ការធ្វើដំណើរដោយបន្ទុកស្រាល

 

ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់។ ហេព្រើរ ១២:១

មាន​បុរស​ម្នាក់​ឈ្មោះ​ចេមស៍ (James) បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង ចម្ងាយ​២​ពាន់​គីឡូម៉ែត្រ  តាម​តំបន់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដោយ​ជិះ​កង់​ម្នាក់​ឯង​ពី​ទីក្រុង​ស៊ីអាធល រដ្ឋ​វ៉ាស៊ីនតុន ទៅ​ទីក្រុង​សាន់ ឌីអេហ្គោ រដ្ឋ​កាលីហ្វូញ៉ា។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ជួប​អ្នក​ជិះ​កង់​ដែល​មាន​មហិច្ឆតា​នោះ នៅ​ក្បែរ​ជ្រលង​ភ្នំ ប៊ីក ស័រ នៅ​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ ពី​ចំណុច​ចាប់​ផ្តើម​របស់​គាត់។ បន្ទាប់​ពី​បាន​ដឹង​ថា មាន​គេ​លួច​សម្ភារៈ​សម្រាប់​​បោះតង់​របស់​លោក​ចេមស៍ មិត្ត​ភក្តិ​របស់​ខ្ញុំ​ក៏​បាន​យក​ភួយ និង​អាវ​រងា​របស់​ខ្លួន ឲ្យ​លោក​ចេមស៍ តែ​គាត់​បាន​បដិសេធន៍។ គាត់​និយាយ​ថា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាងត្បូង ដែល​មាន​អាកាស​ធាតុ​ក្តៅ​ជាង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​ជម្រុះ​ចោល​សម្ភារៈ​មួយ​ចំនួន។ ហើយ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​កាន់​តែ​ជិត​ដល់​គោលដៅ គាត់​កាន់​តែ​អស់​កម្លាំង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​កាត់​បន្ថយ​ទម្ងន់​ដែល​គាត់​កំពុង​ដាក់​ជាប់​ខ្លួន។

គំនិត​របស់​លោក​ចេមន៍ មាន​ភាព​ឆ្លាតវៃ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​និយាយ​ផង​ដែរ។ កាល​ណា​យើង​បន្ត​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង យើង​ចំា​បាច់​ត្រូវ “​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ”(១២:១)។ យើង​ចំា​បាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​បន្ទុក​ស្រាល ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ការ​រត់​ប្រណាំង​នេះ តម្រូវ​ឲ្យ​មាន​ “ការ​អត់​ទ្រាំ”(ខ.១)។ ហើយ​វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត គឺ​ត្រូវ​ដោះ​បន្ទុក​នៃ​ការ​មិន​អត់​ទោស ការ​ខ្វល់​ខ្វាយ​អំពី​រឿង​តូច​តាច និង​អំពើ​បាប​ដទៃ​ទៀត ដែល​អាច​រារាំង​យើង។

បើ​គ្មាន​ព្រះ​យេស៊ូវ​ទេ នោះ​យើង​មិន​អាច​ធ្វើ​ដំណើរ​ដោយ​បន្ទុក​ស្រាល ហើយ​រត់​ប្រណាំង​បាន​ល្អ​ឡើយ។ ចូរ​យើង ​រំពឹង​មើល​ដល់ “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង” ដើម្បី​កុំ​ឲ្យ​យើង “នឿយ​ហត់ និង​រសាយ​ចិត្ត​ឡើយ”(ខ.២-៣)។—Katara Patton

តើ​អ្នក​ដឹង​ថា មាន​បន្ទុក​អ្វី​ខ្លះ ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ធ្វើ​ដំណើរ ខាង​វិញ្ញាណ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​អត់​ទ្រាំ និង​រួច​ផុត​ពី​បន្ទុក​ដែល​ចង​រឹត​អ្នក?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​​ប្រទាន​ការ​រត់​ប្រណាំង នៅ​មុខ​ទូល​បង្គំ។ សូម​ព្រះ​អង្គ​ប្រទាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ជៀស​ចេញ​ពី​អំពើ​បាប ដែល​ព្យាយាម​ចង​រឹត​ទូល​បង្គំ និង​រារាំង​ទូល​បង្គំ មិន​ឲ្យ​រត់​បាន​ល្អ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៧-៣៩ និង​ កិច្ចការ ២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles