
ការយល់ដឹង មកពីព្រះវិញ្ញាណបរិសុទ្ធ
ដោយBill Crowder
October 17, 2021
ពេលដែលទាហានបារាំងម្នាក់បានជីកដីខ្សាច់ នៅវាលខ្សាច់ ដើម្បីធ្វើឲ្យបន្ទាយទ័ពរបស់ខ្លួនកាន់តែមានភាពរឹងមាំ គាត់មិនបានដឹងទេថា គាត់កំពុងធ្វើការរុករកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ពេលដែលគាត់ជីកដីបានមួយប៉ែលទៀត គាត់ក៏បានឃើញថ្មមួយផ្ទាំង។ នោះមិនមែនជាថ្មធម្មតាឡើយ។ វាជាថ្មរ៉ូសេតា និងជាសិលាចារិក ដែលកត់ទុកនូវច្បាប់ និងការដឹកនាំរបស់ស្តេច ផ្តូឡូមី ទី៤ ដែលបានចារិកជាបីភាសា។ ផ្ទាំងថ្មនោះ(សព្វថ្ងៃ រក្សាទុកក្នុងសារៈមន្ទីរអង់គ្លេស) ស្ថិតក្នុងចំណោមការរុករកឃើញ ដ៏សំខាន់បំផុត ក្នុងវិស័យបុរាណវត្ថុវិទ្យា នៃសតវត្សរ៍ទី១៩ ដោយគេសង្ឃឹមថា នឹងបានយល់អាថ៌កំបាំង នៃអក្សរបុរាណរបស់ជនជាតិអេស៊ីព្ទ។ ព្រះគម្ពីរប៊ីបក៏បានបង្កប់នូវអាថ៌កំបាំងជាច្រើនផងដែរ។ ប៉ុន្តែ នៅពេលយប់ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានសន្យាពួកសិស្សថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងចុះមក។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនិងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក”(យ៉ូហាន ១៦:១៣)។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យយើងយល់សេចក្តីពិត ដែលរាប់បញ្ចូលទាំងការអាថ៌កំបាំងក្នុងព្រះគម្ពីរប៊ីបផងដែរ។ ព្រះអង្គមិនបានសន្យាថា យើងនឹងយល់អំពីអ្វីៗទាំងអស់ ដែលមានចែងក្នុងព្រះគម្ពីរនោះទេ តែយើងអាចទុកចិត្តថា ដោយពឹងអាងព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចយល់អំពីសេចក្តីអ្វីដែលចាំបាច់ ដើម្បីឲ្យយើងអាចដើរតាមព្រះយេស៊ូវ។ ព្រះអង្គនឹងដឹកនាំយើង ចូលទៅក្នុងសេចក្តីពិតដ៏សំខាន់នេះ។—Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត។ យ៉ូហាន ១៦:១៣