គ្មានសេចក្តីស្រឡាញ់ធំជាងនេះ

 

គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ។ យ៉ូហាន ១៥:១៣

កាល​ពី​ឆ្នាំ២០១៩ ពិធី​រំឭក​ខួប​ទី​៧៥ នៃ​ថ្ងៃ​រំដោះ ឌី ដេយ បាន​បង្ហាញ​ការ​គោរព​ដល់​កង​ទ័ព​សម្ព័ន្ធមិត្ត ជាង១៥៦០០០នាក់ ដែល​បាន​ចូល​រួម នៅ​ក្នុង​ការ​វាយ​សម្រុក​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ តាម​ផ្លូវ​ទឹក​ដើម្បី​រំដោះ​តំបន់​អឺរ៉ុប​ខាង​លិច ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​អាឡឺម៉ង់។ ក្នុង​ការអធិស្ឋាន​តាម​ការ​ផ្សាយ​របស់​វិទ្យុ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ១៩៤៤ លោក​ប្រធានាធិបតី រូសេវែល(Roosevelt) បាន​ទូល​សូម​ព្រះ​ទ្រង់​ការពារ​ពួក​គេ ហើយ​អធិស្ឋាន​ថា “ពួក​គេ​ប្រយុទ្ធ មិន​មែន​ដោយ​ការ​លោភ​ចង់​បាន​ទឹក​ដី​ប្រទេស​ដទៃ តែ​ប្រយុទ្ធ​ដើម្បី​បញ្ចប់​ការ​ឈ្លាន​ពាន ដើម្បី​រំដោះ​ទឹក​ដី”។

ពេល​ខ្ញុំ​គិត​អំពី​ការ​ស្ម័គ្រ​ចិត្ត​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ដើម្បី​ប្រឆាំង​ការ​អាក្រក់ និង​រំដោះ​ប្រជាជន​ដែល​គេ​សង្កត់​សង្កិន  ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​បាន​ចែង​ទុក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ កាល​ទ្រង់​កំពុង​បង្រៀន​អ្នក​ដើរ​តាម​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ព្រះអង្គ​ចង់​ឲ្យ​ពួកគេ​យល់​អំពី​ការ​លះ​បង់ និង​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ គឺ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ចេញ​មក ដោយ​ការ​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន​ឯង ដើម្បី​អ្នក​ដទៃ។ ការ​ត្រាស់​ហៅ​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះ​បង់ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្គាប់​របស់​ព្រះ​អង្គ ឲ្យ​យើង “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.១៧)។

យើង​ប្រហែល​ជា​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះ​បង់ ដោយ​ចំណាយ​ពេល​មើល​ថែ​សមាជិក​គ្រួសារ​របស់​យើង ដែល​កំពុង​ចាស់​ជរា​ជា​ដើម។ យើង​អាច​ជួយ​បំពេញ​តម្រូវការ​របស់​បង​ប្អូន​បង្កើត ដោយ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​គាត់ ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​មាន​ការ​មមាញឹក​ខ្លាំង នឹង​កិច្ចការ​សាលា។ យើង​ថែម​ទាំង​អាច​ដាក់​វេន​​មើល​កូន​ដែល​កំពុង​ឈឺ នៅ​ពេល​យប់ ដើម្បី​ឲ្យ​ប្តី​ឬ​ប្រពន្ធ​យើង បាន​គេង​ជា​ដើម។ ពេល​ណា​យើង​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះបង់ គឺ​មាន​ន័យ​ថា យើង​កំពុង​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់​ដែល​ធំ​ប្រសើរ​បំផុត។—Lisa M. Samra

តើ​អ្នក​អាច​បង្ហាញ​ក្តី​ស្រឡាញ់ ដោយ​មាន​ការ​លះ​បង់ ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ? តើ​មាន​អ្វី​រារាំង​អ្នក មិន​ឲ្យ​ស្រឡាញ់ ដោយ​ការ​លះ​បង់?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ស្វែង​រក​វិធី​ដែល​ទូល​បង្គំ​អាច​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះ​បង់​ជា​រៀង​រាល់​ថ្ងៃ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles