ពន្លឺ និងភាពងងឹត
ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ។ យ៉ូហាន ៨:១២ ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅក្នុងបន្ទប់កាត់ក្តី ខ្ញុំបានមើលឃើញគំរូនៃភាពបាក់បែកជាច្រើន ក្នុងពិភពលោករបស់យើង ដែលមានដូចជា កូនស្រីមានជម្លោះជាមួយម្តាយ ប្តីប្រពន្ធបានបាត់បង់ក្តីស្រឡាញ់ដើម ដែលពួកគេធ្លាប់មាន ហើយឥឡូវ មានតែភាពល្វីងជូរចត់ ស្វាមីដែលស្រេកឃ្លានចង់ផ្សះផ្សាជាមួយភរិយា និងជួបជុំជាមួយកូនរបស់ខ្លួនវិញ។ ពួកគេសុទ្ធតែស្រេកឃ្លានការផ្លាស់ប្រែចិត្ត ការប្រោសឲ្យជាសម្រាប់របួសក្នុងចិត្ត និងសេចក្តីស្រឡាញ់របស់ព្រះ។ ជួនកាល ពេលដែលពិភពលោកនៅជុំវិញយើង ហាក់ដូចជាមានតែភាពងងឹត និងភាពអស់សង្ឃឹម នោះយើងងាយនឹងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ប៉ុន្តែ ព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងអ្នកជឿព្រះគ្រីស្ទ(យ៉ូហាន ១៤:១៧) រំឭកយើងថា ព្រះគ្រីស្ទបានសុគត ដើម្បីរំដោះយើងពីភាពប្រេះបែក និងការឈឺចាប់។ ពេលព្រះអង្គយាងចុះមកក្នុងលោកិយ ដោយប្រសូតជាមនុស្ស ព្រះអង្គបាននាំពន្លឺ ចូលក្នុងភាពងងឹត(១:៤-៥ ៨:១២)។ យើងបានឃើញការនេះកើតឡើង ក្នុងពេលដែលព្រះអង្គជួយលោកនីកូដេម។ គាត់បានមកជួបព្រះយេស៊ូវស្ងាត់ៗ នៅពេលយប់ងងឹត តែបានត្រឡប់ទៅវិញ ដោយបានទទួលពន្លឺពីព្រះអង្គ(៣:១-២ ១៩:៣៨-៤០។ ព្រះយេស៊ូវបានបង្រៀនលោកនីកូដេមថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(៣:១៦)។ ព្រះយេស៊ូវបាននាំពន្លឺ និងក្តីស្រឡាញ់ចូលមកក្នុងពិភពលោក តែមនុស្សជាច្រើននៅតែមិនទាន់បានទទួលពន្លឺ ដោយពួកគេនៅតែបាត់បង់ ក្នុងភាពងងឹតនៃអំពើបាបរបស់ពួកគេ(ខ.១៩-២០)។…
Read article