ដោយសារលោករ៉ប់(Rob) បានចម្រើនវ័យធំឡើង ដោយគ្មានឪពុក គាត់ក៏ខកខានមិនបានទទួលចំណេះដឹងជាក់ស្តែង ដែលឪពុកទាំងឡាយ ច្រើនតែផ្ទេរឲ្យកូនៗរបស់ខ្លួន។ គាត់មិនចង់ឲ្យនរណាម្នាក់ខ្វះជំនាញដ៏ចាំបាច់ សម្រាប់ការរស់នៅ ដូចនេះ គាត់ក៏បានផលិតវីដេអូអប់រំ ដាក់យូធូប ក្នុងChannel “Dad, How Do I?” (ប្រែថា លោកពុក តើខ្ញុំធ្វើកិច្ចការនេះដូចម្តេច?)ដើម្បីបង្ហាញពីរបៀបធ្វើកិច្ចការចាំបាច់ជាច្រើន រាប់ចាប់តាំងពីរបៀបស្វានជញ្ជាំង រហូតដល់របៀបដូរកង់ឡានជាដើម។ ដោយការអាណិត និងភាពកក់ក្តៅ លោករ៉ប់ក៏បានក្លាយជាបុគ្គលដ៏ល្បី ក្នុងយូធូប ដោយមានអ្នក subscribe រាប់លាននាក់។
មនុស្សជាច្រើនចង់ឲ្យឪពុកម្តាយ ឬអាណាព្យាបាល បង្រៀនខ្លួននូវជំនាញដ៏មានតម្លៃ ដើម្បីជួយពួកគេឲ្យអាចឆ្លងកាត់ស្ថានភាពដ៏ពិបាក។ លោកម៉ូសេក៏ត្រូវការប្រាជ្ញា បន្ទាប់ពីគាត់ និងពួកអ៊ីស្រាអែលភៀសខ្លួន ពីភាពជាទាសករ ចេញពីទឹកដីអេស៊ីព្ទ ហើយក៏បានរួមគ្នាជាជាតិសាសន៍មួយ។ លោកយេត្រូ ដែលជាឪពុកក្មេករបស់លោកម៉ូសេ ក៏បានឃើញគាត់មានការហត់នឿយ នៅក្នុងការដោះស្រាយជម្លោះរបស់ពួកបណ្តាជន។ ដូចនេះ លោកយេត្រូ ក៏បានឲ្យយោបល់ដល់លោកម៉ូសេ ដើម្បីឲ្យគាត់ចែករំលែកការទទួលខុសត្រូវដល់អ្នកដឹកនាំក្រោមគាត់(និក្ខមនំ ១៨:១៧-២៣)។ លោកម៉ូសេក៏បាន “ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមពាក្យលោកថាទាំងប៉ុន្មាន”(ខ.២៤)។
ព្រះទ្រង់ជ្រាបថា យើងរាល់គ្នាសុទ្ធតែត្រូវការប្រាជ្ញា។ អ្នកខ្លះប្រហែលជាព្រះប្រទានពរ ឲ្យមានឪពុកម្តាយ ដែលផ្តល់យោបល់ប្រកបដោយប្រាជ្ញា តែបើយើងមិនមានប្រាជ្ញាទេ នោះចូរយើងទូលសូមប្រាជ្ញាពីព្រះអង្គ ដែលប្រទានប្រាជ្ញា ដល់អ្នកដែលទូលសូម(យ៉ាកុប ១:៥)។ ព្រះអង្គក៏ប្រទានប្រាជ្ញា ក្នុងទំព័រព្រះគម្ពីរប៊ីបទាំងមូល ដែលរំឭកយើងថា ពេលណាយើងបន្ទាបខ្លួនស្តាប់តាមប្រាជ្ញា ដោយចិត្តស្មោះត្រង់ យើងនឹងមានប្រាជ្ញាទៅខាងមុខ(សុភាសិត ១៩:២០) ដើម្បីចែករំលែកដល់អ្នកដទៃ។—Lisa M. Samra