ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។ ម៉ាថាយ ២៥:៤០
ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំបានអង្គុយនៅលើកំពង់ដ អានព្រះគម្ពីររបស់ខ្ញុំ ហើយមើលស្វាមីខ្ញុំកំពុងស្ទូចត្រី។ មានបុរសម្នាក់បានចូលមកជិតយើង ហើយក៏បានលើកទឹកចិត្តយើងឲ្យប្រើនុយផ្សេង។ គាត់បានងាកមកមើលខ្ញុំ ខណៈពេលដែលគាត់បោះជំហានដើរមកយឺតៗ ហើយប្រាប់ថា គាត់ធ្លាប់ជាប់គុក។ គាត់ក៏បានចង្អុលមកព្រះគម្ពីរខ្ញុំ រួចញញឹម ហើយសួរថា “តើអ្នកគិតថា ព្រះទ្រង់ពិតជាខ្វល់អំពីមនុស្សដូចខ្ញុំមែនឬ?”
ខ្ញុំក៏បានបើកបទគម្ពីរម៉ាថាយ ជំពូក២៥ អានឲ្យគាត់ស្តាប់ខគម្ពីរដែលព្រះយេស៊ូវមានបន្ទូល អំពីអ្នកដែលទៅសួរសុខទុក្ខអ្នកទោស។
គាត់ក៏បានសួរទៀតថា “ព្រះគម្ពីរពិតជាចែងដូចនេះមែនទេ? តើបានចែងអំពីអ្នកជាប់គុកមែនឬ? គាត់ស្រក់ទឹកភ្នែករលីងរលោង ពេលដែលខ្ញុំបានចែកចាយ អំពីការដែលព្រះទ្រង់បានចាត់ទុកភាពសប្បុរស ចំពោះកូនទ្រង់ ជាការប្រព្រឹត្តដោយក្តីស្រឡាញ់ចំពោះព្រះអង្គ(ខ.៣១-៤០)។
គាត់ក៏បាននិយាយថា “បើឪពុកម្តាយខ្ញុំបានអត់ទោសឲ្យខ្ញុំដែរ នោះមិនដឹងជាល្អយ៉ាងណាទេ”។ គាត់ក៏បានឱនក្បាល ហើយនិយាយថា “ខ្ញុំនឹងត្រឡប់មកវិញ”។ គាត់ក៏បានត្រឡប់មកវិញ ហើយហុចព្រះគម្ពីរកណ្តាចមួយក្បាលមកខ្ញុំ ដោយសួរថា “តើអ្នកអាចបង្ហាញខគម្ពីរដែលបានចែងអំពីរឿងនេះបានទេ?”
ខ្ញុំក៏ងក់ក្បាល។ ខ្ញុំ និងស្វាមីរបស់ខ្ញុំក៏បានឱបគាត់ ខណៈពេលដែលយើងអធិស្ឋានឲ្យគាត់ និងឪពុកម្តាយគាត់។ យើងក៏បានឲ្យអ៊ីមែលទៅវិញទៅមក សម្រាប់ទំនាក់ទំនងគ្នា ហើយក៏បានបន្តអធិស្ឋានឲ្យគាត់ទៀត។
នៅពេលខ្លះ យើងមានអារម្មណ៍ថា គ្មាននរណាស្រឡាញ់ និងស្វាគមន៍យើង ហើយយើងក៏មានការខ្វះខាត និងថែមទាំងមានអារម្មណ៍ថា កំពុងជាប់ឃុំឃាំងផ្លូវកាយ ឬផ្លូវអារម្មណ៍(៣៤-៣៦)។ ពេលនោះ យើងចាំបាច់ត្រូវនឹកចាំ អំពីសេចក្តីអាណិត និងការអត់ទោសរបស់ព្រះអង្គ ដែលមានពេញដោយក្តីស្រឡាញ់។ យើងក៏ត្រូវស្វែងរកឱកាសជួយអ្នកដទៃ ដែលកំពុងមានអារម្មណ៍ដូចនេះផងដែរ។ យើងអាចធ្វើជាផ្នែកមួយនៃផែនការប្រោសលោះរបស់ព្រះ ខណៈពេលដែលយើងផ្សព្វផ្សាយអំពីសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅកន្លែងណាដែលយើងទៅដល់។—Xochitl Dixon
តើអ្នកអាចស្រឡាញ់ព្រះ ដោយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃយ៉ាងដូចម្តេចខ្លះ នៅថ្ងៃនេះ? តើព្រះទ្រង់បានបង្ហាញសេចក្តីស្រឡាញ់ដល់អ្នក តាមរយៈអ្នកដទៃ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណសម្រាប់ការស្រឡាញ់ និងអត់ទោសឲ្យទូលបង្គំ ហើយប្រទានទូលបង្គំ នូវឱកាសចែកចាយសេចក្តីពិតរបស់ព្រះអង្គ ខណៈពេលដែលទូលបង្គំស្រឡាញ់ព្រះអង្គ និងស្រឡាញ់អ្នកដទៃផងដែរ។
Discover what real love is at DiscoverySeries.org/Q0714.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២៧-២៨ និង ម៉ាថាយ ២១:១-២២