ប្រយុទ្ធបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧

សាលា​រៀន​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ ប្រាយអិន(Brian) បង្វឹក​ក្រុម​បាល់​ទាត់ បាន​ចាញ់​ការ​ប្រកួត​ប្រចាំ​រដ្ឋ ក្នុង​ការ​ប្រយុទ្ធ​ដ៏​ស្វិត​ស្វាញ។ គូរ​ប្រកួត​របស់​ពួក​គេ​ប្រកួត​មិន​ដែល​ចាញ់​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ។ ខ្ញុំ​ក៏​បាន​ផ្ញើ​សា​របង្ហាញ​ការ​សោក​ស្តាយ ដល់​គាត់ ហើយ​ក៏​បាន​ទទួល​សារ​ត្រឡប់​មក​វិញ​ថា “ក្មេងៗ​បាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ”​។​

គ្មាន​គ្រូ​បង្វឹក​ណា ដែល​បំបាក់​មុខ​កីឡាករ​របស់​ខ្លួន​ បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​នោះ​ទេ។ គ្មាន​នរណា​ស្រែក​ដាក់​ពួក​គេ ដោយសារ​ពួក​គេ​ចាញ់ ឬ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ប្រកួតទេ។ ទេ គ្រូ​បង្វឹក​បាន​បង្ហាញ​ចេញ​នូវ​ការ​កោត​សរសើរ​កីឡាករ​វ័យ​ក្មេង នូវ​ចំណុច​ដែល​អាច​សរសើរ។

សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ក៏​នឹង​មិន​ឮ​ពាក្យ​ថ្កោល​ទោស​ធ្ងន់​ៗ ពី​ព្រះ​អង្គ​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក ហើយ​យើង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ព្រះ​អង្គ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ឡើយ។ ព្រះ​អង្គ​ទត​មើល​ការ​ល្អ​ត្រឹម​ត្រូវ​ដែល​យើង​បាន​ធ្វើ និង​ភាព​ស្មោះ​ត្រង់​របស់​យើង កាល​យើង​ដើរ​តាម​ព្រះ​អង្គ(២កូរិនថូស ៥:១០ អេភេសូរ ៦:៨)។ ព្រះ​អង្គ​នឹង​មាន​បន្ទូល​ថា “អ្នក​បម្រើ​ដ៏​ល្អ​ស្មោះ​ត្រង់​អើយ”។ សាវ័ក​ប៉ុល​បាន​ធ្វើ​បន្ទាល់​ថា គាត់​បាន “តយុទ្ធ​យ៉ាង​ល្អ” ហើយ​ទន្ទឹម​រង់​ចាំ​ព្រះអង្គ​ស្វាគមន៍​គាត់ នៅ​នគរ​ស្ថាន​សួគ៌​(២ធីម៉ូថេ ៤:៧-៨)។​

ជីវិត​ជា​ការ​តស៊ូ​ឥត​ឈប់​ឈរ ដោយ​តយុទ្ធ​នឹង​សត្រូវ​ខាង​វិញ្ញាណ​ដ៏​កាច​សាហាវ ដែល​ប្តូរ​ផ្តាច់​ក្នុង​ការ​បំផ្លាញ​យើង។ វា​នឹង​ព្យាយាម​រារាំង​យើង មិន​ឲ្យ​​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ និង​ស្រឡាញ់​អ្នក​ដទៃ។ ព្រះ​ទ្រង់​ជ្រាប​ថា ក្នុង​ការ​តយុទ្ធ​នេះ យើង​មាន​ជោគជ័យ ហើយ​ក៏​មាន​បរាជ័យ​ដែល​គួរ​ឲ្យ​សោក​ស្តាយ តែ​យើង​ត្រូវ​ដឹង​ថា  អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ(រ៉ូម ៨:១)។ បើ​យើង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ក្នុង​​ព្រះ​គុណ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ យើង​​នឹង​បាន​សេចក្តី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន (១កូរិនថូស ៤:៥)។​—David H. Roper

ពេល​អ្នក​គិត​អំពី​ការ​ឈរ​នៅ​ចំពោះ​ព្រះ​នៅ​ទី​ជំនុំ​ជម្រះ តើ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​មាន​អំណរ? តើ​មាន​កត្តា​អ្វី​ដែល​នាំ​ឲ្យ​អ្នក​មាន​អំណរ?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​សន្យា​ថា ដោយសារ​ទូល​បង្គំ​មាន​ព្រះយេស៊ូវ​ជា​ព្រះ​អង្គ​សង្រ្គោះ នោះ​ទូល​បង្គំ​នឹង​គ្មាន​ទោស​អស់​កល្ប​ជានិច្ច​។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អូបាឌា និង វិវរណៈ ៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles