង្កើតជារូបភាពធំជាង ក្នុងព្រះគម្ពីរប៊ីប? ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការធ្វើជាវិចិត្រករធំប្រសើរជាងគេ នៃព្រះគម្ពីរប៊ីប និងប្រវត្តិសាស្រ្តទាំងអស់ក្នុងព្រះគម្ពីរប៊ីប។ សូមព្រះអង្គជួយទូលបង្គំ ឲ្យបានឃើញព្រះអង្គ និងព្រះរាជកិច្ចព្រះអង្គ កាន់តែច្បាស់។ To grow deeper in your understanding of the Bible, visit ChristianUniversity.org/SF106.
ប្រភេទ
ល្ងាច

ចូលមកដោយដទៃទទេ
ដោយSatya
July 27, 2021
លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា។ លូកា ១៥:២០ មានពេលមួយ លោករ៉ូបឺត(Robert) បានមកចូលរួមការប្រជុំ ដែលមានការញំាអាហារពេលព្រឹក។ គាត់មានអារម្មណ៍ថា ខ្មាសគេ ពេលដែលដឹងខ្លួនថា គាត់បានភ្លេចយកកាបូបលុយមក។ បញ្ហានេះបានរំខានគាត់ជាខ្លាំង ដល់ថ្នាក់គាត់គិតថា តើគាត់គួរតែកុំញាំអាហារពេលព្រឹក ឬគ្រាន់តែរកអ្វីផឹកបានហើយ។ បន្ទាប់ពីមិត្តភក្តិគាត់បានលើកទឹកចិត្តគាត់ហើយ គាត់ក៏បានសម្រួលឥរិយាបថ។ គាត់ និងមិត្តភក្តិគាត់ក៏បានញាំអាហារពេលព្រឹក ដោយអំណរ ហើយមិត្តភក្តិគាត់ក៏បានចេញថ្លៃអាហារឲ្យគាត់យ៉ាងរីករាយ។ អ្នកប្រហែលជាធ្លាប់ជួបរឿងនេះ ឬរឿងផ្សេងទៀត ដែលធ្វើឲ្យអ្នកចាំបាច់ត្រូវទទួលជំនួយគេ។ វាជារឿងធម្មតាទេ ដែលយើងចង់ចេញលុយ ដោយខ្លួនឯង ប៉ុន្តែ នៅពេលខ្លះ យើងត្រូវតែបន្ទាបខ្លួន ទទួលអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយព្រះគុណទ្រង់។ ការតបស្នងប្រភេទខ្លះ អាចជាអ្វីដែលកូនពៅវង្វេងបានគិតដល់ ក្នុងបទគម្ពីរ ១៥:១៧-២៤ ខណៈពេលដែលគាត់ពិចារណា អំពីពាក្យដែលគាត់ត្រូវនិយាយទៅកាន់ឪពុកគាត់។ គឺដូចដែលគាត់បាននិយាយថា “ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”(ខ.១៩)។ តើគេត្រូវចាត់ទុកគាត់ជាជើងឈ្នួលឬ? ឪពុកគាត់ មិនធ្វើដូចនេះទេ! ក្នុងកែវភ្នែករបស់ឪពុកគាត់ គាត់ជាកូនជាទីស្រឡាញ់ ដែលបានវិលត្រឡប់មកផ្ទះវិញ។ ហេតុនេះហើយ គាត់ក៏បានទទួលការឱបថើបដោយក្តីស្រឡាញ់ពីឪពុកគាត់(ខ.២០)។ នេះជារូបភាពដ៏មានន័យ នៅក្នុងដំណឹងល្អ។ វាបានរំឭកយើងថា ដោយសារការសុគតរបស់ព្រះយេស៊ូវ នោះព្រះអង្គបានបើកបង្ហាញព្រះវរបិតាដែលមានក្តីស្រឡាញ់ ដែលបើកព្រះពាហុចំហ ទទួលស្វាគមន៍កូនរបស់ទ្រង់ ដែលវិលត្រឡប់មកវិញ ដោយដៃទទេ។ អ្នកនិពន្ធទំនុកសកលម្នាក់បានបកស្រាយយ៉ាងដូចនេះថា “ទូលបង្គំចូលមក ដោយគ្មានអ្វីក្នុងដៃ គឺគ្រាន់តែចង់តោងឈើឆ្កាងព្រះអង្គឲ្យជាប់”។—Arthur Jackson តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលបានដឹងថា ព្រះយេស៊ូវបានបង់ថ្លៃលោះបាបអ្នក ហើយអ្នកអាចទទួលការអត់ទោសបាបសម្រាប់អំពើបាបទាំងអស់របស់អ្នក? បើអ្នកមិនដែលបានទទួលការអត់ទោសបាបពីព្រះអង្គទេ តើមានអ្វីដែលបានរារាំងអ្នក មិនឲ្យទទួលអំណោយនេះ តាមរយៈព្រះយេស៊ូវ? ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យទទួល និងអរសប្បាយ នឹងការអត់ទោសបាប ដែលព្រះអង្គបានប្រទាន តាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ។
ប្រភេទ
ល្ងាច

បុរសដែលពូកែអធិស្ឋាន
ដោយSatya
July 27, 2021
ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ១ថែស្សាឡូនិច ៥:១៧-១៨ ក្រុមគ្រួសារខ្ញុំបាននឹកចំាជីតារបស់ខ្ញុំឈ្មោះដឺរឃីង(Dierking) ថា ជាបុរសដែលមានជំនឿ និងការអធិស្ឋានដ៏រឹងមាំ។ ប៉ុន្តែ យើងមិនតែងតែបាននឹកចាំ អំពីគាត់យ៉ាងដូចនេះជានិច្ចនោះទេ។ ម្តាយមីងរបស់ខ្ញុំបានរំឭក អំពីលើកទីមួយ ដែលឪពុកគាត់បានប្រកាសទៅកាន់គ្រួសារគាត់ថា “យើងនឹងចាប់ផ្តើមអធិស្ឋានអរព្រះគុណព្រះ មុនពេលយើងញាំអាហារ”។ ការអធិស្ឋានរបស់គាត់ជាលើកទីមួយ មានភាពរដិបរដុប ប៉ុន្តែ គាត់បានបន្តអនុវត្តនូវការអធិស្ឋាន អស់រយៈពេល៥០ឆ្នាំ ដែលជាញឹកញាប់ គាត់បានអធិស្ឋានពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ពេលគាត់លាចាកលោក ស្វាមីខ្ញុំបានជូនជីដូនខ្ញុំ នូវដើមផ្កាដែលមានស្លឹកដូចដៃអធិស្ឋាន ដោយនិយាយថា “លោកតា ជាមនុស្សពូកែអធិស្ឋាន”។ ការដែលជីតាខ្ញុំបានសម្រេចចិត្តដើរតាមព្រះ ហើយនិយាយទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃ បានកែប្រែគាត់ ឲ្យក្លាយជាអ្នកបម្រើព្រះគ្រីស្ទដ៏ស្មោះត្រង់។ ព្រះគម្ពីរប៊ីបបាននិយាយអំពីការអធិស្ឋាន ជាញឹកញាប់។ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវបានប្រទាននូវគំរូនៃការអធិស្ឋាន ដល់អ្នកដើរតាមព្រះអង្គ ដោយបង្រៀនពួកគេ ឲ្យចូលទៅរកព្រះ ដោយការសរសើរដំកើងដ៏ស្មោះត្រង់ ដោយដឹងថា ព្រះអង្គជានរណា។ ពេលណាយើងទូលសូមដល់ព្រះ យើងទុកចិត្តថា ព្រះអង្គប្រទាន “អាហារប្រចាំថ្ងៃ”(ខ.១១)។ ពេលណាយើងសារភាពអំពើបាបរបស់យើង យើងទូលសូមការអត់ទោសបាប និងជំនួយពីព្រះអង្គ ដើម្បីជៀសវាងការការល្បួង(ខ.១២-១៣)។ ប៉ុន្តែ យើងមិនគ្រាន់តែអធិស្ឋាន តាម “ការអធិស្ឋានរបស់ព្រះអម្ចាស់” ប៉ុណ្ណោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រើការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់ប្រភេទ (អេភេសូរ ៦:១៨)។ ការអធិស្ឋានមានសារៈសំខាន់ ចំពោះការលូតលាស់ខាងវិញ្ញាណរបស់យើង ហើយផ្តល់ឲ្យយើងនូវឱកាស សន្ទនាជាមួយព្រះអង្គជារៀងរាល់ថ្ងៃ(១ថែស្សាឡូនិច ៥:១៧-១៨)។ ខណៈពេលដែលយើងចូលមករកព្រះអង្គ ដោយចិត្តដែលមានការបន្ទាបខ្លួន ដែលចង់និយាយទៅកាន់ព្រះអង្គ សូមព្រះអង្គជួយយើង ឲ្យស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើង។—Cindy Hess Kasper តើព្រះទ្រង់មានបន្ទូលដូចម្តេចខ្លះ អំពីការអធិស្ឋានដែលបន្ទាបខ្លួនរបស់កូនទ្រង់ ដែលមិនសូវពីរោះ? តើអ្នកអាចធ្វើឲ្យការអធិស្ឋានរបស់អ្នក ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក ដោយរបៀបណា? ឱព្រះវរបិតា នៃយើងខ្ញុំដែលគង់ស្ថានសួគ៌ ចិត្តទូលបង្គំសូមសរសើរដំកើងព្រះអង្គ សម្រាប់ការឲ្យទូលបង្គំអធិស្ឋាន ដែលជាព្រះពរមកពីព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការទទួលទូលបង្គំដោយក្តីស្រឡាញ់ ពេលណាទូលបង្គំស្រែករកព្រះអង្គ។ To grow deeper in your understanding of prayer, visit ChristianUniversity.org/understandingprayer.