ពន្លឺ និងភាពងងឹត

ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ។ យ៉ូហាន ៨:១២

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​កាត់​ក្តី ខ្ញុំ​បាន​មើល​ឃើញ​គំរូ​នៃ​ភាព​បាក់​បែក​ជា​ច្រើន ក្នុង​ពិភព​លោក​របស់​យើង ដែល​មាន​ដូច​ជា កូន​ស្រី​មាន​ជម្លោះ​ជា​មួយ​ម្តាយ ប្តី​ប្រពន្ធ​បាន​បាត់​បង់​ក្តី​ស្រឡាញ់​ដើម ដែល​ពួក​គេ​ធ្លាប់​មាន ហើយ​ឥឡូវ មាន​តែ​ភាព​ល្វីង​ជូរ​ចត់ ស្វាមី​ដែល​ស្រេក​ឃ្លាន​ចង់​ផ្សះ​ផ្សា​ជា​មួយ​ភរិយា និង​ជួប​ជុំ​ជា​មួយ​កូន​របស់​ខ្លួន​វិញ។ ពួក​គេ​សុទ្ធ​តែ​ស្រេក​ឃ្លាន​ការ​ផ្លាស់​ប្រែ​ចិត្ត ការ​ប្រោស​ឲ្យ​ជា​សម្រាប់​របួស​ក្នុង​ចិត្ត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ។

ជួន​កាល ពេល​ដែល​ពិភព​លោក​នៅ​ជុំវិញ​យើង ហាក់​ដូច​ជា​មាន​តែ​ភាព​ងងឹត និង​ភាព​អស់​សង្ឃឹម នោះ​យើង​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម។ ប៉ុន្តែ ព្រះ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​ជឿ​ព្រះ​គ្រីស្ទ(យ៉ូហាន ១៤:១៧) រំឭក​យើង​ថា ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​រំដោះ​យើង​ពី​ភាព​ប្រេះ​បែក និង​ការ​ឈឺ​ចាប់។ ពេល​ព្រះ​អង្គ​យាង​ចុះ​មក​ក្នុង​លោកិយ ដោយ​ប្រសូត​ជា​មនុស្ស ព្រះ​អង្គ​បាន​នាំ​ពន្លឺ ចូល​ក្នុង​ភាព​ងងឹត​(១:៤-៥ ៨:១២)។ យើង​បាន​ឃើញ​ការ​នេះ​កើត​ឡើង ក្នុង​ពេល​ដែល​ព្រះ​អង្គ​ជួយ​លោក​នីកូដេម។ គាត់​បាន​មក​ជួប​ព្រះ​យេស៊ូវ​ស្ងាត់​ៗ នៅ​ពេល​យប់​ងងឹត តែ​បាន​ត្រឡប់​ទៅ​វិញ ដោយ​បាន​ទទួល​ពន្លឺ​ពី​ព្រះ​អង្គ(៣:១-២ ១៩:៣៨-៤០។

ព្រះ​យេស៊ូវ​បាន​បង្រៀន​លោក​នីកូដេម​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(៣:១៦)។

ព្រះយេស៊ូវ​បាន​នាំ​ពន្លឺ និង​ក្តី​ស្រឡាញ់​ចូល​មក​ក្នុង​ពិភព​លោក តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ទាន់​បាន​ទទួល​ពន្លឺ ដោយ​ពួកគេ​នៅ​តែ​បាត់​បង់ ក្នុង​ភាព​ងងឹត​នៃ​អំពើ​បាប​របស់​ពួក​គេ​(ខ.១៩-២០)។ បើ​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ នោះ​យើង​មាន​ពន្លឺ ដែល​បណ្តេញ​ភាព​ងងឹត។ ចូរ​យើង​អធិស្ឋាន ដោយ​ការ​ដឹង​គុណ ដោយ​សូម​ព្រះអង្គ​ជួយ​យើង ឲ្យ​ក្លាយ​ជា​ទី​បញ្ចេញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​(ម៉ាថាយ ៥:១៤-១៦)។—Alyson Kieda

តើ​អ្នក​ចាំ​ថា ពេល​ណា​អ្នក​មាន​ក្តី​សង្ឃឹម​ជា​ថ្មី​ឡើង​វិញ ដោយ​សារ​ការ​នឹក​ចាំ​ថា ព្រះ​ស្រឡាញ់​អ្នក? តើ​អ្នក​អាច​ចែក​រំលែក​ពន្លឺ​របស់​ព្រះ​គ្រីស្ទ​ដល់​អ្នក​ដទៃ ដោយ​របៀប​ណា​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​យាង​ចុះ​មក​សង្រ្គោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ភាព​ងងឹត​នៃ​អំពើ​បាប និង​ភាព​អស់​សង្ឃឹម។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​នៅ​ជាប់​ក្នុង​ពន្លឺ​ព្រះ​អង្គ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles