ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ២ធីម៉ូថេ ៤:៧
ជាញឹកញាប់ ខ្ញុំមានឯកសិទ្ធិ ក្នុងការដឹកនាំកម្មវិធីជួបជុំអធិស្ឋាន។ យើងម្នាក់ៗដែលចូលរួមក្នុងកម្មវិធីនេះ សុទ្ធតែបានចាកចេញពីផ្ទះពីរបីថ្ងៃ ដើម្បីអធិស្ឋាន និងធ្វើការជញ្ជឹងគិត ដែលពិតជាអាចមានប្រយោជន៍ខាងវិញ្ញាណណាស់ បានជាក្នុងអំឡុងពេលនោះ ជួនកាល ខ្ញុំឲ្យអ្នកចូលរួមធ្វើលំហាត់ ដោយប្រាប់ពួកគេថា “សូមស្រមៃថា ជីវិតរបស់អ្នកបានបញ្ចប់ ហើយកាសែតបានចុះផ្សាយដំណឹងមរណៈភាពរបស់អ្នក។ តើអ្នកចង់ឲ្យកាសែតចុះផ្សាយដូចម្តេចខ្លះ អំពីខ្លួនអ្នក?” សំណួរនេះ បាននាំឲ្យអ្នកចូលរួមខ្លះ បានផ្លាស់ប្តូរអាទិភាពក្នុងការរស់នៅ ដោយដាក់គោលដៅឲ្យជីវិតរបស់ខ្លួនមានការបញ្ចប់ដ៏ល្អ។
កណ្ឌគម្ពីរធីម៉ូថេទី២ គឺជាសំណេរចុងក្រោយរបស់សាវ័កប៉ុល។ កាលនោះ គាត់មានអាយុជាង៦០ឆ្នាំ ហើយទោះគាត់បានប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ ក៏នៅពេលនោះ គាត់បានដឹងថា ជីវិតគាត់កាន់តែជិតដល់ទីបញ្ចប់ហើយ(២ធីម៉ូថេ ៤:៦)។ គាត់នឹងមិនធ្វើដំណើរបេសកកម្ម ហើយក៏មិនសរសេរសំបុត្រផ្ញើទៅពួកជំនុំរបស់គាត់ទៀតឡើយ។ គាត់បានក្រឡេកមកមើលជីវិតខ្លួនឯង ហើយនិយាយថា “ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ”(ខ.៧)។ គាត់មិនមានភាពល្អឥតខ្ចោះនោះទេ(១ធីម៉ូថេ ១:១៥-១៦) តែគាត់បានពិនិត្យមើលជីវិតខ្លួនឯង ឃើញថា ខ្លួនគាត់បាននៅជាប់ក្នុងព្រះ និងដំណឹងល្អយ៉ាងត្រឹមត្រូវ។ គេបាននិយាយតពីមាត់មួយទៅមាត់មួយ តាំងពីសម័យដើមថា បន្ទាប់ពីគាត់បានផ្ញើសំបុត្រនេះរួចហើយ មិនយូរប៉ុន្មាន គាត់ក៏បានបាត់បង់ជីវិត ដោយសារជំនឿ។
ការជញ្ជឹងគិតអំពីចុងបញ្ចប់នៃជីវិតរបស់យើង ជួយឲ្យយើងមានការយល់ដឹងកាន់តែច្បាស់ អំពីរឿងដែលពិតជាសំខាន់ក្នុងពេលបច្ចុប្បន្ន។ យើងអាចយកគំរូតាមពាក្យពេចន៍របស់សាវ័កប៉ុល ដូចដែលមានចែងក្នុងព្រះគម្ពីរថា ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ (២ធីម៉ូថេ ៤:៧)។ ព្រោះនៅទីបញ្ចប់ អ្វីដែលសំខាន់នោះ គឺយើងបាននៅជាប់ក្នុងព្រះ និងផ្លូវរបស់ព្រះអង្គ ដូចដែលព្រះអង្គបានប្រទានអ្វីដែលយើងត្រូវការ សម្រាប់រស់នៅ តយុទ្ធនឹងសង្រ្គាមខាងវិញ្ញាណ ហើយបញ្ចប់ការរត់ប្រណាំងឲ្យបានល្អ។—Sheridan Voysey
តើអ្នកចង់ឲ្យជីវិតអ្នកមានការបញ្ចប់យ៉ាងណាខ្លះ? តើអ្នកចង់មានការកែប្រែអ្វីខ្លះ ដើម្បីឲ្យអាចបញ្ចប់ការរត់ប្រណាំងបានល្អ?
ឱព្រះវរបិតា សូមព្រះអង្គចម្រើនកម្លាំងទូលបង្គំ ឲ្យរស់នៅដោយស្មោះត្រង់ ថ្វាយព្រះអង្គ ដល់ទីបញ្ចប់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៩-២១ និង យ៉ូហាន ៨:១-២៧