គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ។ យ៉ូហាន ១៥:១៣
កាលពីឆ្នាំ២០១៩ ពិធីរំឭកខួបទី៧៥ នៃថ្ងៃរំដោះ ឌី ដេយ បានបង្ហាញការគោរពដល់កងទ័ពសម្ព័ន្ធមិត្ត ជាង១៥៦០០០នាក់ ដែលបានចូលរួម នៅក្នុងការវាយសម្រុកដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ តាមផ្លូវទឹកដើម្បីរំដោះតំបន់អឺរ៉ុបខាងលិច ពីការគ្រប់គ្រងរបស់ប្រទេសអាឡឺម៉ង់។ ក្នុងការអធិស្ឋានតាមការផ្សាយរបស់វិទ្យុ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ លោកប្រធានាធិបតី រូសេវែល(Roosevelt) បានទូលសូមព្រះទ្រង់ការពារពួកគេ ហើយអធិស្ឋានថា “ពួកគេប្រយុទ្ធ មិនមែនដោយការលោភចង់បានទឹកដីប្រទេសដទៃ តែប្រយុទ្ធដើម្បីបញ្ចប់ការឈ្លានពាន ដើម្បីរំដោះទឹកដី”។
ពេលខ្ញុំគិតអំពីការស្ម័គ្រចិត្តប្រឈមមុខដាក់គ្រោះថ្នាក់ ដើម្បីប្រឆាំងការអាក្រក់ និងរំដោះប្រជាជនដែលគេសង្កត់សង្កិន ខ្ញុំក៏បាននឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ដែលបានចែងទុកថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ព្រះយេស៊ូវបានមានបន្ទូលដូចនេះ កាលទ្រង់កំពុងបង្រៀនអ្នកដើរតាមព្រះអង្គ ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។ តែព្រះអង្គចង់ឲ្យពួកគេយល់អំពីការលះបង់ និងជម្រៅនៃសេចក្តីស្រឡាញ់ប្រភេទនេះ គឺសេចក្តីស្រឡាញ់ ដែលបង្ហាញចេញមក ដោយការស្ម័គ្រចិត្តលះបង់ជីវិតខ្លួនឯង ដើម្បីអ្នកដទៃ។ ការត្រាស់ហៅរបស់ព្រះយេស៊ូវ ឲ្យស្រឡាញ់អ្នកដទៃ ដោយការលះបង់ គឺជាមូលដ្ឋានគ្រឹះនៃការបង្គាប់របស់ព្រះអង្គ ឲ្យយើង “ស្រឡាញ់គ្នាទៅវិញទៅមក”(ខ.១៧)។
យើងប្រហែលជាអាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ដែលមានការលះបង់ ដោយចំណាយពេលមើលថែសមាជិកគ្រួសាររបស់យើង ដែលកំពុងចាស់ជរាជាដើម។ យើងអាចជួយបំពេញតម្រូវការរបស់បងប្អូនបង្កើត ដោយជួយធ្វើកិច្ចការផ្ទះគាត់ ក្នុងអំឡុងពេលដែលគាត់កំពុងមានការមមាញឹកខ្លាំង នឹងកិច្ចការសាលា។ យើងថែមទាំងអាចដាក់វេនមើលកូនដែលកំពុងឈឺ នៅពេលយប់ ដើម្បីឲ្យប្តីឬប្រពន្ធយើង បានគេងជាដើម។ ពេលណាយើងស្រឡាញ់អ្នកដទៃ ដោយការលះបង់ គឺមានន័យថា យើងកំពុងបង្ហាញចេញនូវក្តីស្រឡាញ់ដែលធំប្រសើរបំផុត។—Lisa M. Samra
តើអ្នកអាចបង្ហាញក្តីស្រឡាញ់ ដោយមានការលះបង់ ដូចម្តេចខ្លះ នៅថ្ងៃនេះ? តើមានអ្វីរារាំងអ្នក មិនឲ្យស្រឡាញ់ ដោយការលះបង់?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យស្វែងរកវិធីដែលទូលបង្គំអាចស្រឡាញ់អ្នកដទៃ ដោយការលះបង់ជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥