ទ្រព្យនៅផែនដី និងទ្រព្យដ៏ពិត

ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន។ លូកា ១៦:៩

ក្រុម​ហ៊ុន​មួយ បាន​ឲ្យ​ពិន្ទុ​១​ពាន់ ដល់​អតិថិជន​ដែល​បាន​ទិញ​អាហារ​ណា​មួយមុខ ឲ្យ​បាន​ចំនួន​១០ ។ ពេល​នោះ មាន​បុរស​ម្នាក់​បាន​ដឹង​ថា ផលិត​ផល​​ថោក​បំផុត​ដែល​គាត់​បាន​ទិញ​ពី​ក្រុម​ហ៊ុន​នេះ គឺ​ជា​ស្ករ​សូកូឡា​ជាង​១​ម៉ឺន​២​ពាន់​ពែង ដោយ​ចំណាយ​ជា​សរុប​អស់ ៣​ពាន់​ដុល្លា។ គាត់​ក៏​បាន​ទទួល​ចំណាត់​ថ្នាក់​មាស ហើយ​គាត់ និង​គ្រួសារ​គាត់​ទទួល​បាន​នូវ​ការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​តាម​យន្ត​ហោះ​រៀង​រាល់​ឆ្នាំ អស់​មួយ​ជីវិត។ គាត់​ក៏​បាន​បរិច្ចាគ​ស្ករ​សូកូឡា​ជា​ច្រើន​ពែង ធ្វើ​ជា​អំណោយ​មនុស្ស​ធម៌ ដែល​បាន​នាំ​ឲ្យ​គាត់​រួច​ពន្ធ​ចំនួន​៨០០​ដុល្លា។ គាត់​ពិត​ជា​ឆ្លាត​ណាស់!

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​មួយ ស្តី​អំពី​អ្នក​គ្រប់​គ្រង​ដែល​មាន​ល្បិច​កល​ម្នាក់។ ពេល​គាត់​ដឹង​ថា ចៅហ្វាយ​គាត់​កំពុង​ដេញ​គាត់​ចោល គាត់​ក៏​បាន​កាត់​បន្ថយ​បរិមាណ​ទឹក​ប្រាក់ ដែល​កូន​បំណុល​ទាំង​ឡាយ​បាន​ជំពាក់​ចៅហ្វាយ​គាត់។ គាត់​ដឹង​ថា គាត់​អាច​ពឹង​ពាក់​ពួក​គេ​នៅ​ពេល​ក្រោយ ដោយសារ​គាត់​បាន​ជួយ​កាត់​បន្ថយ​បំណុល​ឲ្យ​ពួក​គេ។ ព្រះយេស៊ូវ​មិន​បាន​សរសើរ​ទង្វើ​ខុស​ក្រម​សីលធម៌​របស់​អ្នក​គ្រប់​គ្រង​រូប​នោះ​ទេ តែ​ព្រះ​អង្គ​ជ្រាប​ថា យើង​អាច​រៀន​សូត្រ​ពី​ភាព​ឈ្លាស​វៃ​របស់​គាត់។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(លូកា ១៦:៩)។ បុរស​ដែល​បាន​ទិញ​ស្ករ​សូកូឡា បាន​ប្រើ​ការ​ទិញ​បង្អែម​ដែល​មាន​តម្លៃ​១ពែង ១​ពាន់​រៀល ទៅ​ជា​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ដោយ​ឥត​គិត​ថ្លៃ តែ​ចូរ​យើង​ប្រើ “ទ្រព្យ​សម្បត្តិ​ក្នុង​លោកិយ” ដើម្បី “ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​ដ៏​ពិត”(ខ.១១)។

តើ​ទ្រព្យ​សម្បត្តិ​ដ៏​ពិត​នោះ​ជា​អ្វី? ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ”(១២:៣៣)។ ការ​លះ​បង់​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី មិន​នាំ​ឲ្យ​យើង​ទទួល​បាន​សេចក្តី​សង្គ្រោះ​នោះ​ឡើយ តែ​វា​បាន​បញ្ជាក់​ថា “​សម្បត្តិទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង”(ខ.៣៤)។—Mike Wittmer

ថ្មី​ៗ​នេះ តើ​អ្នក​បាន​បំពេញ​តម្រូវ​ការ​ខាង​សាច់​ឈាម​នរណា​ម្នាក់​ឬ​ទេ? ហេតុ​អ្វី​ការ​ធ្វើ​ទាន ជា​ការ​វិនិយោគ​ខាង​វិញ្ញាណ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ជួយ​អ្នក​ខ្វះ​ខាត ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១-៣ និង កិច្ចការ ២:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles