ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២
បន្ទាប់ពីខ្ញុំបានរៀបការជាមួយមើរីន(Merryn) បាន២២ឆ្នាំ ជួនកាល ខ្ញុំឆ្ងល់ថា តើជីវិតអពាហ៍ពិពាហ៍របស់យើង អាចដំណើរការទៅបាន ដោយរបៀបណា? ខ្ញុំជាអ្នកនិពន្ធ មើរីនជាអ្នកធ្វើស្ថិតិ។ ខ្ញុំធ្វើការជាមួយអក្សរ នាងធ្វើការជាមួយលេខ។ ខ្ញុំចង់បានភាពស្រស់ស្អាត នាងចង់បានដំណើរការ។ ដូចនេះ យើងហាក់ដូចជាមកពីពិភពពីរផ្សេងគ្នាអញ្ចឹង។
ពេលមានការណាត់ជួប មើលីនតែងតែទៅដល់មុនម៉ោង តែជួនកាល ខ្ញុំមានភាពយឺតយ៉ាវ។ ខ្ញុំចូលចិត្តសាកល្បងមុខម្ហូបថ្មីៗ ដែលមានក្នុងមីនុយ តែនាងចូលចិត្តកុម្មង់មុខម្ហូបដដែល។ បន្ទាប់ពីយើងបានទៅដល់វិចិត្រសាលប្រហែល២០នាទី ខ្ញុំទើបតែចាប់ផ្តើមដើរមើលផ្ទាំងគំនូរ ខណៈពេលដែលមើរីនបានដើរមើលចប់មុនខ្ញុំ ហើយបានទៅអង្គុយរង់ចាំខ្ញុំនៅកន្លែងញាំកាហ្វេ នៅជាន់ក្រោម ដោយមិនដឹងថា ខ្ញុំនឹងចំណាយពេលយូរប៉ុណ្ណាទៀតទេ។ យើងបានផ្តល់ឱកាសជាច្រើន ដល់គ្នាទៅវិញទៅមក ឲ្យរៀនអត់ធ្មត់។
យើងក៏មានចំណុចដែលដូចគ្នាផងដែរ ដូចជា ការចូលចិត្តប្រភេទនៃភាពកំប្លែងដូចគ្នា ការចូលចិត្តធ្វើដំណើរកម្សាន្ត និងមានជំនឿលើព្រះដូចគ្នា ដែលបានជួយឲ្យយើងអធិស្ឋាន នៅពេលដែលយើងមានជម្រើសផ្សេងគ្នា ហើយត្រូវធ្វើការលះបង់ តាមដែលចាំបាច់។ ដោយសារចំណុចដូចគ្នាទាំងនេះ ចំណុចខុសគ្នារបស់យើងថែមទំាងមានប្រយោជន៍ចំពោះទំនាក់ទំនងរបស់យើងទៀតផង។ មើលរីនបានជួយឲ្យខ្ញុំរៀនបន្ធូរអារម្មណ៍ ខណៈពេលដែលខ្ញុំជួយនាង ឲ្យចម្រើនឡើង ក្នុងការលត់ដំ ខាងវិញ្ញាណ។ ការសម្របខ្លួននឹងចំណុចខុសគ្នាដែលយើងមាន បានធ្វើឲ្យយើងក្លាយជាមនុស្សដែលល្អប្រសើរជាងមុន។
សាវ័កប៉ុលបាននិយាយ អំពីទំនាក់ទំនងប្តីប្រពន្ធ ដើម្បីបង្រៀនពួកជំនុំ(អេភេសូរ ៥:២១-៣៣) តែក៏បានបង្រៀន អំពីទំនាក់ទំនងក្នុងពួកជំនុំផងដែរ។ ពួកជំនុំមានមនុស្សដែលមានលក្ខណៈខុសគ្នា ដែលចាំបាច់ត្រូវរៀនបន្ទាបខ្លួន និងមានចិត្តអត់ធ្មត់ និង “ទ្រំាទ្រនឹងគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់”(៤:២) គឺមិនខុសពីទំនាក់ទំនងក្នុងគ្រួសារឡើយ។ ហើយការមានជំនឿតែមួយ និងការបម្រើគ្នាទៅវិញទៅមក ជួយឲ្យពួកជំនុំមានការរួបរួម និងពេញវ័យខាងវិញ្ញាណ(ខ.១១-១៣)។
ចំណុចខុសគ្នា ក្នុងទំនាក់ទំនងអាចបណ្តាលឲ្យយើងមានចិត្តនឿយណាយ ក្នុងពួកជំនុំ ក៏ដូចជាក្នុងទំនាក់ទំនងប្តីប្រពន្ធ។ តែបើយើងគ្រប់គ្រងចំណុចខុសគ្នានោះបានល្អ យើងអាចប្រើចំណុចខុសគ្នាទាំងនោះ ជាប្រយោជន៍ ជួយឲ្យយើងកាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ។—Sheridan Voysey
ចូរគិតអំពីប្តីប្រពន្ធរបស់អ្នក ឬមិត្តជិតស្និទ្ធម្នាក់។ តើចំណុចខុសគ្នារវាងអ្នក និងគាត់ បានជួយឲ្យអ្នកទាំងពីរលូតលាស់ដូចម្តេចខ្លះ? ឥឡូវនេះ ចូរគិតអំពីពួកជំនុំរបស់អ្នក។ តើចំណុចខុសគ្នារវាងសមាជិកនីមួយៗ បានជួយឲ្យអ្នកកាន់តែមានការគោរពប្រតិបត្តិព្រះ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រើចំណុចខុសគ្នា រវាងទូលបង្គំ និងបងប្អូនរួមជំនឿដទៃទៀត ដើម្បីជួយយើងខ្ញុំឲ្យមានភាពពេញវ័យខាងវិញ្ញាណ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩១-៩៣ និង រ៉ូម ១៥:១-១៣