សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង។ ទំនុកដំកើង ១៣៤:៣
នៅម៉ោង៣រំលងអាធ្រាត្រ នៅមន្ទីរព្យាបាលជំងឺកំរិតធ្ងន់ អ្នកជំងឺម្នាក់ដែលកំពុងមានការព្រួយបារម្ភ បានចុចប៊ូតុងហៅគ្រូពេទ្យ៤ដង ក្នុងរយៈពេល១ម៉ោង។ អ្នកគ្រូពេទ្យដែលនៅប្រចំាការពេលយប់ ក៏បានឆ្លើយតប ដោយគ្មានការរអ៊ូរទាំ។ មិនយូរប៉ុន្មាន អ្នកជំងឺម្នាក់ទៀត ក៏បានស្រែកឡើង ដើម្បីឲ្យមានគេមកមើលខ្លួន។ អ្នកគ្រូពេទ្យមិនមានការភ្ញាក់ផ្អើលទាល់តែសោះ។ នាងបានស្នើសុំឲ្យនាងបានធ្វើការពេលយប់ តាំងពី៥ឆ្នាំមុន ដើម្បីជៀសវាងភាពរញ៉េរញ៉ៃនៅពេលថ្ងៃ។ បន្ទាប់មក នាងក៏បានស្គាល់ធាតុពិតនៃវេនយាមពេលយប់។ ការធ្វើការពេលយប់នៅមន្ទីរពេទ្យ ជាញឹកញាប់ គឺមានន័យថា នាងត្រូវធ្វើកិច្ចការបន្ថែមដោយខ្លួនឯង ដែលមានដូចជាការលើក និងផ្អៀងខ្លួនអ្នកជំងឺជាដើម។ ហើយក៏មានន័យថា នាងត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺយ៉ាងផ្ចិតផ្ចង់ ដើម្បីធ្វើការកត់ត្រា សម្រាប់វេជ្ជបណ្ឌិត ក្នុងពេលសង្គ្រោះបន្ទាន់។
ទោះនាងបានជំនួយពីមិត្តភាពដ៏ជិតស្និទ្ធជាមួយមិត្តរួមការងារនៅពេលយប់ក៏ដោយ ក៏នាងនៅតែពិបាកគេងឲ្យបានគ្រប់គ្រាន់។ ជាញឹកញាប់ នាងបានសុំឲ្យពួកជំនុំនាងអធិស្ឋានឲ្យនាង ដោយមើលឃើញសារៈសំខាន់នៃការងាររបស់នាង។ នាងក៏បាននិយាយថា “សូមសរសើរដំកើងព្រះអង្គ។ ការអធិស្ឋានរបស់ពួកគេបាននាំមកនូវការផ្លាស់ប្តូរ”។
ការសរសើរដំកើងរបស់នាង គឺជាទង្វើដ៏ល្អ និងត្រឹមត្រូវ សម្រាប់អ្នកធ្វើការពេលយប់ ក៏ដូចជាសម្រាប់យើងរាល់គ្នា។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានសរសេរថា “នែ អស់អ្នកបំរើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់ទ្រង់
នៅពេលយប់អើយ ចូរថ្វាយពរដល់ព្រះយេហូវ៉ាចុះ ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរចុះ”(ទំនុកដំកើង ១៣៤:១-២)។
បទគម្ពីរទំនុកដំកើងនេះ ត្រូវបានសរសេរឡើង សម្រាប់ពួកលេវី ដែលធ្វើការជាអ្នកយាមព្រះវិហារ ដោយទទួលស្គាល់ថា ការងាររបស់ពួកគេមានសារៈសំខាន់ណាស់ ដោយពួកគេកំពុងការពារព្រះវិហារ ទាំងយប់ថ្ងៃ។ ក្នុងពិភពលោក ដ៏មមាញឹកសព្វថ្ងៃ យើងអាចចែកចាយបទគម្ពីរទំនុកដំកើងនេះ ដល់អ្នកធ្វើការពេលយប់ជាពិសេស តែយើងម្នាក់ៗអាចសរសើរដំកើងព្រះ នៅពេលយប់។ គឺដូចដែលបទគម្ពីរទំនុកដំកើងនេះបានចែងទៀតថា “សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង”(ខ.៣)។—Patricia Raybon
ពេលដែលអ្នកគិតដល់អ្នកធ្វើការពេលយប់ មានគ្រូពេទ្យ អ្នកបោសសម្អាត អ្នកសង្រ្គោះបន្ទាន់ និងអ្នកដទៃទៀត តើអ្នកអាចអធិស្ឋានដូចម្តេចខ្លះសម្រាប់ពួកគេ? តើការសរសើរដំកើងព្រះ អាចនាំឲ្យអ្នកធ្វើការពេលយប់អាចទទួលព្រះពរពីព្រះ ដោយរបៀបណា?
ឱព្រះអម្ចាស់ នៅពេលយប់ដែលទូលបង្គំកំពុងគេង សូមព្រះអង្គប្រទានពរដល់អ្នកធ្វើការពេលយប់ ដែលកំពុងធ្វើកិច្ចការដ៏សំខាន់ ក្នុងសង្គមទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំសរសើរដំកើងព្រះអង្គ នៅពេលយប់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ៨-៩ និង លូកា ២១:១-១៩