បន្ទាប់ពីឈែលស៊ី(Chelsea) ដែលជាក្មេងអាយុ១០ឆ្នាំ បានទទួលសម្ភារៈសម្រាប់គូរគំនូរ នាងក៏បានរកឃើញថា ព្រះទ្រង់បានប្រើសិល្បៈ ដើម្បីជួយឲ្យនាងមានអារម្មណ៍ល្អជាងមុន ពេលណានាងពិបាកចិត្ត។ ពេលដែលនាងរកឃើញថា មានក្មេងខ្លះ មិនមានសម្ភារៈសម្រាប់គូរគំនូរ នាងចង់ជួយពួកគេ។ ដូចនេះ ដល់ពេលថ្ងៃកំណើតរបស់នាងមកដល់ នាងបានសុំមិត្តភក្តិនាង មិនឲ្យ ទិញកាដូឲ្យនាងឡើយ។ ផ្ទុយទៅវិញ នាងក៏បានអញ្ជើញពួកគេឲ្យបរិច្ចាគសម្ភារៈសម្រាប់គូរគំនូរ និងដាក់អំណោយចូលក្នុងប្រអប់ សម្រាប់ក្មេងក្រីក្រ។
ក្រោយមក ដោយមានជំនួយពីគ្រួសាររបស់នាង នាងក៏បានបង្កើតការងារមនុស្សធម៌ ឆេលស៊ី។ នាងក៏បានចាប់ផ្តើម ស្នើមនុស្សកាន់តែច្រើន ឲ្យជួយស្វែងរកអំណោយដាក់ចូលក្នុងប្រអប់របស់នាង ដើម្បីឲ្យនាងអាចជួយក្មេងកាន់តែច្រើន។ នាងថែមទាំងបានបង្រៀនគន្លឹះគូរគំនូរ ដល់ក្រុមដែលបានទទួលប្រអប់អំណោយរបស់នាង។ បន្ទាប់ពីកាសែតមួយ ប្រចាំតំបន់ បានសម្ភាសឈែលស៊ី មនុស្សនៅទូទាំងប្រទេសក៏បានចាប់ផ្តើមបរិច្ចាគសម្ភារៈសម្រាប់គូរគំនូរ។ ខណៈពេលដែលការងារមនុស្សធម៌ ឆេលស៊ីបន្តផ្ញើសម្ភារៈសម្រាប់គូរគំនូរ ទៅក្រៅប្រទេស ក្មេងស្រីម្នាក់នេះកំពុងតែបង្ហាញឲ្យគេដឹង អំពីរបៀបដែលព្រះទ្រង់ប្រើយើង ពេលណាយើងស្ម័គ្រចិត្តរស់នៅ ដើម្បីបម្រើអ្នកដទៃ។
ក្តីអាណិត និងការស្ម័គ្រចិត្តរបស់ឈែលស៊ី ក្នុងការចែករំលែក បានឆ្លុះបញ្ចាំងអំពីចិត្តជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ។ សាវ័កពេត្រុសបានលើកទឹកចិត្តអ្នកជឿទាំងអស់ ឲ្យធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ខណៈពេលដែលពួកគេ “ស្រឡាញ់គ្នាអស់ពីចិត្ត” ដោយចែករំលែកធនធាន និងប្រើអំណោយទាន ដែលព្រះបានប្រទានពួកគេ(១ពេត្រុស ៤:៨-១១)។
សកម្មភាពនៃក្តីស្រឡាញ់ដ៏តូចរបស់យើង អាចបណ្តាលចិត្តអ្នកដទៃ ឲ្យចូលរួមជាមួយយើង នៅក្នុងការចែករំលែក។ ព្រះទ្រង់អាចនាំអ្នកគាំទ្រយើង ឲ្យបម្រើជាមួយយើង។ ខណៈពេលដែលយើងពឹងផ្អែកលើព្រះ យើងអាចរស់នៅ ដើម្បីបម្រើ និងថ្វាយសិរីល្អ ដែលព្រះអង្គសក្តិសមនឹងទទួល។—Xochitl Dixon