August 18, 2021

You are here:
ព្រះទ្រង់ជ្រាបអំពីរឿងរបស់អ្នក

ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ពោល​ពាក្យ​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ធ្វើ​ការ​ក្នុង​ជីវិត​នាង។ នាង​ស្គាល់​ខ្ញុំ និង​ស្រឡាញ់​ខ្ញុំ ទោះ​ខ្ញុំ​មាន​ចំណុច​ដែល​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ចូល​ចិត្ត​ក៏​ដោយ។ នាង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច ដែល​ទទួល​ស្វាគមន៍​ខ្ញុំ ដោយ​មិន​ប្រកាន់ បុគ្គលិក​លក្ខណៈ ទម្លាប់ និង​ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ។ តែ​នៅ​មាន​ផ្នែក​ខ្លះ​នៃ​រឿង​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ចង់​ចែក​ចាយ​ដល់​នាង និង​អ្នក​ដទៃ​ទៀត​ដែល​ខ្ញុំ​ស្រឡាញ់ គឺ​ត្រង់​ផ្នែក​ដែល​ខ្ញុំ​ពិត​ជា​មិន​បាន​ជួយ​ពួក​គេ ខ្ញុំ​ចូល​ចិត្ត​វិនិច្ឆ័យ​គេ មិន​សប្បុរស ឬ​ខ្វះ​ក្តី​ស្រឡាញ់។​ ប៉ុន្តែ ព្រះ​ទ្រង់​ពិត​ជា​បាន​ជ្រាប​អំពី​រឿង​របស់​ខ្ញុំ​ទាំង​មូល។​ ខ្ញុំ​អាច​និយាយ​ទៅ​កាន់​ព្រះ​អង្គ អំពី​រឿង​ខ្ញុំ ដោយ​សេរី ទោះ​ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ក៏​ដោយ។​ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៩ បាន​ពិពណ៌នា អំពី​ការ​ប្រកប​ស្និទ្ធស្នាល​ដែល​យើង​អាច​មាន ដោយ​អំណរ​ជា​មួយ​ព្រះ​ដ៏​ជា​ស្តេច។ ព្រះ​អង្គ​ស្គាល់​យើង​គ្មាន​កន្លែង​ចន្លោះ(ខ.១)។ ព្រះ​អង្គ​ស្គាល់​ផ្លូវ​ទាំង​អស់​របស់​យើង​(ខ.៣)។ ព្រះ​អង្គ​ត្រាស់​ហៅ​យើង ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ពេល​យើង​មាន​ការ​ភ័ន្ត​ភាំង ​មាន​ចិត្ត​ថប់​បារម្ភ និង​​តយុទ្ធ​នឹង​ការ​ល្បួង។ ពេល​ណា​យើង​ព្រម​ចុះ​ចូល​ព្រះ​អង្គ​ទាំង​ស្រុង ព្រះ​អង្គ​ឈោង​មក​រក​យើង ដើម្បី​ស្តា​យើង​ឡើង​វិញ ហើយ​សរសេរ​រឿង​របស់​យើង​ជា​ថ្មី នៅ​ត្រង់​ផ្នែក​ដែល​បាន​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត ដោយសារ​យើង​បាន​វង្វេង​ចេញ​ពី​ព្រះ​អង្គ។​ ព្រះ​ទ្រង់​ស្គាល់​យើង លើស​ពី​លទ្ធភាព​ដែល​គេ​អាច​ស្គាល់​យើង ហើយ​ព្រះអង្គ​នៅ​តែ​ស្រឡាញ់​យើង! ពេល​ណា​យើង​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ហើយ​ព្យាយាម​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ព្រះ​អង្គ​អាច​កែ​ប្រែ​រឿង​របស់​យើង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។ ព្រះ​អង្គ​ជា​អ្នក​និពន្ធ ដែល​កំពុងតែ​បន្ត​សរសេរ​រឿង​នៃ​ជីវិត​យើង។​—Cindy Hess Kasper

Read article