អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត។ ម៉ាថាយ ៧:១៦
នៅសហរដ្ឋអាមេរិក កម្មវិធី “ប្រាប់ការពិត” ជាកម្មវិធីទូរទស្សន៍មួយ ដែលក្នុងនោះ គេតម្រូវឲ្យអ្នកមានឈ្មោះល្បី៤នាក់ សួរសំណួរទៅកាន់មនុស្សបីនាក់ ដែលសុទ្ធតែបានអះអាងថា ខ្លួនជាបុគ្គលតែមួយ។ ជាការពិតណាស់ ក្នុងចំណោមអ្នកទាំង៣នោះ មានពីរនាក់ជាមនុស្សក្លែងខ្លួន តែអ្នកទាំងបួនត្រូវមើលឲ្យដឹងថា នរណាជាមនុស្សពិត។ ក្នុងវគ្គមួយនោះ អ្នកទាំងបួនបានព្យាយាមទាយថា នរណាជាលោក “ចននី ម៉ាក(Johnny Marks)” ដែលជាអ្នកនិពន្ធទំនុកច្រៀងរបស់បទ “សត្វក្តាន់ច្រមុះក្រហម ឈ្មោះរូដូហ្វ”។ ពួកគេមានការពិបាកយ៉ាងខ្លាំងនៅក្នុងការមើលឲ្យដឹងថា នរណាជានរណា សូម្បីតែនៅពេលពួកគេបានសួរសំណួរល្អៗហើយក៏ដោយ។ អ្នកក្លែងខ្លួនទាំងនោះ បានបន្លំការពិតឲ្យគេយល់ច្រឡំថា ខ្លួនជាលោកចននី ម៉ាក តែក្នុងគោលបំណងដើម្បីបង្កើតការកម្សាន្តសប្បាយ ក្នុងកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ការមើលឲ្យដឹងថា “នរណាជាគ្រូខុសឆ្គង” គឺមានភាពខុសប្លែកយ៉ាងខ្លាំងពីកម្មវិធីទូរទស្សន៍នេះ។ វាក៏អាចមានការពិបាកដូចគ្នា តែសំខាន់ជាងកម្មវិធីទូរទស្សន៍នោះ។ ជាញឹកញាប់ “សត្វឆ្កែចចកដ៏សាហាវ” ច្រើនតែចូលមករកយើង “ដោយពាក់រោមចៀម”បន្លំខ្លួន ហើយព្រះយេស៊ូវក៏បានដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្ន(ម៉ាថាយ ៧:១៥)។ ការមានភ្នែកល្អ គឺជាវិធីល្អបំផុតដើម្បីឲ្យយើងស្គាល់គ្រូខុសឆ្គងទាំងនោះ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា “អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត”(ខ.១៦-២០)។
ព្រះគម្ពីរបានផ្តល់ជំនួយ ឲ្យយើងអាចមើលឃើញផលផ្លៃល្អ និងផលផ្លែអាក្រក់។ ផលផ្លែល្អគឺមានដូចជា “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(កាឡាទី ៥:២២-២៣)។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះឆ្កែចចកពូកែបោកបញ្ឆោតណាស់។ តែក្នុងនាមយើងជាអ្នកជឿ ដែលមានព្រះវិញ្ញាណបរិសុទ្ធគង់សណ្ឋិតនៅ យើងពឹងអាងព្រះដែលជាអ្នកគង្វាលដ៏ល្អ ដែលមានពេញដោយ “ព្រះគុណ និងសេចក្តីពិត”(យ៉ូហាន ១:១៤)។—JOHN BLASÉ
តើអ្នកបានជួបឆ្កែចចក ដែលពាក់រោមចៀម នៅពេលណា? ពេលដែលអ្នក “មើលផលផ្លែ” របស់ពួកគេ តើអ្នកអាចសម្គាល់ថា ពួកគេជាគ្រូខុសឆ្គងដែរឬទេ?
ឱព្រះដែលជាអ្នកគង្វាលដ៏ធំប្រសើរ សូមព្រះអង្គប្រទានយើងខ្ញុំ ឲ្យមានភ្នែក និងត្រចៀក ដើម្បីមើល និងស្តាប់ ឲ្យស្គាល់ផលផ្លែរបស់គ្រូខុសឆ្គងដែលកំពុងចូលបន្លំខ្លួន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១១-១៣ និង អេភេសូរ ៤