តើយើងចង់ជោគជ័យ ឬចង់លះបង់

ដោយសារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង។ ១យ៉ូហាន ៣:១៦

ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​សិក្សា​នៅ​រដូវ​ក្តៅ កូន​ប្រុស​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល អំពី​ក្មេង​ប្រុស​ម្នាក់ ដែល​ចង់​ឡើង​ភ្នំ​អាល់ផាញ នៅ​ប្រទេស​ស្វីស​។ ក្មេង​ប្រុស​នោះ​ក៏​បាន​ចំណាយ​ពេល​ភាគ​ច្រើន ដើម្បី​ហ្វឹក​ហាត់​ការ​ឡើង​ភ្នំ ដើម្បី​សម្រេច​គោលដៅ​នេះ។ ទី​បំផុត ពេល​ដែល​គាត់​ចាប់​ផ្តើម​ឡើង ទៅ​ដល់កំពូល​ភ្នំ អ្វី​ៗ​មិន​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។  នៅ​តាម​ផ្លូវ​ឡើង​ដែល​ចោទ​ខ្លាំង មិត្ត​រួម​ក្រុម​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក្មេង​ប្រុស​នោះ​ក៏​បាន​សម្រេច​ចិត្ត ឲ្យ​គេ​ទៅ​ចោល​គាត់ ដើម្បី​នៅ​មើល​ថែ​មិត្ត​រួម​ក្រុម​នោះ ជា​ជាង​ទៅ​ឲ្យ​ដល់​គោលដៅ​របស់​គាត់។

នៅ​ក្នុង​ថ្នាក់​រៀន គ្រូ​របស់​កូន​ប្រុស​ខ្ញុំ​ក៏​បាន​សួរ​ថា “តើ​ក្មេង​ប្រុស​ដែល​ជា​តួ​ឯក​ក្នុង​រឿង​នេះ ជា​មនុស្ស​បរាជ័យ ដោយសារ​គាត់​មិន​បាន​ឡើង​ឲ្យ​ដល់​កំពូល​ភ្នំ​ឬ?” សិស្ស​ម្នាក់​ក៏​បាន​ឆ្លើយ​ថា “បាទ គាត់​បាន​កើត​ពី​ពូជ​បរាជ័យ”។ ប៉ុន្តែ ក្មេង​ប្រុស​ម្នាក់​ទៀត ក៏​បាន​បដិសេធ ដោយ​លើក​ហេតុ​ផល​ថា​ ក្មេង​ប្រុស​នោះ​មិន​មែន​ជា​មនុស្ស​បរាជ័យ​ទេ ព្រោះ​គាត់​បាន​លះ​បង់​អ្វី​មួយ​ដែល​សំខាន់ ដើម្បី​ជួយ​អ្នក​ដទៃ។

ពេល​ណា​យើង​លះ​បង់​ការ​អ្វី​មួយ​ដែល​សំខាន់ ដើម្បី​មើល​ថែ​អ្នក​ដទៃ គឺ​យើង​កំពុង​តែ​ប្រព្រឹត្ត​ដូច​ព្រះ​យេស៊ូវ​ហើយ។ ព្រះយេស៊ូវ​បាន​លះ​បង់​ការ​មាន​ផ្ទះ មាន​ប្រាក់​ចំណូល​ទៀង​ទាត់ និង​ការ​ទទួល​ស្គាល់​ពី​សង្គម ដើម្បី​ធ្វើ​ដំណើរ ទៅ​ផ្សាយ​សេចក្តី​ពិត​របស់​ព្រះ។ ទី​បំផុត ព្រះ​អង្គ​ក៏​បាន​លះ​បង់​ព្រះជន្ម ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ មក​យើង​រាល់​គ្នា​(១ពង្សាវតាក្សត្រ ៣១៦)។

ជោគជ័យ​ខាង​ឯ​លោកិយ គឺ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង ពី​ជោគជ័យ​ក្នុង​ព្រះ​នេត្រ​ព្រះ។ ព្រះអង្គ​ឲ្យ​តម្លៃ​មក​លើ​ការ​អាណិត​អាសូរ ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​អ្នក​ដែល​ជួប​ការ​ខ្វះ​ខាត និង​មាន​ការ​ឈឺ​ចាប់​(ខ.១៧)។  ព្រះ​អង្គ​ក៏​សព្វ​ព្រះទ័យ​ឲ្យ​យើង​ការពារ​អ្នក​ដទៃ។ ដោយ​មាន​ជំនួយ​មក​ពី​ព្រះ យើង​អាច​រស់​នៅ ឲ្យ​សម​ស្រប​នឹង​តម្លៃ​ដែល​ព្រះ​អង្គ​ប្រទាន ហើយ​ប្តេជ្ញា​ចិត្ត​ស្រឡាញ់​ព្រះ​អង្គ និង​អ្នក​ដទៃ ដែល​ជា​ជោគជ័យ​​​សំខាន់​បំផុត។—Jennifer Benson Schuldt

តើ​ការ​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ មាន​ផល​ប៉ះពាល់​យ៉ាង​ណា មក​លើ​ជីវិត​អ្នក? ហេតុ​អ្វី ពេល​ខ្លះ​យើង​ពិបាក​រស់​នៅ ឲ្យ​សម​ស្រប នឹង​តម្លៃ​ដែល​ព្រះ​អង្គ​ប្រទាន?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​ចង់​មាន​ភាព​ជោគ​ជ័យ ក្នុង​ព្រះ​នេត្រ​ព្រះអង្គ។ សូម​បង្រៀន​ទូល​បង្គំ ឲ្យ​ចេះ​ស្រឡាញ់​អ្នក​ដទៃ តាម​របៀប​ដែល​ព្រះអង្គ​ស្រឡាញ់​ទូល​បង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លេវីវិន័យ ៤-៥ និង ម៉ាថាយ ២៤:២៩-៥១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles