ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។ ២កូរិនថូស ៥:៧
សត្វឈ្លូសអ៊ីមផាឡា ស្ថិតក្នុងអំបូរឈ្លូស ដែលអាចលោតបានកម្ពស់៣ម៉ែត្រ និងចម្ងាយ៩ម៉ែត្រ។ នេះជាសមត្ថភាពដែលមិនគួរឲ្យជឿ ហើយក៏មានសារៈសំខាន់ចំពោះការរស់រានរបស់ពួកវា ក្នុងតំបន់ព្រៃនៅទ្វីបអាហ្វ្រិក។ តែនៅក្នុងសួនសត្វជាច្រើន ដែលគេចិញ្ចឹមសត្វឈ្លូសអ៊ីមផាឡា អ្នកនឹងឃើញគេបានដាក់ពួកវាក្នុងបរិវេណដែលមានរបងកម្ពស់តែ១ម៉ែត្រប៉ុណ្ណោះ។ តើធ្វើដូចម្តេចឲ្យរបងដែលទាបៗដូចនេះ អាចការពារសត្វដែលពូកែលោតនេះ មិនឲ្យចេញទៅខាងក្រៅ? គេអាចធ្វើដូចនេះបាន ដោយសារសត្វឈ្លូសអ៊ីផាឡាមិនព្រមផ្លោះរបងសោះឡើយ ទាល់តែពួកវាអាចមើលឃើញកន្លែងដែលវាអាចលោតទៅដល់។ របងនោះអាចរារាំងពួកវាមិនឲ្យចេញពីបរិវេណនោះបាន ព្រោះរបងនោះបានបាំងមិនឲ្យពួកវាមើលឃើញ ដីដែលនៅខាងក្រៅបរិវេណ។
ក្នុងនាមយើងជាមនុស្ស យើងក៏មិនខុសពីសត្វឈ្លូសអ៊ីមផាឡាឡើយ។ យើងក៏ចង់ដឹងអំពីលទ្ធផលនៃរឿងដែលយើងចង់ធ្វើ មុននឹងយើងចាប់ផ្តើមធ្វើវា។ ទោះជាយ៉ាងណាក៏ដោយ ការស់នៅដោយជំនឿកម្រនឹងមានដំណើរការដូចនេះណាស់។ កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងកូរិនថូស គាត់បានរំឭកពួកគេថា “យើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ”(២កូរិនថូស ៥:៧)។
ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋានថា “សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ “(ម៉ាថាយ ៦:១០)។ តែមិនមែនមានន័យថា យើងនឹងដឹងលទ្ធផលជាមុននោះទេ។ ការរស់នៅដោយជំនឿ គឺមានន័យថា យើងជឿជាក់លើបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ ពេលណាបំណងព្រះទ័យព្រះអង្គមានភាពអាថ៌កំបាំង។
ក្នុងពេលដែលជីវិតមានភាពមិនច្បាស់លាស់ យើងអាចមានការជឿទុកចិត្តចំពោះសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ទោះជីវិតយើងមានរឿងអ្វីក៏ដោយ ចូរយើងសង្វាតឲ្យបានគាប់ព្រះទ័យព្រះអង្គ (២កូរិនថូស ៥:៩)។—Bill Crowder
តើក្នុងផ្នែកណាខ្លះនៃជីវិតអ្នក ដែលពិបាកមើលឃើញជំហានបន្ទាប់? ចូរទូលសូមព្រះទ្រង់ជួយអ្នក ទុកចិត្តព្រះអង្គ ខណៈពេលដែលអ្នកបោះជំហានទៅមុខ ក្នុងព្រះគុណព្រះអង្គ។
ឱព្រះវរបិតា ទូលបង្គំមានភាពមិនច្បាស់លាស់ និងការភ័យខ្លាចញឹកញាប់ណាស់ ដែលធ្វើឲ្យទូលបង្គំរកធ្វើអ្វីមិនកើត។ សូមព្រះអង្គដឹកនាំជំហានទូលបង្គំ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំបោះជំហានទៅមុខ ដោយទុកចិត្តព្រះអង្គ។
For further study, read When Fear Seems Overwhelming: Finding Courage and Hope at DiscoverySeries.org/CB031.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៦-១១៨ និង ១កូរិនថូស ៧:១-១៩