ព្រះអង្គជាគ្រូពេទ្យល្អបំផុត
ពេលដែលការព្យាបាលរបស់ពេទ្យ បានចាប់ផ្តើមផ្តល់ឲ្យនូវភាពធូរស្រាល សម្រាប់សមាជិកក្រុមគ្រួសារម្នាក់ ដែលមានបញ្ហាប្រតិកម្មម្ហូបអាហារធ្ងន់ធ្ងរ ខ្ញុំមានចិត្តរំភើបរីករាយណាស់ បានជាខ្ញុំជជែកអំពីរឿងនេះជានិច្ច។ ខ្ញុំបានរៀបរាប់ អំពីដំណើរនៃការព្យាបាលដ៏ល្អិតល្អន់ ហើយសរសើរវេជ្ជបណ្ឌិត ដែលបានបង្កើតកម្មវិធីនេះ។ ទីបំផុត មិត្តភក្តិមួយចំនួនក៏បាននិយាយថា “យើងគិតថា យើងគួរតែថ្វាយការសរសើរដល់ព្រះ សម្រាប់ការប្រោសឲ្យជា”។ ពាក្យនេះបានធ្វើឲ្យខ្ញុំនៅទ្រឹងមួយកន្លែង។ តើខ្ញុំបានភ្លេចព្រះដែលជាគ្រូពេទ្យល្អបំផុត ហើយបែរជាថ្វាយបង្គំការប្រោសឲ្យជា ដូចរូបព្រះឬ? ប្រជាជនអ៊ីស្រាអែលក៏ធ្លាប់ធ្លាក់ចូលទៅក្នុងអន្ទាក់ស្រដៀងនេះផងដែរ ខណៈពេលដែលពួកគេចាប់ផ្តើមដុតកំញានថ្វាយរូបពស់លង្ហិន ដែលព្រះទ្រង់ធ្លាប់បានប្រើ ដើម្បីប្រោសពួកគេឲ្យជា។ ពួកគេបានអនុវត្តនូវការថ្វាយបង្គំនេះ ទាល់តែស្តេចហេសេគាបានចាត់ទុកការនេះជាការថ្វាយបង្គំរូបព្រះ ហើយក៏បានបំផ្លាញរូបពស់ដែលលោកម៉ូសេបានបង្កើតនោះ(២ពង្សាវតាក្សត្រ ១៨:៤)។ កាលប៉ុន្មានសតវត្សរ៍មុន សត្វពស់មួយហ្វូងបានចូលកន្លែងបោះជំរុំរបស់ពួកអ៊ីស្រាអែល។ សត្វពស់ក៏បានចឹកពួកគេ ហើយមនុស្សជាច្រើនបានស្លាប់(ជនគណនា ២១:៦)។ ទោះការបះបោរខាងវិញ្ញាណ បានបណ្តាលឲ្យមានបញ្ហា ពួកបណ្តាជនក៏បានស្រែកសូមឲ្យព្រះជួយ។ ព្រះអង្គក៏បានបង្ហាញសេចក្តីមេត្តា ដោយបង្គាប់លោកម៉ូសេឲ្យឆ្លាក់រូបពស់ពីលង្ហិន ចងជាប់នឹងបង្គោល លើកឲ្យខ្ពស់ ដើម្បីឲ្យគេរាល់គ្នាអាចមើលឃើញ។ ពេលដែលពួកបណ្តាជនមើលទៅរូបពស់នោះ ពួកគេក៏បានទទួលការប្រោសឲ្យជា(ខ.៤-៩)។ ចូរគិតអំពីអំណោយដែលព្រះប្រទានអ្នក។ តើអ្នកបានសរសើរអំណោយណាមួយ ជាជាងនឹកចាំអំពីភស្តុតាងនៃសេចក្តីមេត្តា និងព្រះគុណរបស់ព្រះឬទេ? មានតែព្រះដ៏បរិសុទ្ធរបស់យើង ដែលជាប្រភពនៃអំណោយល្អៗ(យ៉ាកុប ១:១៧) ដែលសក្តិសមនឹងឲ្យយើងថ្វាយបង្គំ។—Jennifer Benson Schuldt
Read article