
សណ្ឋាគារកូរ៉ូណា
ដោយSatya
September 9, 2021
សណ្ឋាគារ ឌែន នៅទីក្រុងយេរូសាឡិម បានផ្លាស់ប្តូរឈ្មោះថ្មី ក្នុងឆ្នាំ២០២០ ទៅជា “សណ្ឋាគារកូរ៉ូណា”។ រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល បានសម្រេចប្រើប្រាស់សណ្ឋាគារនេះ សម្រាប់ឲ្យអ្នកជំងឺកូវីត១៩ សម្រាកព្យាបាល ហើយគេក៏បានទទួលស្គាល់ថា សណ្ឋាគារនេះជាទីកន្លែងដ៏កម្រ ដែលមានក្តីអំណរ និងការរួបរួម ក្នុងពេលដ៏ពិបាកនេះ។ ដោយសារអ្នកដែលមកស្នាក់នៅទីនោះ សុទ្ធតែមានវីរុសកូវីត ដូចនេះពួកគេអាចច្រៀង រាំង និងសើចសប្បាយជាមួយគ្នា ដោយសេរី។ ខណៈពេលដែលភាពតានតឹង ក្នុងប្រទេសនេះ កំពុងតែមានការកើនឡើង រវាងក្រុមនយោបាយ និងសាសនាផ្សេងៗ អ្នកជំងឺទាំងនោះក៏កំពុងតែស្ថិតនៅក្នុងរឿងវិបត្តិតែមួយ ដែលនាំឲ្យពួកគេមានឱកាសមើលគ្នាទៅវិញទៅមក ឃើញភាពជាមនុស្ស ក្នុងពួកគេម្នាក់ៗ ហើយថែមទាំងក្លាយជាមិត្តភក្តិផងដែរ។ វាជារឿងធម្មតាទេ ដែលយើងជួបការទាក់ទាញ ឲ្យងាកទៅរកអ្នកដែលយើងយល់ថា មានលក្ខណៈស្រដៀងយើង គឺ មនុស្សដែលយើងសង្ស័យថា មានបទពិសោធន៍ និងគោលតម្លៃស្រដៀងនឹងយើង។ ប៉ុន្តែ ដូចដែលសាវ័កប៉ុលច្រើនតែនិយាយសង្កត់ធ្ងន់ ដំណឹងល្អគឺជាការប្រឆាំងមកលើរនាំងនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដែលយើងមើលឃើញថា “ជារឿងធម្មតា”(២កូរិនថូស ៥:១៥)។ តាមរយៈកញ្ចក់ឆ្លុះមើល នៃដំណឹងល្អ យើងមើលឃើញរូបភាព ដែលធំជាងភាពខុសគ្នារបស់យើង គឺឃើញបញ្ហាដែលយើងមានដូចគ្នា ដែលមានដូចជា ភាពប្រេះបែក ការស្រេកឃ្លាន និងការត្រូវការការប្រោសឲ្យជា ក្នុងសេចក្តីស្រឡាញ់របស់ព្រះជាដើម។ បើយើងជឿថា ព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សទាំងអស់ នោះយើងក៏មិនអាចមានការពេញចិត្ត នឹងការសន្និដ្ឋានរាក់កំភែល មកលើអ្នកដទៃ។ ផ្ទុយទៅវិញ “សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានជំរុញចិត្តយើង”(ខ.១៤) ឲ្យចែកចាយសេចក្តីស្រឡាញ់ និងបេសកកម្មរបស់ទ្រង់ ដល់អ្នកដែលព្រះទ្រង់បានស្រឡាញ់ លើសការស្រមៃរបស់យើង ពោលគឺ ស្រឡាញ់យើងរាល់គ្នា។—Monica La Rose
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ … គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ។ ២កូរិនថូស ៥:១៤,១៦