អាចនៅមានជីវិតរស់ និងចម្រើនឡើង

 

ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​នីមួយ​ៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។ អេភេសូរ ៤:១៦

ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​មួយ បាន​និយាយ​អំពី​គ្រួសារ​មួយ ដែល​កំពុង​រស់​នៅ​ក្នុង​រូង​ភ្នំ។ គ្រួសារ​មួយ​នោះ​ជឿ​ថា “មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ ដែល​ជួយ​ពួកគេ​ឲ្យ​អាច​នៅ​មាន​ជីវិត​រស់​បាន គឺ​ត្រូវ​ឲ្យ​ក្រុម​គ្រួសារ​ដ៏​តូច​របស់​ពួក​គេ​នៅ​ជុំ​គ្នា”។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ពិភព​លោក និង​អ្នក​ដទៃ ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​ពួកគេ​កំពុង​ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​រស់​នៅ ពួក​គេ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​រក​ឃើញ​ថា ក្នុង​តំបន់​ដែល​ពូក​គេ​បាន​ជ្រើស​រើស​មាន​គ្រួសារ​មួយ ដែល​ពួក​គេ​មិន​ស្គាល់ កំពុង​រស់​នៅ​ទីនោះ​ស្រាប់​ហើយ។ តែ​មិន​យូរ​ប៉ុន្មាន ពួកគេ​ក៏​បាន​រៀន​ទទួល​យក​ភាព​ខុសគ្នា​ដែល​អ្នក​ជិត​ខាង​ខ្លួន​មាន ហើយ​ទទួល​យក​ជំនួយ​ពី​ពួក​គេ ហើយក៏​អាច​រស់​រាន​ទាំង​អស់​គ្នា។ ពួក​គេ​ក៏​បាន​ដឹង​ថា ខ្លួន​មាន​ចិត្ត​រីក​រាយ​ចំពោះ​គ្រួសារ​នោះ ហើយ​ពួក​គេ​ពិត​ជា​ត្រូវ​ការ​អ្នក​ដទៃ ដើម្បី​ឲ្យ​ការ​រស់​នៅ​មាន​ភាព​ពេញ​លេញ។​

ការ​ទំនាក់​ទំនង​អាច​ជា​ការ​ប្រថុយ​ប្រថាន ព្រោះ​មនុស្ស​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬ​រង​គ្រោះ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​ទ្រង់​បាន​ដាក់​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​នៅ​រួម​គ្នា ក្នុង​រូប​កាយ​តែ​មួយ ដែល​ជា​ពួក​ជំនុំ។ ក្នុង​ការ​ប្រកប​ជា​មួយ​អ្នក​ដទៃ យើង​មាន​ការ​ចម្រើន​ឡើង មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​(អេភេសូរ ៤:១៣)។ យើង​ត្រូវ​រៀន​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​យើង ឲ្យ​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ (ខ.២)។ យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្អាង​គ្នា​ឡើង ដោយ​ក្តី​ស្រឡាញ់(ខ.១៦)។ ពេល​ណា​យើង​ជួប​ជុំគ្នា យើង​ប្រើ​អំណោយ​ទាន​យើង ហើយ​រៀន​សូត្រ​ពី​អ្នក​ដទៃ ដែល​នឹង​ជួយ​យើង​ឲ្យ​អាច​ដើរ​ជា​មួយ​ និង​បម្រើ​ព្រះ​អង្គ។​

ខណៈ​ពេល​ដែល​ព្រះអង្គ​ដឹក​នាំ​អ្នក ចូរ​ស្វែង​រក​ការ​រួបរួម​ជា​មួយ​រាស្ត្រ​ព្រះអង្គ។ អ្នក​មិន​គ្រាន់​តែ​អាច​រស់ តែ​ថែម​ទាំង​ចម្រើន​ឡើង ហើយ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ និង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ។ ចូរ​យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ឆ្លង​កាត់​ទំនាក់​ទំនង​ដែល​កាន់​តែ​លូត​លាស់ ជា​មួយ​ព្រះ​យេស៊ូវ និង​អ្នក​ដទៃ។—Anne Cetas

តើ​អ្នក​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ ជា​មួយ​នរណា​ខ្លះ? តើ​អ្នក​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ទាំង​នោះ កាន់​តែ​មាន​ភាព​ជ្រាលជ្រៅ​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​ចង់​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះអង្គ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បំពេញ​តួនាទី​បាន​ល្អ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​លូត​លាស់ ហើយ​ជួយ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់។

To learn how your gifting fits into the body of Christ, visit ODBU.org/SF108.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២២-២៤ និង កិច្ចការ ១១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles