ត្រូវឲ្យឯងប្រាប់ពីការទាំងនោះដល់កូនចៅឯងឲ្យដឹងតរៀងទៅវិញ។ ចោទិយកថា ៤:៩
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ជីដូនជីតាជាច្រើនមិនអាចជួបចៅៗរបស់ខ្លួន ដោយផ្ទាល់ ដោយសារខ្លាចឆ្លងជំងឺនេះ ដូចនេះ ពួកគេក៏បានស្វែងរកមធ្យោបាយថ្មីៗ ដើម្បីទំនាក់ទំនងគ្នា។ ការស្ទង់មតិ នៅពេលថ្មីៗនេះបានបង្ហាញថា ជីដូនជីតាជាច្រើនបានរៀនផ្ញើសារ និងប្រើបណ្តាញសង្គម ជាមធ្យោបាយ ដើម្បីរក្សាចំណងទាក់ទងដ៏មានតម្លៃ ជាមួយចៅៗរបស់ខ្លួន។ ពួកគេខ្លះថែមទាំងថ្វាយបង្គំព្រះ ជាមួយក្រុមគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធហ្ស៊ូមជាដើម។
វិធីមួយ ក្នុងចំណោមវិធីប្រសើរបំផុត ដើម្បីឪពុកម្តាយ និងជីដូចជីតាអាចជិះឥទ្ធិពលមកលើកូនចៅរបស់ខ្លួន គឺត្រូវនាំពួកគេឲ្យស្គាល់សេចក្តីពិតក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៤ លោកម៉ូសេបានបង្គាប់រាស្រ្តរបស់ព្រះ “កុំឲ្យភ្លេចអស់ទាំងការ ដែលភ្នែកពួកគេបានឃើញ ឬ ការទាំងនោះបានឃ្លាតចេញពីចិត្តពួកគេទៅឡើយ(ខ.៩)។ គាត់ក៏បានប្រាប់ពួកគេ ឲ្យបង្រៀនសេចក្តីទាំងនោះ ដល់កូនចៅខ្លួន ដើម្បីឲ្យពួកគេរៀន “កោតខ្លាចព្រះអង្គ”(ខ.១០) ហើយរស់នៅ តាមសេចក្តីពិតរបស់ព្រះអង្គ នៅក្នុងទឹកដី ដែលព្រះអង្គនឹងប្រទានពួកគេ។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអរសប្បាយ នឹងទំនាក់ទំនងដែលទ្រង់ប្រទានឲ្យយើងមាន ជាមួយក្រុមគ្រួសារ និងមិត្តភក្តិយើង។ ព្រះអង្គក៏សព្វព្រះទ័យឲ្យយើងប្រើទំនាក់ទំនងនោះ ដើម្បីចែកចាយប្រាជ្ញារបស់ព្រះអង្គ ពីជំនាន់មួយ ទៅជំនាន់មួយទៀត ដោយបង្ហាត់ខាងឯសេចក្តីសុចរិត និងដើម្បីឲ្យមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ ពេលណាយើងចែកចាយអំពីសេចក្តីពិតរបស់ព្រះ និងកិច្ចការដែលព្រះអង្គបានធ្វើក្នុងជីវិតយើង ដល់មនុស្សជំនាន់ក្រោយ ទោះដោយការផ្ញើសារ ទូរស័ព្ទ ឬជួបតាមបណ្តាញសង្គម ឬមួយជួបដោយផ្ទាល់ក្តី ចូរយើងបង្រៀនពួកគេ ឲ្យអាចមើលឃើញ និងអរសប្បាយនឹងកិច្ចការដែលព្រះអង្គធ្វើក្នុងជីវិតពួកគេផងដែរ។—Kirsten Holmberg
តើមាននរណាខ្លះ ដែលបានចែកចាយសេចក្តីពិតរបស់ព្រះ ដល់អ្នក? តើអ្នកអាចចែកចាយអំពីសេចក្តីពិត និងកិច្ចការដែលព្រះអង្គធ្វើក្នុងជីវិតអ្នក ដល់នរណាខ្លះ ទោះជាតាមការផ្ញើសារ តាមសំបុត្រ ឬការជួបផ្ទាល់ក្តី?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណ សម្រាប់មរតកនៃសេចក្តីជំនឿ ដែលព្រះអង្គបានប្រទានមកទូលបង្គំ តាមរយៈព្រះគម្ពីរ និងអ្នកដែលបានចែកចាយដល់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យចែកចាយមរតកនោះ ដល់អ្នកដទៃ ដោយក្តីស្រឡាញ់ផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១០-១១២ និង១កូរិនថូស ៥