ទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ។ ១ពេត្រុស ១:៣
នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក មនុស្សជាច្រើនបានរំពឹងថា នឹងមានពេលអនាគតដ៏ភ្លឺស្វាង។ លោកប្រធានាធិបតីវ័យក្មេង ចន អ៊ែហ្វ ឃែននេឌី(John F. Kennedy) បានបង្កើតកម្មវិធីព្រំដែនថ្មី កម្មវិធីកងសន្តិភាព និងកម្មវិធីទៅស្ថានព្រះច័ន្ទ។ ដោយសារសេដ្ឋកិច្ចរីកចម្រើន មនុស្សជាច្រើនបានរំពឹងថា ពេលអនាគតនឹងមានពេញទៅដោយភាពសប្បាយរីករាយ។ បន្ទាប់មក សង្រ្គាមវៀតណាមក៏កាន់តែមានការរីករាលដាល អាមេរិកមានភាពរំជើបរំជួលក្នុងប្រទេស លោកខេននេឌីត្រូវគេធ្វើឃាត ហើយក្តីសង្ឃឹមថា នឹងមានសង្គមដែលវិជ្ជមានបានរលាយអស់។ ទីបំផុត គំនិតវិជ្ជមានរបស់ពួកគេ គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។
បន្ទាប់មក នៅឆ្នាំ១៩៦៧ សៀវភៅ ដែលទេវវិទូ លោកជរហ្គិន ម៉ូលម៉ាន(Jürgen Moltmann) បាននិពន្ធ មានចំណងជើងថា ទេវសាស្រ្តនៃក្តីសង្ឃឹម បានចង្អុលបង្ហាញពួកគេឲ្យងាកទៅរកចក្ខុវិស័យដែលមានភាពច្បាស់លាស់ជាង។ ផ្លូវដែលពួកគេត្រូវដើរនោះ មិនមែនជាផ្លូវនៃគំនិតវិជ្ជមាននោះទេ តែជាផ្លូវនៃក្តីសង្ឃឹម។ ផ្លូវទាំងពីរមិនដូចគ្នាទេ។ លោកម៉ូលម៉ានបានបញ្ជាក់ថា គំនិតវិជ្ជមានមានការផ្តេកផ្តួលទៅលើកាលៈទេសៈ ប៉ុន្តែ ក្តីសង្ឃឹមបានចាក់ឫសចូលទៅក្នុងសេចក្តីស្មោះត្រង់របស់ព្រះ ទោះយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
តើក្តីសង្ឃឹមនេះមានប្រភពមកពីណា? សាវ័កពេត្រុសបានសរសេរថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ”(១ពេត្រុស ១:៣)។ ព្រះដ៏ស្មោះត្រង់បានឈ្នះសេចក្តីស្លាប់តាមរយៈព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ! ការពិតនៃជ័យជម្នះដ៏អស្ចារ្យបំផុតនេះ បានជួយយើង មិនគ្រាន់តែឲ្យមានគំនិតវិជ្ជមានប៉ុណ្ណោះទេ តែថែមទាំងមានក្តីសង្ឃឹមដ៏រឹងមាំ ជារៀងរាល់ថ្ងៃ និងគ្រប់កាលៈទេសៈទាំងអស់។—Bill Crowder
ទោះអ្នកជាអ្នកមានគំនិតវិជ្ជមាន ឬអវិជ្ជមានក្តី តើមានស្ថានភាពអ្វីដែលធ្វើឲ្យអ្នកព្រួយបារម្ភ? ហេតុអ្វីក្តីសង្ឃឹម ប្រសើរជាងគំនិតវិជ្ជមាន ឬគំនិតអវិជ្ជមាន?
ឱព្រះអម្ចាស់ លោកិយនេះមានពេញដោយភាពតប់ប្រមល់ និងភាន់ភាំង ហើយមានសម្លេងជាច្រើនបានរុញច្រានទូលបង្គំ ឲ្យមានអារម្មណ៍អស់សង្ឃឹម។ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តដែលចាក់ឫសក្នុងព្រះបន្ទូលសន្យា និងអំណាចនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែលគ្រប់គ្រងពេលអនាគត។
Read Hope: Choosing Faith Instead of Fear at DiscoverySeries.org/Q0733.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨