តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ។ ទំនុកដំកើង ១៩:១២-១៣
លោកខាយ(Kyle) និងអ្នកស្រីអាលីសិន(Allison) បានទៅក្រេបទឹកឃ្មុំយ៉ាងមានសុភមង្គល ក្នុងប្រទេសដទៃ។ ពេលពួកគេវិលត្រឡប់មកផ្ទះវិញ ពួកគេបានសង្កេតឃើញជើងរបស់លោកខាយ មានកន្ទួលរមាស់ដ៏ចម្លែក។ ប្តីប្រពន្ធមួយគូរនេះ ត្រូវគេណែនាំ ឲ្យជួបពេទ្យជំនាញសើស្បែក។ គ្រូពេទ្យក៏បានប្រាប់ពួកគេថា មានបរាសិតតូចៗ បានចូលក្នុងជើងលោកខាយ តាមពងបែកនៅលើជើងគាត់ ដែលកើតឡើង ដោយសារការពាក់ស្បែកជើងផ្ទាត់ថ្មីមួយគូរ។ ដំណើរកម្សាន្តដែលពួកគេបានស្រមៃ ក៏បានបញ្ចប់ ដោយការតយុទ្ធដ៏ពិបាក ជាមួយនឹងបរាសិត ដែលជា “ភ្ញៀវដែលមិនបានអញ្ជើញ”។
ស្តេចដាវីឌជ្រាបថា បើទ្រង់មិនទូលសូមព្រះជួយ ក្នុងការតយុទ្ធនឹងអំពើបាបទេ នោះក្តីស្រមៃរបស់ទ្រង់ ដែលចង់រស់នៅ ក្នុងជីវិតដែលគាប់ព្រះទ័យព្រះ នឹងប្រែក្លាយជាការតយុទ្ធនឹងអំពើបាប និងការបះបោរ ដែលជាភ្ញៀវមិនបានអញ្ជើញ។ បន្ទាប់ពីស្តេចដាវីឌបានប្រកាស អំពីរបៀបដែលព្រះទ្រង់បង្ហាញព្រះអង្គទ្រង់ ក្នុងពិភពធម្មជាតិ(ទំនុកដំកើង ១៩:១-៦) និងបង្ហាញប្រាជ្ញាទ្រង់ ក្នុងការបង្រៀនរបស់ទ្រង់(ខ.៧-១០) ទ្រង់ក៏បានទូលសូមព្រះការពារទ្រង់ ឲ្យរួចផុត គឺការមិនស្តាប់បង្គាប់ ដោយមិនដឹងខ្លួន ដោយអំនួត និងដោយស្ម័គ្រពីចិត្ត។ ទ្រង់ក៏បានសរសេរថា “សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ”(ខ.១២-១៣)។ ទ្រង់ទទួលស្គាល់ថា ទ្រង់មិនអាចប្រើកម្លាំងទ្រង់ជាមនុស្ស ដើម្បីការពារខ្លួនឯងឲ្យរួចពីអំពើបាប ដែលជាជំងឺឆ្លងខាងវិញ្ញាណនោះឡើយ។ ដូចនេះ ទ្រង់ក៏បានទូលសូមជំនួយពីព្រះ ដែលជាទង្វើដ៏មានប្រាជ្ញា។
តើធ្វើដូចម្តេច កុំឲ្យអំពើបាបឆក់យកក្តីស្រមៃរបស់យើង ដែលរស់នៅ តាមរបៀបថ្វាយព្រះកិត្តិនាមដល់ព្រះ? ចម្លើយនោះគឺ ៖ ចូរយើងមើលទៅព្រះអង្គជានិច្ច និងសារភាពបាប ហើយប្រែចិត្តចេញពីអំពើបាប ព្រមទាំងស្វែងរកជំនួយពីព្រះអង្គ ដើម្បីកុំឲ្យបរាសិតខាងវិញ្ញាណជ្រៀតចូលក្នុងជីវិតយើងឡើយ។—Marvin Williams
តើទម្លាប់នៃការសារភាពបាប និងប្រែចិត្តចេញពីអំពើបាប មានតួនាទីយ៉ាងណាក្នុងជីវិតអ្នក? តើការរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះ មានសារៈសំខាន់យ៉ាងណា ចំពោះអ្នក?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំមិនស្គាល់ខ្លួនឯងច្បាស់ ហើយខ្វះការយល់ដឹង អំពីការអ្វីដែលល្អត្រឹមត្រូវ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្តលើអំណាចព្រះអង្គ នៅក្នុងការតយុទ្ធនឹងអំពើបាប។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧