ភាពល្អឥតខ្ចោះ ក្នុងព្រះគ្រីស្ទ

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។ ម៉ាថាយ ៥:៤៨

អ្នកស្រី ខាថលីន នោរីស(Kathleen Norris) បាន​សរសេរ​ថា “ភាព​ល្អ​ឥត​ខ្ចោះ​និយម ជា​ពាក្យ​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ដែល​ខ្ញុំ​បាន​ស្គាល់”។ គាត់​បាន​ធ្វើ​ការ​ប្រៀប​ធៀប  ភាព​ល្អ​ឥត​ខ្ចោះ​និយម ក្នុង​សម័យ​បច្ចុប្បន្ន ជា​មួយ​នឹង “ភាព​គ្រប់​លក្ខណ៍” ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ។ គាត់​បាន​រៀប​រាប់​ថា ភាព​ល្អ​ឥត​ខ្ចោះ​និយម នៅ​សម័យ​នេះ គឺ​ជា “ទារុណកម្ម​ផ្លូវចិត្ត​ដ៏​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វះ​ទំនុក​ចិត្ត ឬ​មិន​ហ៊ាន​ធ្វើ​ការ​ប្រថុយ ដែល​ចាំ​បាច់”។ ប៉ុន្តែ ពាក្យ​ដែល​ប្រែ​មក​ថា “គ្រប់​លក្ខណ៍” ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ គឺ​មាន​ន័យ​ថា មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ មាន​ភាព​ពេញ​លេញ ឬ​ពេញ​បរិបូរ។​ អ្នក​ស្រី​នោរីស​ក៏​បាន​សន្និដ្ឋាន​ថា “ដើម្បី​មាន​ភាព​គ្រប់​លក្ខណ៍ យើង​ត្រូវធ្វើ​ការ​បើក​ចំហ​ចិត្ត សម្រាប់​ការ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​វ័យ​ល្មម នឹង​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ”។

កាលណា​យើង​មាន​ការ​យល់​ដឹង​ដូច​នេះ អំពី​ភាព​គ្រប់​លក្ខណ៍ ឬ​ភាព​ល្អ​ឥត​ខ្ចោះ យើង​នឹង​កាន់​តែ​ងាយ​យល់​សាច់​រឿង​ដ៏​សំខាន់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក១៩ ដែល​ក្នុង​នោះ មាន​បុរស​ម្នាក់​បាន​ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​គាត់​ត្រូវ​ធ្វើ​អំពើ​ល្អ​អ្វី​ខ្លះ “ដើម្បី​ឲ្យ​អាច​មាន​ជីវិត​អស់​កល្ប​ជា​និច្ច”(ខ.១៦)។ បុរស​នោះ​ទូល​ព្រះ​អង្គ​ថា គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​ទំាង​ប៉ុន្មាន​របស់​ព្រះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?(ខ.២០)។

ពេល​នោះ ព្រះ​យេស៊ូវ​ក៏​បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​បុរស​នោះ កំពុង​តែ​ចង​រឹត​ចិត្ត​របស់​គាត់​ជាប់​ហើយ។ ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ថា “បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ”(ខ.២១)។

ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ម្នាក់​ៗ មាន​ភាព​គ្រប់​លក្ខណ៍ តែ​យើង​ប្រហែល​ជា​មាន​ទ្រព្យសម្បត្តិ ឬ​ទម្លាប់​អ្វី​មួយ ដែល​បាន​រារាំង​យើង​មិន​ឲ្យ​គ្រប់​លក្ខណ៍។ នៅ​ថ្ងៃ​នេះ បើ​យើង​នៅ​មាន​ចំណង​អ្វី​មួយ ដែល​មិន​ទាន់​កាត់​ផ្តាច់ ចូរ​យើង​ស្តាប់​តាម​ការ​អញ្ជើញ​របស់​ព្រះ​យេស៊ូវ ឲ្យ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ថ្វាយ​ព្រះ​អង្គ ហើយ​ស្វែង​រក​សេរីភាព ក្នុង​ភាព​ពេញ​លេញ ដែល​មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន​(ខ.២៦)។—Monica La Rose

តើ​ភាព​ល្អ​ឥត​ខ្ចោះ​តាម​បែប​លោកិយ និង​ភាព​គ្រប់​លក្ខណៈ​ក្នុង​ព្រះ​គម្ពីរ​មាន​ភាព​ខុស​គ្នា​ដូច​ម្តេច​ខ្លះ? តើ​ការ​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​គ្រប់​គ្រង​ជីវិត​អ្នក ​នាំ​ឲ្យ​អ្នក​មាន​សេរីភាព​ប៉ុណ្ណា?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​ច្រើន​តែ​មាន​ការ​យល់​ខុស​ថា ការ​ចម្រើន​ឡើង​ខាង​សាច់​ឈាម ជា​ការ​លូត​លាស់​ក្នុង​ព្រះ​អង្គ។ សូម​ព្រះ​អង្គ គ្រង​រាជ្យ​លើ​ចិត្ត​ទូល​បង្គំ ហើយ​សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ឱប​ក្រសោប​យក​ជីវិត ដែល​រស់​នៅ ដោយ​សេរីភាព ជា​មួយ​ព្រះ​អង្គ និង​រាស្រ្ត​ដែល​ព្រះ​អង្គ​ស្រឡាញ់​យ៉ាង​ខ្លាំង។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles