នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ។ វិវរណៈ ៨:៤
លោកបណ្ឌិត ហ្គែរី គ្រីនបឺក(Dr. Gary Greenberg) បានយកដីខ្សាច់ពីឆ្នេរសមុទ្រនាៗ នៅទូទាំងពិភពលោក មកពង្រីកមើល ហើយថតរូបដែលបានពង្រីកនោះ ដោយជាញឹកញាប់ គាត់បានបង្ហាញឲ្យគេឃើញពណ៌ដ៏ស្រស់ស្អាត ចេញពីកំទេចរ៉ែ សម្បកខ្យង និងបំណែកតូចល្អិតនៃផ្កាថ្ម ដែលមាននៅក្នុងដ៏ខ្សាច់។
គាត់បានរកឃើញថា នៅក្នុងដីខ្សាច់មានធាតុផ្សំជាច្រើន លើសពីអ្វីដែលអាចមើលឃើញដោយភ្នែកទទេ។ នៅក្នុងការសិក្សាអំពីដីខ្សាច់ ការវិភាគ អំពីធាតុផ្សំនៅក្នុងដីខ្សាច់ ដោយប្រើមីក្រូទស្សន៍ អាចបង្ហាញឲ្យគេដឹង អំពីភាពសឹករេចរឹលនៅតំបន់ឆ្នេរ ចរន្តរបស់ទឹកសមុទ្រ និងផលប៉ះពាល់ដែលពួកវាអាចមានមកលើតំបន់ឆ្នេរ។ សូម្បីតែគ្រាប់ខ្សាច់មួយគ្រាប់ អាចផ្តល់នូវការយល់ដឹង ដែលមានតម្លៃយ៉ាងខ្លាំង!
ការអធិស្ឋានមួយដង ប្រៀបដូចជាគ្រាប់ខ្សាច់មួយគ្រាប់ ដែលមានតម្លៃយ៉ាងខ្លាំង។ ព្រះគម្ពីរក៏បានចែងអំពីតួនាទីដ៏មានអំណាចរបស់ការអធិស្ឋាន នៅក្នុងការមកដល់នៃនគរព្រះ។ ក្នុងបទគម្ពីរ វិវរណៈ ជំពូក៨ សាវ័កយ៉ូហានបានឃើញទេវតាឈរ នៅក្បែរអសនា នៅពីមុខបល្ល័ង្កព្រះអង្គ ដោយកាន់ពានមាសមួយ ដែលផ្ទុកទៅដោយ “សេចក្តីអធិស្ឋានរបស់រាស្រ្តទាំងអស់របស់ព្រះ”។ បន្ទាប់មក “រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ និងកក្រើកដី”(ខ.៣,៥)។
បន្ទាប់ពីទេវតាបានបោះពានមាសដែលផ្ទុកទៅដោយសេចក្តីអធិស្ឋាន និងភ្លើងនៅខាងក្នុង ភ្លាមៗនោះ ទេវតា៧អង្គ កាន់ត្រែ៧ ក៏រៀបនឹងផ្លុំឡើង(ខ.៦) ដើម្បីប្រកាស់អំពីថ្ងៃចុងក្រោយនៃផែនដីចាស់ និងអំពីការយាងមកវិញរបស់ព្រះគ្រីស្ទ។
ជួនកាល យើងប្រហែលមានអារម្មណ៍ថា ការអធិស្ឋានរបស់យើងមិនសូវមានតម្លៃ ឬមានប្រយោជន៍ទេ ប៉ុន្តែ ព្រះទ្រង់មិនដែលមើលរំលងសេចក្តីអធិស្ឋានណាមួយឡើយ។ ព្រះអង្គឲ្យតម្លៃសេចក្តីអធិស្ឋាននីមួយៗណាស់ បានជាការអធិស្ឋានមានតួនាទីដ៏សំខាន់ នៅក្នុងការយាងមកនៃនគរព្រះអង្គ។ ការអធិស្ឋានដែលហាក់ដូចជាតូចតាចសម្រាប់យើង អាចមានតម្លៃយ៉ាងខ្លាំងចំពោះព្រះអង្គ!—James Banks
ហេតុអ្វីអ្នកគិតថា ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងអធិស្ឋាន សូមនគរព្រះមកដល់(ម៉ាថាយ ៦:១០)? តើអ្នកអាចបន្តមានភាពស្មោះត្រង់ ក្នុងការអធិស្ឋានដូចម្តេចខ្លះ នៅថ្ងៃនេះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យតម្លៃមកលើការអធិស្ឋានទូលបង្គំយ៉ាងខ្លាំង! សូមព្រះអង្គជួយទូលបង្គំឲ្យត្រៀមខ្លួនជាសម្រេច សម្រាប់នគរព្រះអង្គ ដោយអធិស្ឋានយ៉ាងស្មោះត្រង់ នៅថ្ងៃនេះ។
To learn more about the act of prayer, visit ODBU.org/SF120.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦៣-៦៥ និង រ៉ូម ៦